rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌា អាមេរិក រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រឈម​នឹង​ទណ្ឌកម្ម​អាមេរិក​ ឥណ្ឌា​ចេញ​ការពារសិទ្ធិ​របស់​ខ្លួន​ក្នុងការ​ទិញ​អាវុធ​ពី​រុស្ស៊ី​

media
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ជេហ្សានការ៍ (S.Jaishankar)។ Lehtikuva/Martti Kainulainen via REUTERS ATTENTION EDITORS

កាលពីឆ្នាំទៅមិញ រដ្ឋាភិបាលឥណ្ឌាបានសម្រេចទិញប្រព័ន្ធខែលមីស៊ីលជាច្រើនគ្រឿង ពីរុស្ស៊ី ដែលជាហេតុនាំឲ្យអាមេរិករបស់លោកដូណាល់ ត្រាំ មិនពេញចិត្តជាខ្លាំង។ ការណ៍នេះ ជំរុញឲ្យឥណ្ឌា ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីអាមេរិក។ តែទោះជាយ៉ាងណាក្តី កាលពីថ្ងៃចន្ទទី ៣០ កញ្ញាម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានចេញមុខនិយាយការពារថា ប្រទេសខ្លួនមានសិទ្ធិ ក្នុងការទិញអាវុធពីរុស្ស៊ី បើទោះជាប្រឈមនឹងទណ្ឌកម្មរបស់អាមេរិកយ៉ាងណាក៏ដោយ។


ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ជេហ្សានការ៍ (S.Jaishankar) បានឲ្យដឹងថា លោកបានពិភាក្សាអំពីក្តីព្រួយបារម្ភរបស់អាមេរិក ទាក់ទងទៅនឹងការព្រមព្រៀងទិញប្រព័ន្ធខែលមីស៊ីលS-400 របស់ឥណ្ឌា ពីប្រទេសរុស្ស៊ី។

តែទោះបីជាស្ថិតនៅក្នុងកាលៈទេសៈតានតឹង ជាមួយនឹងអាមេរិកយ៉ាងណាក្តី ក៏ឥណ្ឌានៅតែប្រកាន់ជំហរ ទិញអាវុធពីប្រទេសរុស្សីដដែល។ ជាក់ស្តែង មុខពេលជួបប្រជុំជាមួយ លោក ម៉ៃក៏ ប៉ុមប៉េអូ ប្រមុខការបរទេសអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកជេហ្សានការ៍ បាននិយាយទៅកាន់ក្រុមអ្នកយកព័ត៌មានថា ឥណ្ឌាមានសិទ្ធិក្នុងការទិញអាវុធ ដែលខ្លួនត្រូវការចង់ទិញ ចង់បាន។ លោកបន្តថា សេរីភាពក្នុងការទិញអាវុធ គឺឥណ្ឌាមាននៅក្នុងដៃរបស់ខ្លួន ហើយប្រទេសដទៃគួរតែយល់អំពីបញ្ហានេះ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌារូបនេះ ថែមទាំងសង្កត់ធ្ងន់ទៀតថា ក្នុងនាមជារដ្ឋឯករាជ្យមួយ ឥណ្ឌាមិនត្រូវការ ហើយក៏មិនចូលចិត្តឲ្យប្រទេសដទៃ ប្រាប់ឥណ្ឌាឲ្យទិញនេះ ឬមិនទិញនោះ ពីប្រទេសរុស្ស៊ីឡើយ។ ដូចគ្នានេះ ឥណ្ឌា ក៏មិនពេញចិត្តឲ្យប្រទេសណាមួយ ប្រាប់ឥណ្ឌាឲ្យទិញ ឬក៏មិនទិញអ្វីពីអាមេរិកដែរ។

គួរជ្រាបថា ឥណ្ឌា ដែលជាប្រទេសសម្ព័ន្ធមិត្ត របស់អតីតសហភាពសូវៀត បានព្រមព្រៀងទិញប្រព័ន្ធខែលមីស៊ីលS-400 ចំនួន ៥ គ្រឿង ក្នុងតម្លៃទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ ពីរុស្ស៊ី កាលពីឆ្នាំ ២០១៨ កន្លងទៅ។ ពីខាងទីក្រុងមូស្គូ រុស្ស៊ី ថាកំពុងរៀបចំតៀមដឹកអាវុធឲ្យឥណ្ឌាដែលជាអតិថិជនរបស់ខ្លួនហើយ។

គួរជ្រាបដែរថា តាមរយៈច្បាប់មួយ ដែលអនុម័តបានកាលពីឆ្នាំ ២០១៧​ សហរដ្ឋអាមេរិក បានសម្រេច ដាក់ទណ្ឌកម្មទៅលើប្រទេសទាំងឡាយណា ដែលទិញអាវុធក្នុងចំនួនច្រើន ពីប្រទេសរុស្ស៊ី។ រុស្សី ដែលរងការចោទប្រកាន់ថាបានប្រើកងកម្លាំងទ័ព នៅក្នុងប្រទេសអ៊ុយគ្រែន និងស៊ីរី ព្រមទាំងរងបទចោទប្រកាន់ថាបានលូកដៃចូលកកូរកកាយក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦៕