rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា បោះឆ្នោត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រោយ​​ឈ្នះ​ការ​​​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ បក្ស​​កាន់​​អំណាច​​សង្ឃឹម​​ថា​សមាជិក​​ខ្លួន​​នឹង​​បម្រើ​​ប្រជាជន​​អស់​​ពី​​កម្លាំង​​កាយ​ចិត្ត​

media
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ REUTERS/Samrang Pring

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប)​ នៅ​ថ្ងៃ​សៅរ៍​នេះ ​បាន​បង្ហាញ​នូវ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៣​។ ​នៅ​អាណតិ្ត​នេះ ​មាន​តែ​គណបក្ស​នយោបាយ​៣​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​បាន​ទទួល​អាសនៈ​ក្រុមប្រឹក្សា ​ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ច្រើន​ជាងគេ​លើសលប់​រហូត​ដល់​ទៅ​ ៣.៤៨៤​ អាសនៈ​ ក្នុង​ចំណោម​អាសនៈ​សរុប​ ៣.៥៥៥ ​អាសនៈ​។ ​តាម​រយៈ​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោតនេះ គណបក្ស​កាន់​អំណាច​បាន​បង្ហាញ​ក្តី​ជឿជាក់​ថា ​សមាជិក​របស់​ខ្លួន​ដែល​នឹង​ចូល​កាន់តំណែង​នៅ​ពេល​ខាង​មុខ​ នឹង​រួមសាមគ្គីគ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​យក​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត ​និង​ប្រាជ្ញា​ស្មារតី​ ដើម្បី​បម្រើ​ប្រជាជន​។


លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី៣ ​ចំនួន​៣​ពាន់​៤រយ​៨៤​អាសនៈ ​ដែល​ជា​ចំនួន​ច្រើន​លើស​លប់​។ ​ចំណែក​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ​វិញ ​ទទួល​បាន​អាសនៈ​ត្រឹម​តែ ​៣៨​អាសនៈ ​ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម ​រណឫទ្ធិ​ទទួល​បាន​អាសនៈ​តែ​ ៣៣​អាសនៈ​ ប៉ុណ្ណោះ​។

ភ្លាម​ៗ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​គាំទ្រ ​និង ​ទទួល​យក​នូវ​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​។ គណបក្ស​កាន់អំណាច​បាន​គូសបញ្ជាក់​ថា ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ​ខេត្ត ​ ក្រុង ​ស្រុក ​ខណ្ឌ ​អាណត្តិ​ទី ​៣ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ ​និង​យុត្តិធម៌​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រម​ទាំង​បទ​បញ្ជា ​និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​។ សម្រាប់​គណបក្ស​កាន់អំណាច ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​សមាជិក​ សមាជិកា​នៃ​ក្រុមប្រឹក្សាឃុំ​ សង្កាត់​ក្នុង​ការ​គាំទ្រ ​និង​ការ​ផ្តល់​ជំនឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ជា​បន្ត​ទៀត​។

ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ខ្មែររួបរួម​ជាតិ​ និង​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​គណបក្ស​៤​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​សាធារណរដ្ឋ ​គណបក្ស​យុវជនកម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​បាន​ជាប់​អាសនៈ​ក្រុមប្រឹក្សា​សូម្បី​តែ​១​អាសនៈ​ឡើយ​។ ​បើទោះជា​បែបនេះ​ក្តី ​ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​ លោក​គង់ មុនីកា ​មិន​បាន​ភ្ញាក់ផ្អើល ​ឬ​អាក់អន់​ចិត្ត​អ្វី​ទេ ​ព្រោះ​ថា​លោក​បាន​ដឹង​ពីលទ្ធផល​ជា​មុន​រួច​ទៅ​ហើយ​។

យ៉ាង​ណា​ក៏​ដោយ លោក​គង់ មុនីកា ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះអាសនៈ​ច្រើន​បែប​នេះ​។ ​សម្រាប់​លោក​គង់ មុនីកា ​ការ​ឈ្នះ​អាសនៈ​របស់​បក្ស​កាន់អំណាច​នេះ​ គឺប្រៀប​បាន​ទៅ​នឹង​ការ​ដាក់​មនុស្ស​ដដែល​ឱ្យ​បន្ត​ធ្វើ​ការងារ​ដដែល ​ហើយ​លទ្ធផល​ការងារ​ក៏​នៅតែ​​ដដែល ​មិន​មាន​ការ​រីកចម្រើន​ជា​ដុំកំភួន​អ្វី​ឡើយ​។

បើ​ទោះបី​មាន​ការ​លើកឡើង​បែបនេះ ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មាន​ទំនុកចិត្ត​លើ​សមាជិក​របស់​ខ្លួន​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​។ ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃសៅរ៍​នេះ​ គណបក្ស​កាន់អំណាច​បាន​បង្ហាញ​ក្តី​ជឿជាក់​ថា​ សមាជិក​របស់​ខ្លួន​ដែល​នឹង​ចូល​កាន់​តំណែង​នៅ​ពេល​ខាងមុខ​នេះ ​នឹង​រួម​សាមគ្គី​គ្នា​យ៉ាង​ជិត​ស្និទ្ធ ​ហើយ​យក​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត ​និង​ប្រាជ្ញា​ស្មារតី​ ដើម្បី​បម្រើ​ប្រជាជន​៕