អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

តើហេតុអ្វី​បានជា​កំណើន​ហួសហេតុ​នៃ​ឧស្សាហកម្ម​ចិន​អាច​បង្កជា​បញ្ហា​សេដ្ឋកិច្ច?

កាលពីពេលថ្មីៗ​កន្លងទៅនេះ សភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​ក្នុង​ប្រទេស​ចិន​បាន​ចេញផ្សាយ​របាយការណ៍​មួយ​បង្ហាញ​ថា វិស័យឧស្សាហកម្ម​របស់​ចិន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុងតែ​មាន​កំណើន​លឿន​ហួសហេតុ ដែល​អាច​នឹង​បង្ក​នូវ​បញ្ហា​ធ្ងន់ធ្ងរ​ទៅដល់​សេដ្ឋកិច្ច​របស់​ចិន ក៏ដូចជា​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។ តើ​អ្វីខ្លះ​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​ឧស្សាហកម្ម​ចិន​កើនឡើង​ហួសហេតុ​បែបនេះ? តើ​ហេតុអ្វី​បាន​ជា​កំណើន​ឧស្សាហកម្ម​ចិន​នេះ​បែរ​ជា​នឹង​បង្ក​បញ្ហា​ដល់​សេដ្ឋកិច្ច​ទៅវិញ?

រោងចក្រ​ចិន​ផលិត​ទំនិញ​ច្រើន​ហួសហេតុ​លើសពី​តម្រូវការ​ទីផ្សារ
រោងចក្រ​ចិន​ផលិត​ទំនិញ​ច្រើន​ហួសហេតុ​លើសពី​តម្រូវការ​ទីផ្សារ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

យោងតាម​របាយការណ៍​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ក្នុង​ប្រទេស​ចិន ​“កម្លាំងផលិត​ច្រើន​ហួសហេតុ​លើសពី​តម្រូវការ​ទីផ្សារ គឺ​ជា​បញ្ហា​ដែល​កើតមានឡើង​ជាច្រើន​ឆ្នាំមក​ហើយ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​​ចិន ហើយ​បញ្ហា​នេះ​បាន​កើតមានឡើង​កាន់តែ​ធ្ងន់ធ្ងរ នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៥”។

គេ​សង្កេតឃើញ​ថា បញ្ហា​នេះ​កើតមានឡើង​ខ្លាំង​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុនធ្ងន់ ដូចជា ការផលិត​ដែកថែប អាលុយមីញ៉ូម និង​ស៊ីម៉ង់ ជាដើម។ ជាឧទាហរណ៍ នៅ​ក្នុង​វិស័យ​ដែកថែប គេ​សង្កេតឃើញ​ថា ជប៉ុន ឥណ្ឌា អាមេរិក និង​រុស្ស៊ី ដែល​សុទ្ធសឹង​ជា​​ប្រទេស​ផលិតដែកថែប​លំដាប់កំពូល​ក្នុង​ពិភពលោក ក៏ប៉ុន្តែ បើទោះបីជា​បូករួម​បញ្ចូល​គ្នា​ទាំងបួន​ប្រទេស​​នេះ​ក៏ដោយ ក៏​នៅ​មិនទាន់​អាច​ផលិត​ដែកថែប​បាន​​ស្មើ​នឹង​ប្រទេស​ចិន​មួយ​ផង ក្នុងមួយឆ្នាំៗ។  រីឯ​ក្នុង​វិស័យ​ផលិត​ស៊ីម៉ង់វិញ គេឃើញ​ថា គ្រាន់តែ​ក្នុងរយៈពេល​២ឆ្នាំ​ប៉ុណ្ណោះ ចិន​ផលិត​ស៊ីម៉ង់​បាន​ច្រើន​ជាង​អ្វី​ដែល​អាមេរិក​ផលិតនៅ​​ក្នុងពេញ​​មួយសតវត្សរ៍ទី២០​ទៅទៀត។

មូលហេតុ​ចម្បងបំផុត​ដែល​នាំ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ចិន​មាន​កំណើន​លឿន​ហួសហេតុ​បែបនេះ គឺ​ដោយសារ​តែមានការ​ជួយជ្រោមជ្រែង​ច្រើន​ហួសហេតុ ពី​សំណាក់​រដ្ឋាភិបាល ទាំង​រដ្ឋបាលកណ្តាល​នៅ​ប៉េកាំង និង​ទាំង​អាជ្ញាធរ​ដែនដី​នៅតាម​ខេត្តក្រុង។ ការ​បញ្ចូល​សាច់ប្រាក់​ទៅ​ក្នុង​ទីផ្សារ​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ព្រមទាំង​ការ​ជួយ​សម្រួល​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប ដែល​រដ្ឋាភិបាល និង​ធនាគារ​កណ្តាល​ចិន​បាន​ធ្វើ​ចាប់តាំង​ពី​​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០០៨​មក​នោះ ក៏​ជា​មូលហេតុ​ដ៏​ធំមួយ​ទៀត ដែល​ធ្វើ​ឲ្យ​ការ​បោះទុនវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ការកើនឡើងកាន់តែ​ខ្លាំង​ថែម​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា គឺ​ចាប់ពីឆ្នាំ​២០០៨​នេះមក ដែល​​កំណើន​វិស័យ​ឧស្សាកម្ម​ចិន​ចាប់មាន​សន្ទុះ​កាន់​តែខ្លាំង គឺ​កើនឡើង​ស្ទើរតែ​ទ្វេដង។

ជាលទ្ធផល​ ផលិតផល​ដែល​ផលិតបាន​មកមាន​ចំនួន​ច្រើន​ហួសហេតុ លើសពី​តម្រូវការ​នៅលើទីផ្សារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ត្រូវ​ធ្លាក់​ចុះយ៉ាងគំហុក ហើយ​ផលិតផល​មួយ​ផ្នែក​ធំ​ក៏​ត្រូវ​សល់​ក្នុង​ឃ្លាំង​មិនអាច​លក់​ចេញបាន។ រោងចក្រ​មាន​ច្រើន​តែ​បរិមាណ ក៏ប៉ុន្តែ មិនគុណភាព​ខាង​ហិរញ្ញវត្ថុ ដោយ​រោងចក្រ​​រហូតដល់​ទៅ​ជិតពាក់កណ្តាល​សុទ្ធតែ​ជា​រោងចក្រ​ដែល​រកស៊ី​ខាត ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការក្ស័យធន។ បុគ្គលិក​រោងចក្រ​ត្រូវ​ប្រឈមមុខ​នឹង​ការបាត់បង់​ការងារ ហើយ​ធនាគារ​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​រោងចក្រ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការខាតបង់​។ ទាំងអស់​នេះ​សុទ្ធតែ​ជា​គ្រឿងផ្សំ ដែល​បង្ក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ចិន។

អ្វី​ដែល​ធ្វើ​ឲ្យ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​ផលប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កំណើន​ហួសហេតុ​នៃ​វិស័យ​ឧស្សាហកម្ម​របស់​ចិន​ ​មិនមែនកើតឡើង​តែ​ចំពោះ​សេដ្ឋកិច្ច​របស់​ចិន​ប៉ុណ្ណោះទេ តែ​ចំពោះ​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក ពីព្រោះ​ថា នៅពេល​ដែល​បរិមាណ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​មាន​ច្រើន​ហួស​ពីតម្រូវការ​នៅលើ​ទីផ្សារ តម្លៃ​ផលិតផល​ត្រូវ​ធ្លាក់ចុះ​ទាំង​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ហើយ​លើសពីនេះ​ទៅទៀត​លំហូរ​នៃ​ផលិតផល​ថោកៗ​មក​ពីចិន​ធ្វើ​ឲ្យ​ច្រាល់ទីផ្សារ​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​មិនអាច​លក់​ផលិតផល​របស់​ខ្លួន​ចេញបាន។

តាមការពិត ចិន​​ក៏​ទទួលស្គាល់​ដែរ អំពី​ហានិភ័យ​ដែល​អាច​បង្កឡើង​ដោយ​កំណើន​​ខ្លាំងហួសហេតុ​​នៃ​វិស័យឧស្សាហកម្ម​របស់​ខ្លួន ហើយ​រដ្ឋាភិបាល​របស់​លោក​លី ខឺឈាំង ធ្លាប់​បាន​លើកឡើង អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន ក្នុងការ​កាត់បន្ថយ​កំណើន​ឧស្សាហកម្ម កុំ​ឲ្យ​កើនឡើង​លើស​ពី​តម្រូវការ​ទីផ្សារ។ ក៏ប៉ុន្តែ ដំណោះស្រាយ​បញ្ហា​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ឧបសគ្គដ៏ធំមួយ គឺ​បញ្ហា​អ្នក​អត់ការងារ​ធ្វើ ពីព្រោះ​ថា នៅ​ពេល​ដែលណា​ដែល​សកម្មភាព​ផលិត​ត្រូវ​កាត់បន្ថយ​​ ​រោងចក្រ​ប្រាកដ​ជា​នឹង​​ត្រូវ​កាត់បន្ថយ​បុគ្គលិក។ ឧបសគ្គដ៏ធំមួយ​ទៀត គឺ​ការ​ជំទាស់​ពី​សំណាក់​អាជ្ញាធរ​ដែនដី​នៅតាម​ខេត្តក្រុង ដោយសារ​តែ​ពួកគេ​មិន​ចង់​បាត់បង់​ចំណូល​ដែល​បាន​មក​ពី​ការ​យកពន្ធ​លើ​រោងចក្រ និង​មិន​ចង់​ឲ្យ​មាន​បញ្ហា​អត់ការងារ​ធ្វើ នៅ​ក្នុង​រង្វង់​ដែនដី​របស់​ពួកគេ។

កាលពីថ្ងៃ​អាទិត្យ​កន្លងទៅនេះ ប្រធានគណៈកម្មការ​កំណែទម្រង់​និង​អភិវឌ្ឍសេដ្ឋកិច្ច​ចិន បាន​ព្យាយាម​រំងាប់​ក្តីបារម្ភ ដោយលើកឡើង​ថា កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​កំណើន​ហួសហេតុ​នៃ​​វិស័យ​ឧស្សាហកម្ម​​​​​នឹង​មិន​បង្ក​ឲ្យ​មានបញ្ហា​អ្នកអត់ការងារ​ធ្ងន់ធ្ងរ​នោះទេ ពីព្រោះ​កំណើន​សេដ្ឋកិច្ច​ចិន​អាច​នឹង​ធ្វើ​ឲ្យ​សកម្មភាព​​នៅ​ក្នុង​វិស័យ​ផ្សេង​មាន​ការ​កើនឡើង ហើយ​អាច​​​បង្កើតការងារ​បាន​គ្រប់គ្រាន់ ដើម្បី​ស្រូបយក​បុគ្គលិក ដែល​ត្រូវ​កាត់បន្ថយ​​ពី​វិស័យ​ឧស្សាហកម្ម។

ក៏ប៉ុន្តែ បញ្ហា​ដែល​ចោទ គឺ​នៅត្រង់​ថា នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​ចិន​កំពុងតែ​មាន​កំណើន​យ៉ាងទាប​​​មិន​ធ្លាប់​ឃើញ​មាន​ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ យោងតាម​ការព្យាករ និង​ទិសដៅ ដែល​កំណត់​ដោយ​លោក​នាយករដ្ឋមន្រ្តី លី ខឺឈាំង សេដ្ឋកិច្ច​របស់​ចិន​​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​នឹង​មាន​កំណើន​តែ​ប្រមាណ​ពី ៦,៥% ទៅ ៧% ប៉ុណ្ណោះ ហើយ​កាលពីពេល​កន្លងមក លោក​ លី ខឺឈាំង ខ្លួនឯង​ផ្ទាល់​ធ្លាប់​បាន​លើកឡើង​ថា ចិន​ត្រូវការ​កំណើន​សេដ្ឋកិច្ច​យ៉ាងតិច ៧% ទើប​អាច​បង្កើតការងារ​បាន​គ្រប់គ្រាន់ ក្នុងការ​ស្រូបយក​កម្លាំង​ពលកម្ម​ថ្មីៗ និង​បញ្ចៀសបញ្ហា​អ្នក​អត់ការងារ​ធ្វើ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ