rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី តួកគី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យោធារុស្ស៊ី និង តួកគី ល្បាតរួមគ្នា នៅតំបន់ឦសានប្រទេសស៊ីរី

media
យោធារុស្ស៊ី និង តួកគី ល្បាតរួមគ្នា នៅតំបន់ឦសានប្រទេសស៊ីរី REUTERS/Kemal Aslan

តាំងពីថ្ងៃសុក្រមក កងទ័ពរុស្ស៊ី និង តួកគី បំពេញប្រតិបត្តិការល្បាតរួមគ្នា នៅប៉ែកឦសាន ប្រទេសស៊ីរី ក្នុងគោលដៅ បញ្ជាក់ឱ្យបានច្បាស់ថា កងកម្លាំងគួឌីស្ថានស៊ីរី បានដកចេញមែន ពីតំបន់ ព្រំដែននោះ ស្របនឹងកិច្ចព្រមព្រៀង ចុះរវាង ក្រុង អង់ការ៉ា និង ម៉ូស្គូ ថ្ងៃ ២២ តុលា នៅក្រុងរុស្ស៊ី Sotchi ។


ស្របនឹងកិច្ចព្រមព្រៀងនេះ ចុះដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និង សមភាគីតួកគី លោក Recep Tayyip Erdogan កងសេនាជនខាងការពារប្រជាជនគួឌីស្ថានស៊ីរី  ហៅកាត់ថា YPG បាន មានពេលរហូតដល់ម៉ោង ១៥ ម៉ោងសាកល ថ្ងៃអង្គារ ២៩ តុលា ដើម្បីដកចេញឱ្យអស់ ពីទីតាំងខ្លួននៅ ជាប់នឹង ព្រំដែនតួកគី ចូលទៅក្នុងដែនដីស៊ីរី ជម្រៅដល់ ៣០ គម។ ពិតជា កិច្ចព្រមព្រៀងនេះ ដែលបាន ផ្អាក ការវាយលុក របស់តួកគី ទៅលើកងកម្លាំងគូដស៊ីរី។

នៅថ្ងៃអង្គារនោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigu បានអះអាងថា ការដកចេញនៃ កង សេនាជនគួដ បានចប់សព្វគ្រប់ ដូចដែលមានប្រមើលដោយកិច្ចព្រមព្រៀង។ ពីរថ្ងៃក្រោយមក នៅថ្ងៃ ៣១ តុលា លោក អ៊ែរដូហ្កាន បានថ្លែងថា តួកគីអាចផ្ទៀងផ្ទាត់មើល តើកងសេនាជនគួដ បានដកចេញអស់មែន ឬក៏ទេ? លទ្ធផលនឹងបង្ហាញឱ្យឃើញ ដោយសារប្រតិបត្តិការល្បាតរួមគ្នានៃ កងទ័ពតួកគី និង រុស្ស៊ី។   

កងទ័ពរុស្ស៊ី ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន លំអិតថា ៖ ប្រតិបត្តិការល្បាតនេះ បំពេញដោយ យានយន្ដ  ពាសដែករុស្ស៊ី និង តួកគី សរុបទៅ ៩ គ្រឿង ហើយសន្តិសុខក្បួនយានយន្ដនេះ ធានាដោយ រថពាសដែក រុស្ស៊ី ធុន BTR-82 នៅតាមបណ្តាយផ្លូវជាង ១១០ គីឡូម៉ែត្រ។

បើជាផ្លែផ្កានៃយុទ្ធនាការវាយលុកពីរលើកមុន តួកគី ដណ្តើមយកបានដែនដីទាំងផ្ទាំងៗ នៅត្រើយខាងលិច ទន្លេ Euphrate នោះ យុទ្ធនាការវាយលុកលើកនេះ ដែលបានចាប់ផ្តើមថ្ងៃ ៩ តុលា បានអនុញ្ញាតឱ្យតួកគី ពង្រីក វត្តមានខ្លួន នៅត្រើយខាងកើតនៃទន្លេនេះ ទាល់តែក្រុងអង់ការ៉ា សម្រេចប្រកាសប្រែឱ្យទៅជា “តំបន់សន្តិសុខ” គឺ តំបន់បណ្តោយ ១២០ គម និង ជម្រៅដល់ ៣០ គីឡូម៉ែត្រ ពី ព្រំដែនតួកគី ចូលក្នុង ដែនដីស៊ីរី ដើម្បីជា ”ទ្រនាប់” ញែក ឱ្យនៅដាច់ពី កងកម្លាំងគួឌីស្ថានស៊ីរី YPG ដែល តួកគី ចាត់ទុកជា “ពួកភេរវជន” ប៉ុន្តែ តាមពិត ជា សម្ព័ន្ធ មិត្ត ទេតើ របស់បស្ចិមប្រទេស ក្នុងការប្រយុទ្ធទល់នឹង ពួកជីហាដ នៃ អង្គការភេរវនិយម” រដ្ឋអ៊ីស្លាម”។

លោកអគ្គលេខាធិការ អសប Antonio Gutteres បានចង្អុលឱ្យឃើញថា គាត់”នឹងពិនិត្យមើល សំណើ នេះ” ដោយសង្កត់ធ្ងន់លើ ការគោរពជាចាំបាច់តាម “ បណ្តាគោលការណ៍ជាមូលដ្ឋាន ដែលចែងអំពីការវិល ត្រឡប់ដោយស្ម័គ្រចិត្តមែនពិត និង យ៉ាងស័ក្តិសម នៃជនភៀសខ្លួន” ទៅស្រុកកំណើតរបស់គេវិញ៕