អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​៖ ​ការ​ប្រកាស​​ចូល​​ស្រុក​​របស់​លោក​​សម រង្ស៊ី ​គ្រាន់​តែ​​ជា​​សង្គ្រាម​ចិត្ត​សាស្ត្រ​

ក្តី​សង្ស័យ​ពី​ភាពមិនច្បាស់លាស់​នៃ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី ទំនងជា​អាច​បិទ​បញ្ចប់​បាន​នៅពេល​នេះហើយ។ កាលពី​ល្ងាច​មិញ​នេះ លោកស្រី មួរ សុខ​ហូរ បាន​ចេញមុខ​ប្រកាស​ជា​ផ្លូវការ​តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា លោក​សម រង្ស៊ី និង ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ខែសីហា ឬ​មិនឱ្យ​យូរ​ដល់​ខែកញ្ញា​ឡើយ។ ប៉ុន្តែ​ការប្រកាស​នេះ ត្រូវបាន​អ្នកវិភាគ និង អ្នកជំនាញ​សិទ្ធិមនុស្ស​ចាត់ទុកថា ជា​សង្គ្រាមចិត្តសាស្ត្រ ចង់បាន​ការតបត​ពី​គណបក្សកាន់អំណាច​តែប៉ុណ្ណោះ។

លោក​សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​
លោក​សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​ @ Mu Sochau
ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត មាស នី អ្នកសិក្សា​ស្រាវជ្រាវ ដើម្បី​ការអភិវឌ្ឍ​សង្គម បាន​លើកឡើងថា ការប្រកាស​វិល​ចូល​ស្រុក​វិញ​របស់លោក​សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​រឿង​ថ្មី​នោះទេ តែ​វា​គឺជា​ការវិវត្ត​នៃ​សង្គ្រាមចិត្តសាស្ត្រ។ សង្គ្រាមចិត្តសាស្ត្រ ដែល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​រៀបចំឡើង ដើម្បី​ស្វែងរក​ប្រតិកម្ម​តបត​ពី​គណបក្សកាន់អំណាច។

សម្រាប់​លោក​បណ្ឌិត មាស នី ប្រតិកម្ម​ដែល​អតីត​បក្សប្រឆាំង​រំពឹងទុក​នោះ គឺ​គណបក្សកាន់អំណាច​នឹង​ធ្វើ​សកម្មភាព​គាបសង្កត់​ទៅលើ​សកម្មជន​អតីត​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​ឆ្លើយតប​ទៅនឹង​ដំណឹង​មាតុភូមិនិវត្តន៍​នេះ។ ត្រង់ចំណុច​នេះ លោក​បណ្ឌិត​មាស នី សង្កត់ធ្ងន់ថា នៅពេលដែល​គណបក្សកាន់អំណាច​ធ្វើការ​គាប​បង្ក​ត់​លើ​សកម្មជន​អតីត​បក្សប្រឆាំង​នោះ វា​នឹង​ជះឥទ្ធិពល​បន្ថែមទៀត​ទៅ​លើ​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប និង GSP របស់​អាមេរិក​ដែលជា​ការ​រុញ​ផល​ដល់​អតីត​បក្សប្រឆាំង។

ចំណែក លោក​សួន ប៊ុន​ស័ក្តិ អ្នកឯកទេស​ខាង​សិទ្ធិមនុស្ស​កម្ពុជា​វិញ លោក​ក៏​យល់ឃើញ​ដូច​លោក​បណ្ឌិត​មាស នី​ដែរ ដែលថា នេះ​គឺជា​សង្គ្រាមចិត្តសាស្ត្រ​រប​ស់​អតីត​បក្សប្រឆាំង។ ប៉ុន្តែ​ជាមួយគ្នានេះ លោក​ក៏បាន​បន្ថែមថា ការប្រកាស​ម្តង​ជា​ពីរដង​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​ស្វែងរក​ផ្លូវ​ចរចា​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ត្រួស​ត្រាយផ្លូវ​ចូលមក​ប្រទេស​កម្ពុជា​វិញ​ដោយ​ស្របច្បាប់។

ប៉ុន្តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​យល់ឃើញ​ដូច្នេះ​នោះទេ។ ផ្ទុយទៅវិញ លោក​គិតថា នេះ​គឺជា​គ្រាន់តែ​ជា​ល្បិចកល ដើម្បី​បន្ត​ប្រមូល​ថវិកា​បន្ថែម​ពី​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ ព្រោះ​ការប្រកាស​ចូល​ស្រុក​វិញ​នេះ​មិន​ដែលជា​ការពិត​ម្តងណា​ឡើយ។ បន្ថែម​លើ​នេះ លោក​សុខ ឥសាន ក៏បាន​សង្កត់ធ្ងន់​ជាថ្មី​ថា គ្មាន​ឡើយ​ការចរចា​នយោបាយ​ជាមួយ​លោក​សម រង្ស៊ី ព្រោះ​លោក​ហ៊ុន សែន លែង​ចាប់អារម្មណ៍ និង លែង​ឆ្លងឆ្លើយ​ជាមួយ​លោក​សម រង្ស៊ី​ទៀតហើយ។

បើទោះជា​យ៉ាងណាក៏ដោយ ម្តងនេះ លោកស្រី​មួរ សុខ​ហួរ ដែលជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គូសបញ្ជាក់​ម្តង​ជា​ពីរដង​ថា ការចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​នៅក្នុង​ខែសីហា ឬ​មិន​ហួស​ដល់​ខែកញ្ញា​ខាងមុខនេះ គឺជា​ដំណឹង​ពិតប្រាកដ ដែលជា​ការសម្រេច​រប​ស់​គណៈកម្មការ​រៀបចំ​មាតុភូមិ​និវត្ត៍​របស់លោក​សម រង្ស៊ី​មកកាន់​ប្រទេស​កម្ពុជា។ លោកស្រី​អះអាងថា នៅ​ខែសីហា​ខាងមុខនេះ គឺ​ដល់​ពេលវេលា​ដែល​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​ត្រូវ​វិល​ចូល​ស្រុក​តាម​ការសន្យា​ហើយ ព្រោះ​មិនអាច​បន្ត​ការតស៊ូ​មតិ​នៅក្រៅ​ប្រទេស​បាន​ទៀតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ