rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ.ស.ប. សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​សិទ្ធិមនុស្ស​អ.ស.ប​ប្រកាស​មិនឈរឈ្មោះ​អាណត្តិថ្មី​ព្រោះ​មិនចង់ ​"ឱនក្បាល" ​សុំតំណែង

media
លោក ហ្សេដ រ៉ាដ អាល់ហ៊ូសេន (Zeid Ra'ad Al Hussein) ឧត្តមស្នងការ​​អ.ស.ប​ទទួលបន្ទុក​សិទ្ធិមនុស្ស Fabrice COFFRINI / AFP

ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អ.ស.បបាន​ប្រកាស​ឲ្យដឹង កាលពីថ្ងៃ​ពុធ​ទី២០ធ្នូ​ម្សិលមិញ​នេះ​ថា នៅ​ពេល​ដែល​អាណត្តិ​របស់​លោក​ត្រូវ​ផុត នៅខែ​សីហា​ឆ្នាំ២០១៨​ខាងមុខនេះ លោក​នឹង​មិន​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ទី២​ទៀត​នោះទេ ដោយ​លើកឡើង​ពី "​​​បរិបទ​នៃ​ភូមិសាស្រ្ត​នយោបាយ​​មិន​អំណោយផល" ហើយ​ថា លោក​មិន​ចង់​លុតជង្គង់​អង្វរ​សុំ​តំណែង​ពី​ប្រទេស​ណាមួយ​នោះទេ។


“នៅ​ក្នុង​បរិបទ​នៃ​ភូមិសាស្រ្ត​នយោបាយ​បច្ចុប្បន្ន​នេះ ប្រសិនបើ​ខ្ញុំ​ចង់​បន្ត​តំណែង​​មួយ​អាណត្តិ​ទៀត គឺ​​ប្រាកដ​ជា​ត្រូវ​​​លុតជង្គង់​អង្វរគេ ហើយ​​ត្រូវ​ធ្វើ​សម្បទាន ដោយ​ត្រូវកាត់បន្ថយ​ការ​និយាយ​រិះគន់​រឿង​រំលោភសិទ្ធិមនុស្ស, ​កាត់បន្ថយ​​ជំហរ​ឯករាជ​របស់​ខ្ញុំ” នេះ​គឺ​ជា​ខ្លឹមសារនៃ​លិខិត​របស់​លោក​ ហ្សេដ អាល់ហ៊ូសេន (Zeid Ra’ad Al-Hussein) ផ្ញើ​តាម​អ៊ីមែល​ទៅកាន់​បុគ្គលិក​ទាំងអស់​នៃ​ឧត្តមស្នងការដ្ឋាន​​អ.ស.ប. ទទួល​បន្ទុក​សិទ្ធិមនុស្ស កាលពីថ្ងៃ​ពុធ​ទី២០​ធ្នូ។

អ្វីដែល​លោក​ហ្សេដ អាល់ហ៊ូសេន​ បាន​លើកឡើង​នៅ​ក្នុង​អ៊ីមែល​ទៅ​បុគ្គលិក​នេះ គឺ​ស្រដៀងគ្នា​ទៅនឹង​អ្វី​ដែល​លោក​បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ នៅ​ក្នុង​បទសម្ភាសន៍ កាល​ពីដើម​សប្តាហ៍​ដែល​ថា លោក​មិនចង់​កាន់តំណែង ដែលបាន​មក​ពី​ការចរចា និង​ធ្វើ​សម្បទាន​ទៅតាម​សម្ពាធ​របស់​មេដឹកនាំ​នយោបាយ​ណាមួយ​នោះទេ។

បើទោះបីជា​លោក​ហ្សេដ អាល់ហ៊ូសេន មិន​បាន​និយាយ​ចំៗឈ្មោះ​ទៅលើ​ប្រទេស​ណាមួយ ឬ​មេដឹកនាំ​នយោបាយ​ណាមួយ ក៏ប៉ុន្តែ នៅ​មួយរយៈកាល​ចុងក្រោយ​នេះ មាន​សេចក្តីរាយការណ៍​ថា លោក​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​រងសម្ពាធ​ច្រើន​ពី​លោក​អគ្គលេខាធិការ​អ.ស.ប ឲ្យ​ធ្វើការ​កាត់បន្ថយ​ការ​​និយាយ​រិះគន់​​ទៅលើ​សហរដ្ឋ​អាមេរិក​ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស។

គេ​នៅចាំបានថា កន្លងមក លោក​ហ្សេដ អាល់ហ៊ូសេន ធ្លាប់​បាន​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​រិះគន់​លោក​ដូណាល់ត្រាំ តាំងពី​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់​ពេល​ដែល​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។

នៅ​ពេល​ដែល​លោក​ដូណាល់ត្រាំ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា លោក​នឹង​ហាម​អ្នក​កាន់​សាសនា​ឥស្លាម​មិន​ឲ្យ​ធ្វើ​ដំណើរ ឬ​ធ្វើ​អន្តោប្រវេសន៍​ទៅកាន់​សហរដ្ឋ​អាមេរិក លោក​ហ្សេដ អាល់ហ៊ូសេន បាន​ហៅ​ការ​សន្យា​នេះ​ថា​ជា “ទង្វើ​ខ្វះការ​ទទួលខុសត្រូវ” ហើយ​ក្រោយ​មក​ទៀត នៅ​ពេល​ដែល​លោក​ដូណាល់ត្រាំ ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក ធ្វើការ​រិះគន់​ម្តងហើយ​ម្តងទៀត ទៅលើ​​ប្រព័ន្ធផ្សព្វផ្សាយ​ ដោយ​ដាក់ឈ្មោះ​ថា “Fake News” លោក​ហ្សេដ អាល់ហ៊ូសេន បាន​ហៅទង្វើ​របស់​លោក​ដូណាល់ត្រាំ​ថា​ជា “ការញុះញង់​ឲ្យ​ស្អប់​អ្នក​សារព័ត៌មាន”។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក គឺ​ជា​ប្រភពហិរញ្ញវត្ថុ​ដ៏​ធំបំផុត សម្រាប់​ការ​ចំណាយ​របស់​អ.ស.ប ហើយ​លោក​ដូណាល់ត្រាំ​ក៏​​កំពុងតែ​ចង់​កាត់បន្ថយ​លុយ​ទៅ​ឲ្យ​អ.ស.ប​ស្រាប់ផងដែរ។ ដូច្នេះ ការរិះគន់​​ពី​សំណាក់​អ.ស.ប ទៅ​លើ​លោក​ដូណាល់ត្រាំ នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ គឺ​ជា​រឿង​ដ៏រសើប សម្រាប់​អ.ស.ប៕