rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អឺរ៉ុប អាមេរិក ចិន បច្ចេកវិទ្យា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អឺរ៉ុប ប្រឈមនឹងការខាតបង់ច្រើនក្នុងករណីមិនរកស៊ីជាមួយ Huawei

media
ដេប៉ូតាំងបង្ហាញទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩។ REUTERS/Jorge Silva

អឺរ៉ុប នាខណៈនេះ កំពុងតែស្ថិតនៅក្នុងការពិចារណា ថាតើគួរឈប់ ឬបន្តការរកស៊ីជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន គឺក្រុមហ៊ុន Huawei។ ក៏ប៉ុន្តែ ប្រសិនណាបើអឺរ៉ុប ដើរតាមអាមេរិក ដោយហាមប្រាមមិនឲ្យក្រុមហ៊ុន Huawei ដំឡើងបច្ចេកវិទ្យាជំនាន់ចុងក្រោយគេ ដែលគេស្គាល់ថា 5G ទេនោះ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តរបស់អឺរ៉ុប ប្រឈមនឹងការខាតបង់ទឹកប្រាក់ប្រមាណជា ៦២ ពាន់លានដុល្លារឯណោះ។ នេះបើយោងតាម ការសិក្សាវាយតម្លៃថ្មីមួយ ដែលមើលឃើញដោយទីភ្នាក់ងារព័ត៌មានបារាំង AFP។


ប្រសិនបើ​អឺរ៉ុប​ហាមឃាត់​បច្ចេកវិទ្យា​របស់ Huawei និង ហាមប្រាមការផ្គត់ផ្គង់គ្រឿងបរិក្ខាររបស់ក្រុមហ៊ុនចិន ZTE ក្នុងគម្រោង​រាយ​បណ្តាញ 5G នោះ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តរបស់អឺរ៉ុប មិនត្រឹមប្រឈមនឹងការខាត់បង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់តែមួយមុខនោះទេ។ ក៏ប៉ុន្តែក្រុមហ៊ុន ក៏នឹងត្រូវប្រឈមនឹងភាពយឺតយ៉ាវក្នុងការទទួលបានប្រព័ន្ធ 5G ជំនាន់ចុងក្រោយគេបង្អស់ សម្រាប់អតិថិជនរបស់ខ្លួនរហូតដល់រយៈពេលរាប់ខែឯណោះ។

យោងតាមការវាយតម្លៃរបស់ GSM ដែលជាសមាគមតំណាងឱ្យប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តនៅជុំវិញពិភពលោក ក្រុមហ៊ុនចិនទាំងពីរគឺក្រុមហ៊ុន Huawei និង ZTE តំណាងឲ្យ ៤០ ភាគរយ នៃទីផ្សារផ្គត់ផ្គង់បរិក្ខារទូរស័ព្ទនៅអឺរ៉ុប។

មួយវិញទៀត Huawei គឺជាក្រុមហ៊ុន ដែលឈានមុខគេលើវិស័យបច្ចេកវិទ្យា​​ 5G ហេតុដូច្នោះហើយ ប្រសិនណាបើ កាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនចិន នោះទីផ្សារអឺរ៉ុបនឹងក្រឡាប់ចាក់ តាមរយៈការឡើងថ្លៃគ្រឿងបរិក្ខារទូរស័ព្ទ និងសេវាក្នុងការដាក់ដំណើរការប្រព័ន្ធ 5G។

តែទោះជាយ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ សហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសជាសមាជិក នៅមិនទាន់សម្រេច ហាមប្រាមការរកស៊ីរបស់ Huawei នៅក្នុងទឹកដីរបស់ខ្លួន ដូចការស្នើសុំរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តនៅឡើយនោះទេ។

តែទោះជាបែបនេះក្តី មានក្រុមហ៊ុនប្រតិបត្តិករមួយចំនួន នៅក្នុងប្រទេសអង់គ្លេស បានប្រកាសដកខ្លួន លែងរកស៊ីជាមួយនឹងក្រុមហ៊ុន Huawei​ ទៀតហើយ ក្រោយការប្រកាសទាមទាររបស់អាមេរិក។

គួររំឭកជូនដែរថា នៅមួយរយៈពេលចុងក្រោយនេះ រដ្ឋបាលអាមេរិក ដឹកនាំដោយលោកត្រាំ បានដាក់ចេញនូវទណ្ឌកម្មជាច្រើន ប្រឆាំងទៅនឹងក្រុមហ៊ុន Huawei​ របស់ចិន ដែលក្នុងនោះក៏មានផងដែរ នូវសេចក្តីហាមប្រាមមិនឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ អាមេរិកលក់បច្ចេកវិទ្យាទៅឲ្យ Huawei។

មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានទាមទារឲ្យអឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Huawei​ ពីព្រោះថា Huawei​ គឺជាក្រុមហ៊ុនឈ្លបយកការណ៍ និងបម្រើផលប្រយោជន៍ឲ្យរដ្ឋាភិបាលក្រុងប៉េកាំង៕