rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក កឹម សុខា បដិសេធ​ការ​ចុះ​ផ្សាយ​ដែល​ថា​ លោក​ចង់​ឲ្យ​បក្ស​ទាំង​ពីរ​ជួប​ចរចា

media
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring

លោក កឹម សុខា នៅ​ថ្ងៃ​សៅរ៍​នេះ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គមហ្វេសបុក​បាន​បដិ​សេធ​ការ​ចុះ​ផ្សាយ​ដែល​ថា លោក​ចង់​ឲ្យ​គណបក្ស​នយោបាយ​ទាំងពីរ​ជួប​ចរចា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។ ចំណែក​មេធាវី លោក កឹម សុខា លើក​ឡើង​ថា ការ​​ចុះ​ផ្សាយ​នោះ​អាច​មាន​ការ​បក​ស្រាយ​ខុស​នឹង​ន័យ​ដើម។


ការ​បដិសេធ​របស់​លោក កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី ចុះ​ផ្សាយ​ដោយស្រង់​យក​សំដី​លោក ហែម សុជាតិ មេធាវី​លោក កឹម សុខា ដែល​និយាយ​ថា លោក កឹម សុ​ខា ចង់​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជួបចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុ​ប្ប​ន្ន។ តាមរយៈ​សំណេរ​លើ​ហ្វេសបុក​នៅ​ថ្ងៃ​សៅរ៍​នេះ លោក កឹម សុខា អះអាង​ថា លោ​ក ហែម សុជាតិ ពុំ​បាន​មក​ជួប​រូប​លោក​ដូច​ការ​ចុះ​ផ្សាយ​ឡើយ។ ហើយ​សម្តី​របស់លោក ហែម សុជាតិ គឺ​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​តែ​ប៉ុណ្ណោះ។

លោក ហែម សុជាតិ បាន​ឆ្លើយ​តប​ថា ការ​ថ្លែង​របស់​លោក​គឺ​មាន​ប្រភព​ច្បាស់​លាស់​ពោ​ល​​គឺ​មិន​មែន​ចេះ​តែ​លើក​ឡើង​ដោយ​ការ​នឹក​ឃើញ​នោះ​ទេ ខណៈ​លទ្ធភាព​នៃ​ការ​ចរចា​ក្រោម​រូបភាព​ណា​មួយ លោក កឹម សុខា តែង​តែ​លើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុម​មេ​ធាវី។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា បញ្ហា​អាច​បណ្ដាល​មក​ពី​ការ​ចុះផ្សាយ​លើស ឬក៏ខ្វះ​ចំណុច​ណា​មួយ​លើ​ខ្លឹម​សារ​ដើម​នៃ​ការ​លើកឡើង​របស់​លោក។ ទោះ​ជា​មាន​ប្រតិ​កម្ម​បែប​ណា​ក៏​ដោយ​លោក ហែម សុជាតិ ស្នើ​ឲ្យ​មាន​ការ​យោគយល់​ដល់​ការ​លះ​បង់របស់​ក្រុម​មេធាវី។

គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ជិត​៨​ខែ​ហើយ ដែល លោក កឹម សុខា ត្រូវបានឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ថា ក្បត់ជាតិ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី៣​ខែ​​​កញ្ញា​ឆ្នាំ​២០១៧។ កាលណោះ សមត្ថកិច្ច​រាប់​សិប​នាក់ បាន​សម្រុក​ឡោម​ព័ទ្ធ និង​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​គ្មាន​ដីកា​ពី​តុលាការ​ នៅ​គេហដ្ឋាន​របស់​លោក ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួល​គោក។ នៅ​ក្នុង​ប្រតិបត្តិការ ​របស់​សមត្ថកិច្ច​ចម្រុះ​ដដែល​នេះ លោក កឹម សុខា ត្រូវបាន​វាយ​ខ្នោះ អូស​ចេញ​ពី​គេហដ្ឋាន​របស់​លោក រួច​រុញ​ចូល​រថយន្ត​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ដោយ​លោក កឹម សុខា មិន​បាន​មាន​ប្រសាសន៍​អ្វី​នោះ​ឡើយ។

ជាការកត់សម្គាល់ ក្រោយ​ចាប់​ខ្លួន​លោក កឹម សុខា បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាម​ក្រុម​មេធាវី​លោក កឹម សុខា បាន​ផ្ដើម​តតាំង​ក្ដី​តាំង​ពី​ពេល​នោះ​មក​ឥលូវ​នៅ​តែ​មិន​មាន​ដំណោះ​ស្រា​យ ។ ប្រឈម​បែប​នេះ លោក ហែម សុជាតិ តំណាង​មេធាវី​ការពារក្ដី​លោក កឹម សុខា ស្នើ​ឲ្យ​អ្នក​នយោបាយខ្មែរ​វិល​មក​រក​តុ​ចរចា​ឡើង​វិញ នៅ​អំឡុង​ពេល​មុន ឬ​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរដែល​នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ការ​ចរចា​ផ្នែក​នយោបាយ​ដែល​លោកមេធាវី​ជឿជាក់​ថា ជា​ជម្រើស​មួយ​ល្អ​ជាង​ការ​តតាំង​ផ្នែក​ច្បាប់​ទៅ​​ទៀត ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក គឺ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ៕