អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្ងាត់ៗ​ ​អេមីរ៉ាត​អារ៉ាប់រួម​​​អភិវឌ្ឍន៍​កម្មវិធី​​នុយក្លេអ៊ែរ​​​បានលឿន​​​គួរសម​ !​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម៉ាស៊ីនប្រតិកម្ម​នុយក្លេអ៊ែរ​ដំបូង​ របស់ប្រទេស​​អេមីរ៉ាតអារ៉ាប់រួម នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះហើយ។ ក្រុម​វិស្វករ​និង​អ្នកជំនាញ​កំពុង​ធ្វើការ​មមាញឹក ពន្លឿន​កម្មវិធី​នុយក្លេអ៊ែរ​នេះ ប៉ុន្តែ​ជា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល ដើម្បី​ទាញយក​អគ្គិសនី​មក ប្រើប្រាស់ប៉ុណ្ណោះ។ ក្រុងអាប៊ូដាប៊ី៏ គ្រោងមាន​​​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​​ដល់​ទៅ៤​ឯណោះ ដើម្បីប្រើប្រាស់។ កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​អេមីរ៉ាតអារ៉ាប់រួម កំពុង​លេចរូបរាង ចំពេល​ស្ថានការណ៍​តំបន់​តានតឹង​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ទីក្រុងអាប៊ូ ដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ​
ទីក្រុងអាប៊ូ ដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ​ REUTERS/Solar Impulse/Revillard
ផ្សាយពាណិជ្ជកម្ម

អេមីរ៉ាតអារ៉ាប់រួម ​ជា​ប្រទេស​ទី១ នៅតំបន់​ឈូងសមុទ្រ​ពែក្ស ដែល​ធ្វើការ​សាងសង់​ប្រតិករ​នុយក្លេអ៊ែរ​​ចំនួន៤ មានទិសដៅ​ទាញយក​ថាមពល​អគ្គិសនីមកប្រើប្រាស់។​ ការសាងសង់​​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ទី១ នៅ​មជ្ឈមណ្ឌល​បារ៉ាកា ចំងាយ​៣០០គីឡូម៉ែត្រ ពី​ទីក្រុង​អាប៊ូដាប៊ី ​ជិតចប់​សព្វគ្រប់ហើយ ពេលនេះ​សម្រេច​បាន​​ដល់​៩៥ភាគរយ​ហើយ។ ​តាមធម្មតា ប្រតិករ​ដំបូង​គេនេះ ត្រូវ​ដាក់ដំណើរការ​នៅ​ ​ឆ្នាំ​២០១៧​នេះតែម្តង ប៉ុន្តែ ទីបំផុតទៅ ​ត្រូវលើក​ទៅ​ឆ្នាំក្រោយ​វិញ ដោយសារ​​ត្រូវ​ដោះស្រាយផ្នែក​​បច្ចេកទេស​​អោយបាន​ត្រឹមត្រូវ។ ​

ឃើញថា ស្ងាត់ៗ ក្រុម​វិស្វករ និង​ក្រុមជំនាញ​បាននាំគ្នា​ធ្វើការ​អភិវឌ្ឈ​​​កម្មវិធី​នុយក្លេអ៊ែរ​​​បានលឿន​​គ្រាន់បើ​ដែរ។ អេមីរ៉ាតអារ៉ាប់រួម​សង្ឃឹមថា ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​នេះ អាច​នឹង​​ផ្តល់​​​បរិមាណ​ថាមពល​អគ្គិសនី ​១ភាគ៤ នៃ​ថាមពល​អគ្គិសនី​​ក្នុងស្រុក។ កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​នេះ បាន​សម្រេច​អោយ​មានឡើង​តាំងពី​ឆ្នាំ២០០៩មក ដោយ​មាន​ការចុះហត្ថលេខា​កិច្ចសន្យា​សាងសង់​មជ្ឈមណ្ឌល​បារ៉ាកា ជាមួយ​ក្រុមហ៊ុន​រដ្ឋ​កូរ៉េខាងត្បូង ក្នុងតម្លៃ​ទឹកប្រាក់​១៧ពាន់លាន​អឺរ៉ូ។ ក្រុមហ៊ុន​អន្តរជាតិ​ផ្សេងៗ ដូចជា​ក្រុមហ៊ុន​បារាំង​Areva ក៏​បានចូលរួម​ជួយ​កម្មវិធី​នុយក្លេអ៊ែរ​​អេមីរ៉ាតអារ៉ាប់រួម​ដែរ។ យោងតាម​កូរ៉េខាងត្បូង មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​ប៉ារ៉ាកា ​ដើរតួនាទី​សំខាន់​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ ហើយ​ជាគំរូ​សម្រាប់​ប្រទេស​​ផ្សេងទៀត ដែលចង់​មាន​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ប្រើប្រាស់។ ​អាជ្ញាធរ​​អេមីរ៉ាតអារ៉ាប់រួម​បាន​ត្រៀមវិធានការ​សន្តិសុខ​ ដើម្បី​ការពារ​ប្រជាជន​ដែលរស់​ក្បែរ​តំបន់​នុយក្លេអ៊ែរ​ និង​ប្រទេស​ជិតខាង​នៅក្បែរ​នោះហើយ។ ​​​​

​ដើម្បី​កុំអោយ​មាន​ភាពចម្រូងចម្រាស ​អាជ្ញាធរ​ក្រុងអាប៊ូដាប៊ី​អះអាង​ថា​ ​មិនធ្វើការ​​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ទេ។ ទោះយ៉ាងនេះក្តី ​ក៏​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​មួយនេះ​​កំពុង​​លេចចេញ​រូបរាង​​​ ចំពេល​ស្ថានការណ៍​​តំបន់បូព៌ា​​កំពុង​​​តានតឹង​ដែរ។ តានតឹង​​គឺ​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច និង​អាមេរិកទៅលើ​អ៊ីរ៉ង់ កំពុង​ជំរុញ​អោយ​អ៊ីរ៉ង់​កាន់តែ​ខឹងសម្បារ​។ សភា​អ៊ីរ៉ង់​​ទើប​នឹង​​បាន​អនុម័ត​ច្បាប់​ផ្តល់​ថវិកា​៥២០លាន​​ដុល្លារ អោយ​រដ្ឋាភិបាល​អ៊ីរ៉ង់​យកទៅ​អភិវឌ្ឍមីស៊ីល​បាលិស្ទិក។ អ៊ីរ៉ង់​ទើប​នឹងព្រមាន​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​សម្រេច​បាន​ជាមួយប្រទេស​មហាអំណាច កាលពី​ឆ្នាំ២០១៥។ អ៊ីរ៉ង់​មិនមែន​ជា​មិត្ត​របស់​អេមីរ៉ាត អារ៉ាប់រួមទេ ​តែ​ជាមិត្ត​របស់​កាតា ដែល​កំពុង​មានវិបត្តិ​ការទូត​ជាមួយ​អេមីរ៉ាតអារ៉ាប់រួម។ ​អេមីរ៉ាតអារ៉ាប់រួម​ ​អារ៉ាប៊ី សាអូឌីត អេហ្ស៊ីប និង​បារ៉ែន ​ធ្លាប់​បានផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា ​ដោយ​ចោទថា កាតាបាន​​គាំទ្រ​ក្រុមភេរវនិយម និង​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ដែលជា​សត្រូវ​របស់​អារ៉ាប៊ី សាអូឌីត។ ​ ​ ​

ចំពេល​អ៊ីរ៉ង់​កំពុង​បង្ហាញ​អានុភាពនុយក្លេអ៊ែរ​ពេលនេះ កម្មវិធី​នុយក្លេអ៊ែរ​របស់​អេមីរ៉ាត អារ៉ាប់រួមទោះជា​​ក្នុងទិសដៅ​ស៊ីវិល​ក្តី ក៏​មិនអាច​ជួយ​កាត់បន្ថយ​ភាពតានតឹង​ក្នុង តំបន់ ដែរ។ មានសំណួរសួរថា តើថ្ងៃក្រោយទៅ​​ អេមីរ៉ាតអារ៉ាប់រួម​អាចប្តូរចិត្ត​​កែប្រែ​កម្មវិធី​ស៊ីវិល​នេះ ទៅ​ជា​កម្មវិធី​មីស៊ីលបាលិស្ទិក​ ​ដែរទេ ដើម្បីទប់ទល់​​​អានុភាព​របស់​អ៊ីរ៉ង់?

ក្នុងពេល​ស្ថានការណ៍​តំបន់​បូព៌ា​មិនសូវ​ជានឹងនរ អារ៉ាប៊ី សាអូឌីត ជា​សត្រូវ​របស់​អ៊ីរ៉ង់​​ក៏​គ្រោង​ធ្វើកម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​ដូច​អេមីរ៉ាតអារ៉ាប់រួម​ដែរ។ អារ៉ាប៊ីសាអូឌីតពិតជា​នឹង​ធ្វើតែ​ក្នុង​ទិសដៅ​ស៊ីវិលពិតមែន​ទេ ​រឺ​ក៏​បង្ហាញ​គម្រោង​នុយក្លេអ៊ែរ បង្កប់​ដោយ​បំណង​គំរាម​ទៅ​អ៊ីរ៉ង់​ជាគូប្រជែង​វិញ ​? ប្រទេស​អារ៉ាប់​ទាំងនេះ​សុទ្ធតែ​ជាប្រទេស​ខ្លាំង ជាប្រទេស​អ្នកមាន​​​​ក្នុង​តំបន់។ បើ​ពេលណាមួយ ​ពួកគេ​​ប្តូរចិត្ត ដោយយក​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មក​ធ្វើជា​លេស​ ដើម្បី​អភិវឌ្ឍន៍​កម្មវធី​បាលិស្ទិក ​ក៏​គេពិបាក​បន្ទោស ប្រទេស​ទាំងនេះ​ដែរ។​ ​​ថ្នាក់ដឺកនាំ​​អេមីរ៉ាតអារ៉ាប់រួម​មិនបាន​លាក់បាំង​​​​មហិច្ឆតា​ពង្រឺង ជំហរ​ជាតិខ្លួន អោយ​ខ្លាំង​ក្នុង​តំបន់​​បូព៌ាទេ។ ​

កូរ៉េខាងត្បូង​ដែលបានចុះហត្ថលេខា​ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អេមីរ៉ាតអារ៉ាប់រួម វិញ​ ​បាន​ចេញមុខ​​ការពារ​កម្មវិធី​នុយក្លេអ៊ែរ​​ស៊ីវិល​របស់​អេមីរ៉ាត អារ៉ាប់រួម។ ក្រុងសេអ៊ូល​លើកឡើង​ថា មិនបានគិតថា ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ប្រទេស​អេមីរ៉ាត​ បន្ថែម​បញ្ហា​ក្នុង​តំបន់ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ