rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​សមយុទ្ធ​ជើងទឹក​រួម​អាស៊ាន-អាមេរិក​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​អាស៊ាន?

ដោយ សេង ឌីណា

អាស៊ាន និង​សហរដ្ឋ​អាមេរិក​ កំពុង​ធ្វើ​សមយុទ្ធទ័ពជើងទឹករួមគ្នា ដែល​ចាប់ផ្តើម​កាល​ពីថ្ងៃ​ចន្ទ ហើយ​ដែល​នឹង​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃសុក្រ​ខាងមុខ។ នៅ​ក្នុង​បរិបទ​នៃ​ភាពតានតឹង​ផ្លូវសមុទ្រ​ក្នុង​តំបន់ ជាពិសេស ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ព្រមទាំង​ការប្រជែង​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់ រវាង​មហាអំណាច​ទាំង​ពីរ គឺ​អាមេរិក និង​ចិន តើ​សមយុទ្ធទ័ពជើងទឹក​រួមគ្នា​ជាមួយ​អាមេរិក​នៅ​ពេលនេះ​អាច​នឹង​ផ្តល់​ផលវិបាក​យ៉ាងណា​ខ្លះ សម្រាប់​អាស៊ាន ?

បើ​គេ​មើល​មួយភ្លែតទៅ សមយុទ្ធទ័ពជើងទឹក​រួមគ្នា រវាង​អាស៊ាន និង​អាមេរិក ដែល​បើក​ធ្វើ​នៅ​ក្នុង​បរិបទ​​ភូមិសាស្រ្ត​នយោបាយ​ក្នុ​ង​តំបន់​ដូចជា​ពេល​បច្ចុប្បន្ន​នេះ អាច​នឹងឲ្យ​គេ​មើល​ឃើញ​ថា អាស៊ាន​កំពុងតែ​ធ្វើ​ខ្លួន​ឲ្យ​ពាក់ព័ន្ធ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ល្បែង​នៃ​ការ​ប្រជែង​អំណាចគ្នា រវាង​អាមេរិក និង​ចិន នៅ​ក្នុង​តំបន់។ ប្រទេស​ខ្លះ​នៅ​ក្នុង​អាស៊ាន ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយចិន ឬ​យ៉ាងហោចណាស់​ មិនមាន​ទំនាស់​ជាមួយចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង អាច​នឹង​នាំ​ទុក្ខមកដាក់ខ្លួន​ តាមរយៈ​ការ​ភ្ជាប់ខ្លួន​ទៅនឹង​សមយុទ្ធមួយ ដែល​អាច​ឲ្យ​ចិន​មើលឃើញ​ថា​ជា​ការ​រួមគំនិតគ្នា​ជាមួយ​អាមេរិក​មក​ប្រឆាំង​ជាមួយនឹង​ចិន។

ក៏ប៉ុន្តែ បើ​សិន​ជា​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅទៅ សមយុទ្ធរួមគ្នា​ជាមួយ​អាមេរិក​នៅពេលនេះ​មានចំណុច​វិជ្ជមាន​ចំពោះ​អាស៊ាន ច្រើន​ជាង​ផលវិបាក​អវិជ្ជមាន។

ជាការពិតណាស់​ថា បញ្ហា​ប្រឈម​នៅតែមាន វា​អាស្រ័យ​ទៅនឹង​ថា តើ​ចិន​នឹង​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​សមយុទ្ធរួមគ្នា​អាស៊ាន-អាមេរិក​​នៅ​ពេលនេះ ហើយ​តើ​អាស៊ាន​ខ្លួនឯង​បង្ហាញ​នូវ​ជំហរ​បែបណា​ចំពោះ​ចិន នៅ​ក្នុង​ការបើក​ធ្វើ​សមយុទ្ធនេះ?

ចំពោះ​ចំណុច​ចុងក្រោយ​នេះ យើង​បាន​សង្កេតឃើញ​រួចជា​ស្រេច​ទៅហើយ​ថា ថៃ ដែល​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន ហើយ​ជា​សហប្រធាន​ដឹកនាំ​សមយុទ្ធរួមគ្នា​ជាមួយ​អាមេរិក​នេះ បាន​ព្យាយាម​បញ្ជាក់​យ៉ាងច្បាស់​ថា សមយុទ្ធរួមគ្នា​អាស៊ាន-អាមេរិក​នេះ​​​ផ្តោត​ទៅលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រឈម​នឹង​គ្រោះធម្មជាតិ និង​បញ្ហា​សន្តិសុខ​ផ្លូវសមុទ្រ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ រួមមាន​ដូចជា​ការជួញដូរ​គ្រឿងញឿន ជួញដូរ​អាវុធ និង​ការជួញដូរ​មនុស្ស​ជាដើម ដោយ​នឹង​មិនមាន​ការ​ហាត់សម​ប្រតិបត្តិការ​សឹកសង្រ្គាម​ណាមួយនោះទេ ហើយ​ក៏​វា​មិនមែន​ជា​សមយុទ្ធ​ដែល​ធ្វើឡើង​សំដៅ​ប្រឆាំង​នឹង​ចិន ឬ​ក៏​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងនោះដែរ។

មែនទែនទៅ ​បើទោះបីជា​មាន ឬ​គ្មាន​សមយុទ្ធ​រួមគ្នា​ជាមួយ​នឹង​អាមេរិក អាស៊ាន​គឺ​ជា​ចំណុច​ស្នូល​រួចទៅហើយ នៅ​ក្នុង​ការ​ប្រជែង​អំណាចគ្នា រវាង​អាមេរិក និង​ចិន ម្យ៉ាងដោយសារ​តែ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ផង និង​ម្យ៉ាងទៀត ដោយសារ​តែ​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” ថ្មី​របស់​អាមេរិក​ផង ដែល​យក​យន្តការ​ពហុភាគី​ជុំវិញ​អាស៊ាន​ធ្វើ​ជា​ចំណុច​ស្នូល។

ម្យ៉ាងវិញ​ទៀត គេ​ក៏​មិន​ត្រូវ​ភ្លេចដែរ​ថា ថ្វីដ្បិត​តែ​សមយុទ្ធ​ជើងទឹក​​រួមគ្នា​ជាមួយ​អាមេរិក​លើកនេះ គឺ​ជា​លើកទី១ ដែល​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក៏ប៉ុន្តែ វា​មិនមែន​ជា​លើកទី១​ទេ ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​បើក​ធ្វើ​សមយុទ្ធ​ជាលក្ខណៈ​ពហុភាគី​ជាមួយ​នឹង​អាមេរិក។ ហើយ​បើ​និយាយ​ពី​សមយុទ្ធ​ជើងទឹក​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នេះ អាស៊ាន​ក៏​​មិនមែន​ធ្វើ​តែ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅពេលនេះដែរ តែ​​ធ្លាប់​បាន​ធ្វើរួមគ្នា​​ជាមួយ​នឹង​ចិន​ផងដែរ ​កាល​ពីខែតុលា​ឆ្នាំ២០១៨​កន្លងទៅនេះ។

សមយុទ្ធ​ទ័ពជើងទឹក​រួមគ្នា​លើកដំបូង រវាង​​អាស៊ាន​​ និង​ចិន កាល​ពី​ឆ្នាំ​ទៅមិញ​នោះ ​ត្រូវ​ធ្វើឡើង​ក្រោម​ការ​ដឹកនាំ​រួមគ្នា​ដោយ​ចិន និង​សិង្ហបុរី ដែល​នៅពេលនោះ​ជា​ប្រធានផ្លាស់វេន​អាស៊ាន ហើយ​សមយុទ្ធ​​នោះ​ត្រូវ​បាន​ធ្វើឡើង​រយៈពេល ៦ថ្ងៃ ហើយ​មាន​ការ​ចូលរួម​ពី​នាវាចម្បាំង ៨គ្រឿង និង​ទាហាន​ប្រមាណ​ជា​១ពាន់នាក់ មកពីចិន និង​ប្រទេស​ទាំង១០​ជា​សមាជិក​អាស៊ាន ពោលគឺ ជា​សមយុទ្ធ​ដែល​មាន​ទម្រង់ និង​ទំហំ​ប្រហាក់ប្រហែល​នឹង​សមយុទ្ធ​រួមគ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​ពេលនេះ​ដែរ។

​សមយុទ្ធទ័ពជើងទឹក​រួមគ្នា​​​ទាំងជាមួយ​ចិនផង និង​ជាមួយ​អាមេរិក​ផងនេះ គឺ​ជា​ចំណុច​ដ៏សំខាន់មួយ សម្រាប់​ឲ្យ​អាស៊ាន​បង្ហាញ​នូវ​ជំហរ​​ថា ​ខ្លួន​បើក​ចំហ​ក្នុងការ​ពង្រឹងទំនាក់ទំនង​យោធា​ប្រកប​ដោយ​តុល្យភាព​​ជាមួយ​ប្រទេស​មហាអំណាច​ជាគូប្រជែង​​ទាំងពីរ ដោយ​មិន​រើសមហាអំណាច​មួយ ហើយ​ផាត់​មហាអំណាច​ណាមួយ​ចេញ ឬ​ក៏​រួមដៃ​ជាមួយ​មហាអំណាច​មួយ ដើម្បី​​ទៅ​ប្រឆាំង​នឹង​មហាអំណាច​មួយ​ទៀតនោះទេ។

ការប្រកាន់​នូវ​ជំហរ​ប្រកប​ដោយ​​​​តុល្យភាព​បែបនេះ វាមាន​សារៈសំខាន់​សម្រាប់​អាស៊ាន នៅ​ក្នុង​ការ​ចាត់ចែង​ទំនាក់ទំនង​ជាមួយ​ចិន និង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ផង និង​កាន់តែ​សំខាន់​ជាង​នេះ​ទៅទៀត គឺ​ចាំបាច់​​នៅ​ក្នុង​ការ​ចាត់ចែង​ទំនាក់ទំនងផ្ទៃក្នុង រវាង​ប្រទេស​សមាជិក​អាស៊ាន​គ្នាឯង ដែល​ជារឿយៗ​នៅតែ​មាន​ការ​ប្រទាញប្រទង់គ្នា​ច្រើន​នៅឡើយ រវាង​ប្រទេស​សមាជិកមួយផ្នែក​ដែល​មាន​ទំនោរ​ទៅរកចិន និង​មួយផ្នែក​ទៀត​​ដែលមាន​ទំនោរ​ទៅ​ខាង​អាមេរិក៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?