rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ភរិយា​​របស់​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ត្រូវ​កាត់ទោស​ពី​បទ​ប្រើប្រាស់​ថវិការដ្ឋ

media
ភរិយារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបេនចាមិន នេតាន់យ៉ាហ៊ូ ពេលទៅដល់តុលាការ ក្រុងហ្ស៊េរុយសាឡិម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។ Debbie Hill/Pool via REUTERS

តុលាការអ៊ីស្រាអែល នៅអាទិត្យ ទី១៦ មិថុនា បានផ្តន្ទាទោសភរិយារបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល គឺលោកស្រីសារ៉ា នេតាន់យ៉ាហ៊ូ ពីបទលួចបន្លំថវិការដ្ឋ ដើម្បីទិញអាហារថ្លៃៗជាច្រើនសិបដង។ លោកស្រីសារ៉ា​ បានទទួលស្គាល់ពីទោសកំហុស ក៏ប៉ុន្តែបានចរចាតថ្លៃ ចំនួនប្រាក់ពិន័យ ដែលសម្រេចដោយតុលាការ។


លោកស្រីសារ៉ា នេតាន់យ៉ាហ៊ូ មានវ័យ ៦០ ឆ្នាំ ដំបូងឡើយរងការចោទប្រកាន់ ពីបទលួចបន្លំ និងរំលោភលើសេចក្តីទុកចិត្ត កាលពីខែមិថុនា ឆ្នាំមុន។ លោកស្រី រងបទចោទ ថាបានចំណាយថវិកាសាធារណៈចំនួនប្រមាណ ៩៩ ៣០០ ដុល្លារ ទៅលើម្ហូបអាហារថ្មីៗ ពីខាងក្រៅ ក្រោមលេសថា គ្មានចុងភៅចម្អិនអាហារ នៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីទេ។

នៅក្នុងសវនាការ ក្នុងក្រុងហ្ស៊េរុយសាឡិម នាថ្ងៃអាទិត្យនេះ លោកស្រីសារ៉ា នេតាន់យ៉ាហ៊ូ បានទទួលស្គាល់ពីទោសកំហុស ប៉ុន្តែបានតថ្លៃចំពោះការសម្រេចរបស់តុលាការ ដែលពីដំបូងតម្រូវឲ្យលោកស្រីបង់ប្រាក់សំណងជូនរដ្ឋចំនួន ១០ ម៉ឺនដុល្លារ។

ក្រោយការចរចា ដេញថ្លៃ រួចមក នៅទីបំផុតតុលាការអ៊ីស្រាអែល បានព្រមព្រៀងឲ្យភរិយាលោកនាយករដ្ឋមន្ត្រី សងសំណងជូនរដ្ឋត្រឹមចំនួនប្រមាណជា ១២ ៥០០ ដុល្លារវិញ និងពិន័យជាប្រាក់ប្រមាណ ២ ៨០០ ដុល្លារ។

ទាក់ទងនឹងរឿងរ៉ាវនេះដែរ មេធាវីម្នាក់ ដែលចូលរួមកាត់ក្តី បាននិយាយថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងភាគីទាំងពីរ មានភាពយុត្តិធម៌ហើយ ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពត្រឹមត្រូវ ដែលលោកស្រីសារ៉ា នេតាន់យ៉ាហ៊ូ គួរតែធ្វើហើយដែរ។

ជាមួយគ្នានេះ ព្រះរាជអាជ្ញាម្នាក់ទៀត បានលើកឡើងថា ក្នុងការចរចា តថ្លៃទៅវិញទៅមក ភាគីនីមួយៗត្រូវធ្វើសម្បទានឲ្យគ្នា ហើយជួនកាលមានសម្បទានខ្លះ ជាសម្បទានធំ។ ក៏ប៉ុន្តែ បើវាជាការធ្វើត្រឹមត្រូវ ហើយសមស្របសម្រាប់ផលប្រយោជន៍សាធារណៈ ករណីនេះគួរតែដល់ពេលដែលត្រូវបញ្ចប់ហើយ។

គូរជម្រាបជូនថា ក្រោយការព្រមព្រៀងគ្នា នាថ្ងៃអាទិត្យនេះ តុលាការអ៊ីស្រាអែល ដ៏បានសម្រេច ទម្លាក់ចោលនូវបទចោទប្រកាន់ ប្រឆាំងនឹងភរិយាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ ហើយដែរ។

ដោយឡែក ខណៈពេលដែលករណីលួចបន្លំរបស់ភរិយាត្រូវបានដោះស្រាយរួចរាល់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ឯណោះវិញ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់អំពីបទប្រព្រឹត្តអំពើពុករលួយ នៅប៉ុន្មានខែខាងមុខទៀត។

លោកនេតាន់យ៉ាហ៊ូ រងបទចោទចំនួនបីករណី ក្នុងនោះរួមមាន ការទទួលសំណូកសូកប៉ាន់ ការលួចបន្លំ និងការរំលោភបំពានទំនុកចិត្ត ហើយនាខណៈនេះលោកកំពុងស្វះស្វែងរកការការពារតាមផ្លូវច្បាប់៕