អានតួអត្ថបទ
កម្ពុជា

តុលាការ​​ចោទ​ប្រកាន់​​ជនជាតិ​​ចិន​៣​នាក់​​ពី​បទ​​លាង​​លុយ​​ក្រោយ​​នាំ​​លុយ​​ជាង​៣លាន​​ដុ​លា្ល​រ​ម​ក​​កម្ពុជា​

តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បានសម្រេច​ចោទប្រកាន់​ជនជាតិ​ចិន៣នាក់​ពីបទ​លាង​លុយ បន្ទាប់ពី​ពួកគេ​បាន​នាំ​យកលុយ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ជាង៣លាន​ដុល្លារ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា។ អង្គការ​ស៊ីវិល​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ចំណាត់ការ​នេះ។ ប៉ុន្តែ​ជាមួយគ្នានេះ ក៏​ស្នើឱ្យ​សមត្ថកិច្ច​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​ផងដែរ។

តុលាការចោទប្រកាន់ជនជាតិចិន៣នាក់ពីបទលាងលុយក្រោយនាំលុយជាង៣លានដុលា្លរមកកម្ពុជា
តុលាការចោទប្រកាន់ជនជាតិចិន៣នាក់ពីបទលាងលុយក្រោយនាំលុយជាង៣លានដុលា្លរមកកម្ពុជា @FB
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​សាកសួរ​រួចរាល់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជន​ជាតិចិន៣នាក់​ពីបទ​លាង​សម្អាត​ប្រាក់ និង​ប្រឆាំង​ហិរញ្ញ​ទាន​តាម​មាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តី​ពីការប្រឆាំង​ការសម្អាត​ប្រាក់​និងហិរញ្ញប្បទានភេវរកម្ម។ ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ជនជាតិ​ទាំង៣នាក់ បាន​នាំ​យកលុយ​គ្មាន​ប្រភព​ច្បាស់លាស់​ចំនួន៣លាន៥២ម៉ឺន​ដុល្លារ​អាមេរិក(៣,៥២០​,០០០ដុល្លារ)ពី​ទីក្រុង​ហុងកុង​មក​ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី២៣ ខែមេសា​កន្លងទៅ។ បើតាម​របាយការណ៍រ​បស់​ប៉ូលីស ជនជាតិ​ចិន​ទាំងបី​នាក់នេះ សុទ្ធតែ​មិនមាន​មុខរបរ​ពិតប្រាកដ​នោះទេ។

ចំណាត់ការ​របស់​អាជ្ញា​ធរ​កម្ពុជា​នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជាបាន​ប្រកាស​គាំទ្រ។ ជាមួយការគាំទ្រ ក៏បានសម្តែងនូវការព្រួយបារម្ភផងដែរ។ លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​អះអាងថា ករណីនេះ គឺជា​សញ្ញា​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយសម្រាប់​ប្រទេស​កម្ពុជា​ទាក់ទង​ទៅ​នឹងវិសាលភាព និង​លទ្ធភាព​នៃ​ការលាង​លុយកក្វក់ ឬ​សម្អាត​ប្រាក់។ បើតាម​លោក​ព្រាប កុល ប្រសិនបើ​ជន​ល្មើ​ស​ហ៊ាន​យកលុយ​មក​រាប់លាន​ដុល្លា​តាម​យន្តហោះ​ដែលមាន​ការត្រួតពិនិត្យ​តឹងរ៉ឹង នោះអាជ្ញាធរ​កម្ពុជា​ត្រូវតែ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​នៅតាម​ច្រកព្រំដែន​ផ្លូវគោក និង​ផ្លូវទឹក ឬ​តាម​កំពង់ផែ។ សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ការសម្អាត​សាច់ប្រាក់​អាចមាន​ការពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ឧក្រិដ្ឋផ្សេងៗទៀត និង​អាច​គម្រាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​សន្តិសុខ​ក្នុង​តំបន់​ផងដែរ។

សូមបញ្ជាក់ថា ការចាប់ខ្លួន​ជនជាតិ​ចិន​ពាក់ព័ន្ធ​ករណី​លាង​សម្អាត​ប្រាក់​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទឧក្រិដ្ឋ​ឆ្លងដែន ជាពិសេស ការជួញដូរ​គ្រឿងញៀន និង​ការសម្អាត​ប្រាក់។ លោក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ និង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្ក្រាប​បទ​ល្មើស​នេះ​ឱ្យបាន​ម៉ឺងម៉ាត់​នៅតាម​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វា​ភាគី ច្រកទ្វារ​តំបន់​ព្រំដែន កំពង់ផែ​សមុទ្រ និង នៅតាម​ខ្សែបន្ទាត់​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ