អានតួអត្ថបទ
កម្ពុជា-នយោបាយ

បញ្ហា EBA៖ ភ្នាក់ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​ពិភពលោក ព្រ​មាន​ពី​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

ភ្នាក់ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​ពិភព​លោក បាន​ព្រមាន​ថា ការ​​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​កម្ពុជា នាំទំនិញចូល​ទៅ​សហភាព​អឺរ៉ុប នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច។យ៉ាង​ណា​ក៏​ដោយ ភ្នាក់​ងារ​វាយ​តម្លៃចំណាត់​ថ្នាក់​ឥណទាន​ពិភព​លោក ក៏​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែរ​ថា ការដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់សហភាពអឺរ៉ុបពី​កម្ពុជា​ឬ​យ៉ាង​ណា​​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចាជាមួយរដ្ឋាភិបាល ​ដែល​នឹង​ត្រូវ​ចំណាយ​ពេល​រហូតដល់​ទៅ ១២ ទៅ ១៨ ខែ​ឯណោះ។   

កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ Samer Muscati/Human Rights Watch
ផ្សាយពាណិជ្ជកម្ម

ភ្នាក់​ងារ​វាយ​តម្លៃ​ចំ​ណាត់​​ថ្នាក់​ឥណ​ទាន​ពិ​ភព​លោក ​Moody’s​ Investors ​Service ​ព្រ​មាន​ថា ការ​បាត់​បង់​​សក្ដា​នុ​ពល​អនុ​គ្រោះ​ពន្ធ​ពា​ណិជ្ជ​កម្ម​របស់​កម្ពុជា​​ចូល​ទៅ​​ស​ហ​ភាព​​អឺ​រ៉ុប​ នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​​​ដល់​កំ​ណើន​​សេដ្ឋ​កិច្ច។ កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បាន​ទ្រទ្រង់​យ៉ាង​រឹងមាំ​ដោយ​វិស័យ​កាត់ដេរសម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ នឹងត្រូវ​ប្រឈម​នៃ​ចុះ​ខ្សោយ​លំ​ហូរ​ចូល​​ការ​វិ​និ​យោគ​ផ្ទាល់​ពី​បរ​ទេស ​ដែល​បាន​រួម​ចំ​ណែក​ដល់​ស្ថិរ​ភាព​សេដ្ឋ​កិច្ច និង​​ហិ​រញ្ញ​វត្ថុ​ ជាពិសេសការ​ប្រ​កួត​​ប្រ​ជែង​ពី​ក្រុម​ហ៊ុន​​ផលិត​សម្លៀ​ក​​បំ​ពាក់​​ក្នុង​តំ​បន់ ​បង្ក​ឲ្យ​មាន​ការ​គំ​រាម​​កំ​ហែង​យ៉ាង​ខ្លាំង​ដល់​ការ​នាំ​ចេញ​សម្លៀក​បំ​ពាក់​របស់​កម្ពុជា​។

ស្ថាប័ន​អន្តរ​ជាតិ​មួយ​នេះ ក៏​បាន​ព្រមាន​ទៀត​ថា ​ខណៈ​កម្ពុជា​បាន​រក្សា​ចំ​ណាត់​ថ្នាក់​បំ​ណុល​ប្រ​កប​​ដោយ​ស្ថិរ​ភាព​ ​ប្រ​ទេ​ស​នេះ​នឹង​បាត់​បង់​​ស​មត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្លៀ​ក​បំ​ពាក់​របស់​ខ្លួន បើ​មិន​មាន​ការ​ប៉ះ​ប៉ូវ​ដោយ​ការ​ទទួល​បាន​ផលិត​ភាព​ផ្សេង​ទៀត​នោះ​។

ទោះ​បី​ជា​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ ប្រសិន​បើ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ភ្នាក់ងារ​ដដែល​ ក៏​វាយ​តម្លៃ​ថា ការ​ដក​ EBA អាច​បង្កើន​ល្បឿន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ពិពិធកម្ម​នៅក្នុង​ឧស្សាហកម្ម​ ផលិតកម្ម​ផ្សេង​ទៀត​ ផងដែរ។

ជា​ការ​កត់​សម្គាល់ ការ​ចេញ​ផ្សាយ​របាយការណ៍​របស់​ភ្នាក់​ងារ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​ពិភព​លោក ជួន​ចំពេល​ដែល សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​(GMAC) ដែល​តំណាង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​នាំ​ចេញ​ ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា បាន​សរសេរ​ លិខិត​មួយ​ច្បាប់​ ទៅ​កាន់​ ស្នង​ការ​ពាណិជ្ជ​កម្ម នៃគណៈ​កម្មការ​អឺរ៉ុប​ ដោយ​លើក​ឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់ GMAC ក្នុង​ការ​ផ្តល់​បរិយាកាស​វិនិយោគ​ល្អ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​បង្ហាញ​នូវ​ភាព​វិជ្ជមាន​របស់ខ្លួន តាម​រយៈ​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង GMAC ក៏​បាន​សម្តែង​នូវ​ការ​បារម្ភ​ផង​ដែរ​ចំពោះ ការ​ប្រឈម​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ EBA ពី​កម្ពុជា​។

សមាគម GMAC អះអាងថា ការ​ព្យួរ​បណ្តោះ​អាសន្ន​នៃ​គម្រោង​ EBA ឬ​ទណ្ឌ​កម្ម​ឯក​តោ​ភាគី​​រយៈ​ពេល​​ខ្លី​ណា​មួយ​​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​រយៈ​ពេល​វែង​ ដល់​​ជីវិត​របស់​កម្មករ​​ ​និង​គ្រួសារ​របស់​ពួក​គេ​។ ភាព​រីក​ចម្រើន​ទាំង​អស់ ​ដែល​កម្ពុជា​​សម្រេច​បាន​​ក្នុង​រយៈ​កាល​២​ ទសវត្សរ៍​កន្លង​មក​នេះ​​​តាម​រយៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​រួម​ទាំង​ដៃ​គូ​អភិវឌ្ឍ​ន៍​ដូច​ជា សហភាព​អឺរ៉ុប​ ​អាច​ត្រូវ​បាន​បំផ្លាញ​យ៉ាង​លឿន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ