ខួប៧៥ឆ្នាំ៖ ធនាគារពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ ជួបឧបសគ្គថ្មីនិងច្រើនបន្ថែមទៀត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥០
៧៥ឆ្នាំមុន ធនាគារពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ FMI បានត្រូវបង្កើតឡើង ក្នុងគោលបំណងរៀបចំកសាងសេដ្ឋកិច្ចពិភពលោក ក្រោយងើបចេញពីសង្គ្រាមលោកលើកទី២ ហើយជាពិសេសគឺជួយរំដោះប្រទេសតតិយលោក ឱ្យដើរងើបចេញពីភាពក្រីក្រ។ ក៏ប៉ុន្តែ ជាង៧ទសវត្សរ៍កន្លងទៅហើយ ប្រជាជនក្រីក្រនៅលើលោក គឺនៅតែមានច្រើន ហើយស្ថាប័នអន្តរជាតិទាំងពីរនេះ ក៏ត្រូវប្រឈមមុខនឹងឧបសគ្គថ្មីថែមទៀត។ នោះគឺវិបត្តិគ្រោះទុរភិក្សដោយសារសង្គ្រាម, ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្លាស់ទីលំនៅដោយសារតែភាពក្រក្រី។
នៅរដូវក្តៅ ឆ្នាំ១៩៤៤ ប្រទេសមហាអំណាចធំៗនៃបស្ចិមលោក បានសម្រេចចុះកិច្ចព្រមព្រៀងមួយ ដើម្បីកំណត់និងគ្រប់គ្រងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ជៀសវៀងការចលាចលរូបិយវត្ថុ ហើយដើម្បីឱ្យមានភាពងាយស្រួលដោះស្រាយវិបត្តិសេដ្ឋកិច្ច។ ប្រតិភូធំៗ ជាង៧០០នាក់ ប្រជុំជជែកគ្នាអស់ជាង៣សប្តាហ៍ ទម្រាំតែយល់ព្រមគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលគេហៅថាកិច្ចព្រមព្រៀង Bretton Woods ធ្វើនៅរដ្ឋ New Hampshire ក្នុងទឹកដីសហរដ្ឋអាមេរិក។
នៅពេលនោះ គេសម្រេចយកប្រាក់ដុល្លារអាមេរិក គឺជារូបិយវត្ថុគោល ហើយដែលត្រូវ ស្ថាប័នរូបិយវត្ថុអន្តរជាតិ FMI ជាអ្នកមើលការខុសត្រូវ វាយតម្លៃ និងជាអ្នកកំណត់អត្រាប្តូរប្រាក់ ជាដើម។ ចំណែក ធនាគារពិភពលោក មានតួនាទី ជួយជ្រោមជ្រែងកសាងប្រទេសតតិយលោក ឬប្រទេសក្រីក្រ ឱ្យជួបការអភិវឌ្ឍ។
ឈរលើគោលបំណងនេះ មនុស្សជាង១ពាន់លាន បានងើបចេញពីភាពក្រីក្រ។ នេះបើតាមការអះអាងរបស់លោក David Lipton នាយកស្តីទីនៃស្ថាប័នរូបិយវត្ថុអន្តរជាតិ FMI ។ លោកបន្តថា កំណើនផលិតផលក្នុងពិភពសរុប សម្រាប់មនុស្សម្នាក់ គឺបានកើនឡើងគុណ៥ដង បើធៀបនឹងឆ្នាំ១៩៤៥ ឆ្នាំដែលសង្គ្រាមលោកលើកទី២ ផុតរលត់ទៅ។
ក៏ប៉ុន្តែ ធនាគារពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ គឺនៅតែត្រូវជួបនឹងការលំបាកច្រើនបន្ថែមទៀត នាពេលបច្ចុប្បន្ននេះ។ ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ គ្រោះទុរភិក្ស ដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ និងបម្រែបម្រួលអាកាសធាតុ ដែលជាកត្តាធំៗនាំឱ្យ មនុស្សរាប់លាននាក់ ភៀសខ្លួន ឆ្លងទ្វីប ឬផ្លាស់ទីលំនៅ រត់ចោលផ្ទះសម្បែង។
បើតាមទិន្នន័យពីឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ, និងបើនិយាយតែពីទ្វីបអាហ្វ្រិកមួយ, ក្នុងនៅឆ្នាំ២០១៧ គឺមានជនភៀសខ្លួន និងចាកចោលផ្ទះសម្បែង ជាង១៨លាននាក់។
ធ្ងន់ធ្ងរជាងនេះ បើតាមការព្យាករ គឺនៅក្នុងឆ្នាំ២០៥០ខាងមុខ ជនភៀសខ្លួន ដោយសារតែផលវិបាលនៃការប្រែប្រួលអាកាសធាតុ នឹងកើតឡើង ជាង១៤៣លាននាក់។ ពួកគេទាំងនោះភៀសខ្លួនចេញពីអាហ្វ្រិក អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍។ មូលហេតុចម្បងនៃការភៀសខ្លួនចោលស្រុកនោះ គឺដោយសារតែធ្វើកសិកម្ម គ្មានបានផល, ខ្វះទឹក ឬក៏គ្រោះទឹកជំនន់។ ទឹកជំនន់ដែលកើតឡើងពីការរលាយទឹកកក នៃកម្ពស់នីវូទឹកសមុទ្រជាដើម។
ការលំបាកនេះនឹងពឹតតែធ្ងន់ធ្ងរ ប្រសិនបើគេគ្មានមធ្យោបាយដោះស្រាយឱ្យសមស្របចាប់ពីពេលនេះនោះទេ។ ឧបសគ្គទាំងនោះ ត្រូវធ្លាក់លើស្ថាប័នអន្តរជាតិទាំងពីរនេះ ដែលមានតួនាទីចម្បងមួយដែរ ក្នុងការកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនេះ ធនាគារពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ ត្រូវរងការរិះគន់ផ្សេងទៀត ទៅលើដំណើរការដឹកនាំ។ តួយ៉ាង អ្នកជំនាញគេមើលឃើញថា ធនាគារពិភពលោក ត្រូវដឹកនាំគ្រប់គ្រងតែដោយអាមេរិក ហើយស្ថាប័នរូបិយវត្ថុអន្តរជាតិ ក៏ដឹកនាំញាក់ខ្សែដោយអឺរ៉ុប តែរហូតមក។
ចំពោះការអនុវត្តគម្រោងនៅប្រទេសក្រីក្រមួយចំនួនទៀតសោត ធនាគារពិភពលោក ត្រូវអង្គការសិទ្ធិមនុស្សនិងសមាគមការពារបរិស្ថាន ថ្កោលទោសថាមិនបានគិតគូរឱ្យល្អិតល្អន់ពីផលប៉ះពាល់នៃបរិស្ថាន និងសង្គម។ លើសពីនេះ អ្នកខ្លះចោទថា ស្ថាប័នទាំងនេះ គិតគូរតែពីរឿងខ្ចីបុល សងបុល មិនបានសាច់ការអ្វីជាក់ស្តែងច្រើន ហើយពេលខ្លះ មានអំពើពុករលួយក្នុងដំណើរការខ្ចីប្រាក់ទៀតផង។ កាន់តែជ្រុលទៅទៀត គឺមានអ្នកគេរិះគន់ថា ស្ថាប័នអន្តរជាតិទាំងនេះ ផ្តល់កម្ចីដល់ប្រទេសដែលពុករលួយនិងផ្តាច់ការ ហើយថែមទាំងឱ្យចិនខ្ចីបុលទៀត បើទោះបីជាចិនគឺមហាអំណាចសេដ្ឋកិច្ច ទី២ទៅហើយក្តី។
ទោះយ៉ាងណាក៏ដោយចុះ នាយកធនាគារពិភពលោក លោក David Malpass បានអះអាងថា រយៈកាលជាង៧០ឆ្នាំមកនេះ តុល្យការជាទូទៅរបស់ធនាគារពិភពលោក គឺល្អ និងស្ថិតលើផ្លូវវិជ្ជមាន។ បើតាមការបញ្ជាក់របស់នាយកធនាគារពិភពលោក ដដែល គឺអាយុសង្ឃឹមរស់របស់ពលរដ្ឋក្នុងលោក បានកើនឡើងជាងមុន, អត្រាមរណភាពទារកនិងមាតាថយចុះ, កុមារក៏បានទទួលការអប់រំច្រើន និងល្អជាងមុនដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ