rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អូស្រ្តាលី នយោបាយ អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជ័យជម្នះ​របស់​បក្សកាន់អំណាច​ក្នុងការ​បោះឆ្នោត​សភា​បង្កជា​ការភ្ញាក់ផ្អើល​ខ្លាំង​នៅ​អូស្រ្តាលី​

media
លោកនាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុន ថ្លែងអំពីជ័យជម្នះក្នុងការបោះឆ្នោតទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅក្នុងទីក្រុងស៊ីដនី នាថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៩។ AAP Image/Dean Lewins/via REUTERS

គណបក្សសេរីនិយម ដែលជាបក្សកាន់អំណាចរបស់ប្រទេសអូស្រ្តាលីនៅទីបំផុត បានដណ្តើមយកជ័យជម្នះ នៅក្នុងការបោះឆ្នោតសភានាថ្ងៃសៅរ៍ទី ១៨ ខែឧសនា។ លទ្ធផលនេះបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះថាវាខុសគ្នាផ្ទុយស្រឡះតែម្តង ពីការស្ទង់មតិដែលទស្សន៍ទាយថា បក្សកាន់អំណាចចាញ់ឆ្នោត ហើយបក្សប្រឆាំងទេ ដែលជាអ្នកទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេនោះ។


មុននេះបន្តិច នៅគ្រប់ទិសទី គ្រប់ទីកន្លែង ក្នុងប្រទេសអូស្ត្រាលី គេឮតែពីការរំពឹងទុក និងការស្ទាបស្ទង់មតិដែលថា គណបក្សប្រឆាំងនឹងឈ្នះការបោះឆ្នោតសភានាឆ្នាំ២០១៩ នេះ។

លទ្ធផលមិនដូចការរំពឹងទុក និងរឹតតែមិនដូចជា ការស្ទាបស្ទង់មតិដែលបានចុះផ្សាយព្រោងព្រាត បានធ្វើឲ្យសមាជិកបក្សប្រឆាំងគឺបក្សពលករ និងអ្នកគាំទ្រ ខកចិត្តមិនតិចនោះទេ។ ជាក់ស្តែង ក្រោយទទួលបានដំណឹងមិនសមបំណងនេះភ្លាម លោក Bill Shorten បានប្រកាស លាលែងចេញពីតំណែងជាមេដឹកនាំបក្សប្រឆាំងទៀតផង។

តែទោះជាយ៉ាងណាក្តី លោក Bill Shorten បានទទួលស្គាល់ពីបរាជ័យក្នុងការបោះឆ្នោតលើកនេះ ហើយលោកថែមទាំងបានផ្ញើសារអបអរសាទរ ទៅកាន់លោកនាយករដ្ឋមន្ត្រីស្កុត ម៉ូរីសុនទៀតផង។

គួរជ្រាបដែរថា ភ្លាមៗក្រោយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតត្រូវបានប្រកាស លោកស្កុត ម៉ូរីសុនបានឡើងថ្លែងអំពីជ័យជម្នះដ៏អស្ចារ្យនេះ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងទីក្រុងស៊ីដនី។

បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីម៉ូរីសុន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋអូស្ត្រាលី ដែលបានការផ្តល់ការគាំទ្រ ឱ្យគណបក្សរបស់លោកទទួលបាននូវជ័យជម្នះ ដ៏មិនគួរឲ្យជឿនេះ។

ទោះបីជាលទ្ធផលនៃការបោះឆ្នោតបណ្តោះអាសន្នបង្ហាញថា គណបក្សកាន់អំណាច គឺបក្សសេរីនិយមឈ្នះឆ្នោតយ៉ាងណាក្តី ក៏រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើលោកម៉ូរីសុន នឹងដឹកនាំរដ្ឋាភិបាលដោយភាគតិច ឬភាគច្រើននោះ។

សូមរំឭកជូនថា ប្រធានបទពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ បានក្លាយជាគោលនយោបាយដ៏សំខាន់មួយ ក្នុងយុទ្ធនាឃោសនាបោះឆ្នោត នៅក្នុងប្រទេសអូស្ត្រាលីនាអាណត្តិនេះ។ គណបក្សប្រឆាំងបានចាប់យកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាយុទ្ធសាស្ត្រនយោបាយសំខាន់បំផុតមួយរបស់ខ្លួនដែរ ក៏ប៉ុន្តែនៅតែមិនអាចទាក់ទាញសំឡេងគាំទ្របានច្រើនដូចការរំពឹងទុកឡើយ៕