អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី នឹង​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​សហរដ្ឋ​អាមេរិក​

ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គ​ការ​សហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​បានប្រកាស​ទទួល​ស្វាគមន៍​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី និង​គណៈ​ប្រតិភូ​កម្ពុជា​។ ប៉ុន្តែ​​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ទៀត បាន​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​នាយក​​រដ្ឋមន្ត្រី​កម្ពុជា​។ ជា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ 

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី អតីត​គូ​ជម្លោះ​នយោបាយ​ចាស់​វស្សា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ដឹកនាំ​បាតុ​កម្ម​ដ៏​ធំ​មួយ នៅ​បុរី​ញូយ៉ក​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃទី ២៨ កញ្ញា ចុង​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ប្រឆាំង​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ជា​បាតុកម្ម​លើក​ដំបូង​ ដែល​ដឹក​នាំ​ផ្ទាល់​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឯ​បុរីញូយ៉ក​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា​ គ្រោង​នឹង​ចូល​រួម​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​ក្នុង​មហាសន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​លើក​ទី៧៣​។

តាម​គម្រោង បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​២៨ កញ្ញា នៅ​មុខ​ទី​ស្នាក់ការ​អង្គការ​សហប្រជាជាតិ​ ចាប់​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៣​រសៀល ម៉ោង​នៅ​សហរដ្ឋអាមេរិក​។ ជា​បាតុកម្ម ដើម្បី​ទាមទារ​កុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៩​កក្កដា​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​។ ក្រៅ​ពី​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​ថ្ងៃទី ២៨ កញ្ញា បាតុកម្ម​មួយទៀត​ក៏​នឹង​រៀប​ចំ​ឡើង​ នៅ​ថ្ងៃ​ទី ២៩ កញ្ញា ក្នុង​គោល​ដៅ​ដូច​គ្នា។​

គួរ​ជម្រាប​ជូន​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ចូល​រួម​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៧៣​ និង​កិច្ចប្រជុំ​ផ្សេង​ៗ​ទៀត នៅ​ឯ​សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ថ្ងៃទី ២៩ កញ្ញា ដោយ​មាន​ការ​អម​ដំណើរ​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និង​លោក​ស្រី អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី ព្រម​ទាំង​ឥស្សរៈ​ជន​សំខាន់​ៗ​មួយ​ចំនួន​ទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃ​ទី ២១ កញ្ញា។ បើ​តាម​សេចក្តី​ជូន​ដំណឹង​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ផ្តោត​លើ​ការ​វិវត្ត​នា​ពេល​ថ្មីៗ​ និង​សមិទ្ធិផល​សំខាន់ៗ​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន និង​បញ្ហាតំបន់​ និង​អន្តរជាតិ​ដែល​ជា​ការ​ព្រួយបារម្ភ​រួម​។

ក្រៅ​ពី​នោះ លោក​នាយករដ្ឋមន្ត្រី​ នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា ជាមួយ​អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជាជាតិ​លោក​ អង់តូនីញ៉ូ ហ្គូ​តេ​រ៉េស នាយករដ្ឋមន្ត្រី​ប៊ុល​ហ្គារី​លោក បូយកូ បូរីស្សូវ នាយករដ្ឋមន្ត្រី​នេប៉ាល់​លោក ​ខាដហ្គា ប៉្រាសាទ ស្សាម៉ា អូលី នឹង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​។ ក្រៅ​ពី​នេះ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​ញូយ៉ក លោក​នាយករដ្ឋមន្ត្រី​ក៏​នឹង​មាន​ជំនួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ផង​ដែរ​។

គួរ​កត់​សំគាល់​ដែរ​ថា បើ​ទោះ​បី​ជា​មាន​ដំណឹង​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន នៅ​បុរី​ញូយ៉ក​ក្តី តែ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ក្រុម​ទៀត បាន​ប្រកាស​ត្រៀម​ស្វាគមន៍​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដោយ​ពួក​គេ​បាន​សម្តែង​ក្តី​សោមនស្ស​រីក​រាយ ចំពោះ​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ នៅ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក​។

តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​នេះ បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ បាន​អះអាង​ថា ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ចាំទទួល​ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ចុង​ខែ​កញ្ញា​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ