rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាដហុក​ស្នើ​ឱ្យ​​ក្រសួង​មហាផ្ទៃ​​ចាត់វិធានការ​​​​លើ​​សមត្ថកិច្ច​​ដែល​​ធ្វើ​​សកម្មភាព​​រឹត​ត្បិត​​ដល់​​ការ​ជួប​ជុំ​

media
អាដហុក​ស្នើ​ឱ្យ​​ក្រសួង​មហាផ្ទៃ​​ចាត់វិធានការ​​​​លើ​​សមត្ថកិច្ច​​ដែល​​ធ្វើ​​សកម្មភាព​​រឹត​ត្បិត​​ដល់​​ការ​ជួប​ជុំ​ @Facebook

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញមក​ស្នើឱ្យ​ក្រសួងមហាផ្ទៃ​កម្ពុ​ជាមាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន​ដែល​សមាគម​នេះ​ចោទថា បានធ្វើ​សកម្មភាព​រឹតត្បិត​ដល់​ការជួបជុំ​របស់​អង្គការ-សមាគម។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​នៅ​រសៀល​ថ្ងៃទី៣១ ខែកក្កដា​នេះ។ ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បានស្នើ​តប​ទៅវិញ​ដោយ​ឱ្យ​សមាគម​អាដហុក​មាន​ភាពស្មោះត្រង់​ក្នុង​ការធ្វើសកម្មភាព​អ្វីមួយ។


តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបន្ត​រឹតត្បិត​សកម្មភាព​ជួបជុំ​របស់​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង សកម្មជន​នៃ​គណបក្សនយោបាយ​ពី​សំណាក់​កម្លាំង​ប៉ូលីស និង អាជ្ញាធរ​នៅតាម​មូលដ្ឋាន​មួយចំនួន។ ជាក់ស្តែង សមាគម​អាដហុក បានកត់សម្គាល់​ឃើញថា នៅក្នុង​រយៈពេល៦ខែ​ក្នុង​ឆ្នាំ២០១៩នេះ មាន​សកម្មភាព​រឹតត្បិត​សេរីភាព​ជួបជុំ​ចំនួន៧១ ករណី។ ក្នុងនោះ ការតាមដាន និង​ឃ្លាំមើល​មកលើ​សកម្មភាព​នៃ​ការជួបជុំ​របស់​សមាគម​អាដហុក​មាន៣០ករណី និង ៤១ករណី​ទៀត​កើត​លើ​សហគមន៍​មូលដ្ឋាន សកម្មជន​នៃ​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត។

បើតាម​សមាគម​អាដហុក សកម្មភាព​នៃ​ការ​រឹតត្បិត​ដល់​ការជួបជុំ​នេះ រួមមាន​ដូចជា មេឃុំ​ឫ​ចៅសង្កាត់​ទាមទារ​រក​លិខិតអនុញ្ញាត​ឱ្យមាន​ការជួប​ជុំ កម្លាំង​ប៉ូលីស​ចូល​ថត​សកម្មភាព​ក្នុងពេល​ជួបប្រជុំ ឫ​បាន​ស្រង់​ឈ្មោះ​ឫ​ថត​បញ្ជី​ឈ្មោះ​អ្នកចូលរួម។ លើសពីនេះទៅទៀត មាន​ការដាក់​កម្លាំង​ប៉ូលីស​ស្លៀកពាក់​ស៊ីវិល​ចូល​ស្ដាប់​ការប្រជុំ និង​ការចេញលិខិត​កោះហៅ​តំណាង​សហគមន៍​ទៅ​ជួប​ផ្ទាល់ ឫ​សាកសួរ​តាម​ទូរស័ព្ទ​នៅពេល​ពួកគេ​ត្រឡប់​ពី​ការជួបប្រជុំ​ជាមួយ​អង្គការ ឫ​សមាគមផ្សេង។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា បាន​អះអាងថា អាជ្ញាធរ​មិនដែល​ទៅធ្វើ​សកម្មភាព​រឹតត្បិត និង រារាំង​ដល់​សកម្មភាព​ជួបជុំ​របស់​សមាគម​អាដហុក និង​សង្គម​ស៊ីវិល​ដទៃទៀត​ឡើយ វៀរលែងតែ​ការជួប​ជុំណា​ដែលមាន​លក្ខណៈ​នយោបាយ។ លោក​បាន​គូសបញ្ជាក់ថា បើ​ចង់​ធ្វើការ​ជួបជុំ អង្គការ​សង្គម​ស៊ីវិល​ត្រូវ​ផ្តល់ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ដល់​អាជ្ញាធរ​ឱ្យបាន​ដឹងឮ។

ប៉ុន្តែ សម្រាប់​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក សកម្មភាព​របស់​អាជ្ញា​ធរ​នាពេល​កន្លងមក គឺ​ផ្ទុយ​នឹង​គោលជំហរ​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ការបើក​លំហរ​សេរីភាព​នៃ​ការជួបជុំ​របស់​អង្គការ​សង្គម​ស៊ីវិល។ មិនតែប៉ុណ្ណោះ វា គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ​ផងដែរ។ ហេតុ​ដូច្នេះហើយ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​អំពាវនាវ​ឱ្យ​ក្រសួងមហាផ្ទៃ​អន្តរាគមន៍ និង ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ជាក់ស្តែង​ចំពោះ​សមត្ថកិច្ច​ណា​ដែល​នៅតែ​បន្តសកម្មភាព​រឹតត្បិត និង គំរាមកំហែង​ដល់​ការជួបជុំ​របស់​អង្គការ សមាគម និង សហគមន៍​មូលដ្ឋាន។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​ខៀវ សុភ័គ បាន​ប្រាប់​ឱ្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​មាន​ភាពស្មោះត្រង់​នឹង​អាជ្ញាធរ​ក្នុងការ​ជួបប្រជុំ និង ធ្វើ​សកម្មភាព​ផ្សេងទៀត។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា អាដហុក​ត្រូវ​ស្មោះត្រង់​នឹង​គ្នា​ក្នុងការ​ថែរក្សា​សន្តិភាព និង ដើម្បី​ការអភិវឌ្ឍ​ប្រទេសជាតិ៕