អានតួអត្ថបទ

រដ្ឋាភិបាល​អេស្ប៉ាញ​នឹង​ចាប់ផ្តើម​នីតិវិធី​ព្យូរ​ស្វយ័តភាព​ពី​តំបន់​កាតាឡូញ៉ា

ថ្ងៃព្រហស្បតិ៍​នេះ​ជា​ថ្ងៃផុត​ឧសានវាទ ដែល​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ដាក់​ឲ្យ​មេដឹកនាំ​តំបន់​កាតាឡូញ៉ា​ផ្តល់​នូវ​ចម្លើយ​ដោយ​ជាក់ច្បាស់​ថា តើ​ពួកគេ​ពិតជា​ប្រកាស​ឯករាជ្យ ឬ​បោះបង់ចោល​ការ​ទាមទារ​ឯករាជ្យ។ ប្រមុខរដ្ឋបាល​កាតឡូញ៉ា​បាន​ផ្តល់​ចម្លើយ​ទៅ​រដ្ឋាភិបាល​អេស្ប៉ាញ​មុន​ផុត​ឧសានវាទ ក៏ប៉ុន្តែ ចម្លើយ​នេះ​នៅតែ​មាន​ភាព​ស្រពិចស្រពិល​ដូចពីមុន ហើយ​រដ្ឋាភិបាល​អេស្ប៉ាញ​ក៏​បាន​ចេញ​សេចក្តីប្រាស​ថា​នឹង​ដំណើរការ​នីតិវិធី ដើម្បី​ឈាន​ទៅ​ព្យូរ​ស្វយ័តភាព​ពី​តំបន់​កាតាឡូញ៉ា។

ក្រុម​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់ Barcelona ឆ្លៀត​ពេល​ប្រកួត កាល​ពីយប់ថ្ងៃ​ពុធ ១៨តុលា លើកទង់ជាតិ​គាំទ្រ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា
ក្រុម​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់ Barcelona ឆ្លៀត​ពេល​ប្រកួត កាល​ពីយប់ថ្ងៃ​ពុធ ១៨តុលា លើកទង់ជាតិ​គាំទ្រ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា REUTERS/Albert Gea
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចម្លើយ​ជា​លាយលក្ខណ៍​អក្សរ​តប​ទៅនឹង​ឧសានវាទ​របស់​រដ្ឋាភិបាល​អេស្ប៉ាញ ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា​បាន​បញ្ជាក់ថា កាតាឡូញ៉ា​នឹង​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ ប្រសិន​បើ​រដ្ឋាភិបាល​អេស្ប៉ាញ​នៅតែ​បន្ត​ “ការបង្រ្កាប” ហើយ​មិន​បើក​កិច្ចចរចា​។

ភ្លាមៗ រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ​បាន​​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​​មួយ​ឆ្លើយ​តបទៅវិញ​ថា ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា​មិនបាន​ផ្តល់​ចម្លើយ​ច្បាស់លាស់ ទៅតាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​នោះទេ ពោលគឺ នៅតែ​បន្ត​រក្សា​ភាព​ស្រពិចស្រពិល​ជុំវិញ​គម្រោង​ប្រកាស​ឯករាជ្យ​ដដែល។ ដូច្នេះ ទើប​រដ្ឋាភិបាល​សម្រេច​ថា​នឹង​បន្ត​នីតិវិធី ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ឈាន​ទៅ​ព្យួរ​ស្វយ័តភាព​តំបន់​កាតាឡូញ៉ា ដោយ​យក​អំណាច​ទាំងអស់​មក​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​កណ្តាលវិញ។

រដ្ឋាភិបាល​អេស្ប៉ាញ​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា នីតិវិធី​ព្យួរ​ស្វយ័តភាព​តំបន់​កាតាឡូញ៉ា​នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​វិសាមញ្ញ​មួយ ដែល​នឹង​ត្រូវ​បើក​ធ្វើ នៅថ្ងៃ​សៅរ៍ ទី២១ តុលា ​ខាងមុខនេះ។

គួររំឭកឡើងវិញ​ថា រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ ត្រង់​មាត្រា ១៥៥ មានចែង​ពី​សិទ្ធិ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ ក្នុងការ​ព្យូរ​ស្វយ័តភាព​តំបន់ ក្នុងករណី​មាន​វិបត្តិ​។ ក៏ប៉ុន្តែ ចាប់តាំង​ពី​រដ្ឋធម្មនុញ្ញ​ចូល​ជាធរមាន កាល​ពីឆ្នាំ​១៩៧៨​មក មាត្រា ១៥៥​នេះ មិន​ធ្លាប់​ដែល​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​នោះទេ។

ទោះជាយ៉ាងណា រយៈពេល​ពីរថ្ងៃ​នេះ គឺ​ចាប់ពីថ្ងៃ​នេះ រហូតដល់​ពេល​ដែល​រដ្ឋាភិបាល​អេស្ប៉ាញ​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​វិសាមញ្ញ ទ្វារ​នៅ​តែ​បើក​ចំហ​ឲ្យ​មាន​ច្រកចេញ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ ហើយ​បើ​យោងតាម​ប្រភព​ពី​រដ្ឋាភិបាល​អេស្ប៉ាញ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ច្រកចេញ​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ​អាចទទួល​យក​បាន គឺ​ការ​រៀបចំ​បោះឆ្នោត​តំបន់​កាតាឡូញ៉ា​មុន​កាល​កំណត់។

រហូតមកទល់​នឹង​ពេលនេះ ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា​​នៅតែ​បន្ត​បដិសេធ​យ៉ាង​ដាច់​អហង្ការ​មិនព្រម​រំលាយ​សភា​តំបន់ ហើយ​រៀបចំ​បោះឆ្នោត​មុន​កាល​កំណត់នោះទេ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នេះ សម្ពាធ​ក៏​កំពុង​តែ​កើតមាន​ខ្លាំង​ដែរ​ឲ្យ​កាតាឡូញ៉ា​បោះបង់​ចោល​គម្រោង​ប្រកាស​ឯករាជ្យ ហើយ​សម្ពាធ​ខ្លាំង ហើយ​ដែល​អាច​មាន​ឥទ្ធិពល​ជាងគេ គឺ​មក​ពី​ខាង​ក្រុមហ៊ុន​និង​សហគ្រាស។ ​តួលេខ​ដែល​បាន​ពី​បញ្ជី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេស្ប៉ាញបង្ហាញ​ថា មាន​ក្រុមហ៊ុន​រហូតដល់​ទៅជាង ៨០០​ក្រុមហ៊ុន ក្នុងនោះ​ក៏​រួមមាន​ទាំង​ធនាគារ​ធំៗ​ផង បាន​នាំគ្នា​រើទីស្នាក់ការ​របស់​ខ្លួន​ចេញ​ពី​តំបន់​កាតាឡូញ៉ា ចាប់តាំង​ពី​មាន​ការ​បោះឆ្នោត​ប្រជាមតិ​ កាល​ពី​ខែកញ្ញា​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ