អានតួអត្ថបទ
កម្ពុជា

តុលាការ​ឧទ្ធរណ៍​បើក​សវនាការ​លើ​អតីត​មេ​អង្គរក្ស​លោក ជា ស៊ីម

តុលាការ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃអង្គារ ទី​២៥ ខែ​ធ្នូនេះ បាន​បើក​សវនាការ លើ​សំណុំរឿង​ក្តី ប្រឆាំង​អតីត​មេ​អង្គរក្ស​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា។ សវនាការ​នៅ​ព្រឹក​មិញ គឺ​តុលាការ​សាលាឧទ្ធរណ៍ បានលើកយក​សំណុំ​រឿង ​នៅ​តុលាការ​យោធា និងតុលាការ​ស៊ីវិល មក​ជំនុំជម្រះបន្តបន្ទាប់។ មានអាយុ ៤៤ ឆ្នាំ​ លោក ឈឿន ចាន់ថន ហៅ ម៉ៅ​ អតីតមេអង្គរក្សលោក ជា ស៊ីម និងអតីតឧត្តមសេនីយ៍​ផ្កាយបី ជាប់ចោទ សរុបចំនួន ៩ បទល្មើស ដោយតុលាការយោធា ផ្តន្ទាទោស ២៦ ឆ្នាំ និងពិន័យជាប្រាក់ជាង ៣ លានដុល្លារ។ ចំណែក​តុលាការក្រុងភ្នំពេញ ក៏បានកាត់ទោស ដាក់ពន្ធនាគារចំនួន ១០ ឆ្នាំ និងពិន័យជាប្រាក់ ៥ លានរៀល កាលពីខែកុម្ភៈ។

លោក ឈឿន ចាន់​ថត នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ថ្ងៃទី ២៥ ធ្នូ ២០១២
លោក ឈឿន ចាន់​ថត នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ថ្ងៃទី ២៥ ធ្នូ ២០១២ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងក្តីទី១ អតីត​មេអង្គរក្ស​លោក ជា ស៊ីម ​លោក ឈឿន ចាន់ថន ត្រូវបាន​តុលាការ​យោធា ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ចំនួន ២៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ជាង ៣ លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។​ តុលាការ​យោធា ចោទ​ប្រកាន់​អតីត​មេអង្គរក្ស ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥ បទល្មើស ពាក់ព័ន្ធ​នឹង​រឿង​ឆ​បោក និង​ប្រើប្រាស់​កាំភ្លើង​ខុសច្បាប់ ជាដើម។

 
រីឯសំណុំរឿងក្តីមួយទៀត នៅ​តុលាការ​ស៊ីវិល នៅ​តុលាការ​ក្រុង​ភ្នំពេញ មាន​បទល្មើស​ចំនួន ៤ ហើយ​ត្រូវ​តុលាការ សម្រេច​ផ្តន្ទាទោស លោក ឈឿន ចាន់ថន ដាក់​ពន្ធនាគារ​ចំនួន ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ លាន​រៀល បង់​ចូល​ថវិកា​រដ្ឋ។
បន្ទាប់​ពី​សួរ​ដេញដោល​សាក្សី និង​ជនជាប់ចោទ លោក ឈឿន ចាន់ថន រួច​មក ក្នុង​សវនាការ នៅ​តុលាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១២ លោក​ចៅក្រម សេង ស៊ីវុត្ថា ប្រធាន​​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​ថា សាលដីកា​លើ​សំណុំរឿង​ក្តី​ទាំងពីរ​នេះ នឹង​ត្រូវ​ប្រកាស ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៣។

ក្នុងសវនាការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ​លោក ឈឿន ចាន់ថន និងមេធាវី បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ ចេញ​សាលដីកា​ថ្មី ដោយ​ច្រានចោល​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​យោធា និងតុលាការ​ក្រុងភ្នំពេញ។
លោកមេធាវី ពុធ ធាវី ការពារក្តីលោក ឈឿន ចាន់ថន ក៏​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​អញ្ជើញ​លោក ជា ស៊ីម មក​ធ្វើជា​សាក្សី ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក ឈឿន ចាន់ថន។
ក៏​ប៉ុន្តែ​មេធាវី​ដើមបណ្តឹង ដែលជា​ក្រសួង​ការពារជាតិ និង​មេ​បញ្ជាការ​អង្គរក្ស​លោក ជា ស៊ីម លោក​មេធាវី ណាច ទ្រី បាន​ទាមទារ​ឲ្យ​ចៅក្រម រក្សា​ការចោទ​ប្រកាន់ និង​ផ្តន្ទាទោស​អតីត​មេ​បញ្ជាការ​អង្គរក្សលោក ជា ស៊ីម ដូច​អ្វី​ដែល​តុលាការ​សឹក និង​តុលាការ​ស៊ីវិល បានសម្រេច​ កាលពី​ខែ​កុម្ភៈ​កន្លង​មក។

ក្នុងសវនាការនៅព្រឹកមិញ លេច​មាន​ពាក្យ​បណ្តឹង​ពី​ធនាគារ UCB បាន​ប្តឹង​ទាមទារ​លុយ​ចំនួន ២ លាន​ដុល្លារ​អាមេរិក ដែល​លោក ឈឿន ចាន់ថន បានខ្ចី កាលពី​នៅ​មាន​អំណាច និង​បុណ្យ​ស័ក្តិ។
អតីត​មេអង្គរក្ស​លោក ជា ស៊ីម ​លោក ឈឿន ចាន់ថន ហៅ ម៉ៅ ត្រូវ​បាន​ប៉េអឹម​ចាប់​ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១១។ រហូត​ដល់​ដើម​ខែ​កុម្ភៈ ទើប​តុលាការ​យោធា និង​តុលាការ​ក្រុងភ្នំពេញ បើក​សវនាការ​លើ​សំណុំ​រឿង​ក្តី ដាច់​ដោយ​ឡែក​ពី​គ្នា។ សរុប​ទាំង​ពីរ​សំណុំ​រឿង លោក ឈឿន ចាន់ថន ត្រូវ​បាន​តុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ ចំនួន ៣៦ ឆ្នាំ និង​ពិន័យ​ជាប្រាក់ ជាង ៣ លានដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ