rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាស៊ី ប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្រ្តី​អ.ស.ប​៖ ការ​ប្រយុទ្ធ​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​អាច​សម្រេចបាន​អាស្រ័យ​លើ​អាស៊ី​

media
ស្រះទឹករីងស្ងួតមួយ នៅក្នុងប្រទេសចិន។ REUTERS/Aly Song

យុទ្ធនាការប្រយុទ្ធប្រឆាំង ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ អាចជោគជ័យ ឬមិនជោគជ័យ អាស្រ័យលើសកម្មភាព​ ដែលកើតឡើងនៅក្នុងទ្វីបអាស៊ី។ នេះ គឺជាការលើកឡើងរបស់ក្រុមមន្រ្តីអ.ស.បនៅថ្ងៃសុក្រ ទី២ សីហា។

ជាមួយគ្នានេះ មន្ត្រីអ.ស.ប បានបញ្ជាក់ផងដែរថា អាស៊ី គឺជាតំបន់ ស្រេកឃ្លានថាមពលប្រេងខ្លាំង ដើម្បីយកទៅបំប៉នវិស័យឧស្សាហកម្ម។ ដូច្នោះហើយ ក្នុងករណីដែលអាស៊ីនៅតែបន្តប្រើប្រាស់ថាមពលច្រើននោះ ភពផែនដីនឹងជួបគ្រោះមហន្តរាយដោយជៀសមិនរួចឡើយ។


វាជាការពិត អាស៊ីគឺជាទីកន្លែង ដែលកំណត់ជោគវាសនា នៃការស្រោចស្រង់ភពផែនដី ពីគ្រោះថ្នាក់ដែលបណ្តាលមកពី ការប្រែប្រួលអាកាសធាតុ។ នេះបើតាមសម្តីរបស់លោកស្រី រ៉ាឆែល គីត តំណាងពិសេសរបស់ អ.ស.ប ជំនួសមុខឲ្យលោកអគ្គលេខាធិការអាន់តូនីញ៉ូ ហ្គូទែរស៍។

លោកស្រីរ៉ាឆែល គីត បានព្រមានថា អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតមួយនៅក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ។ ហើយគេក៏រំពឹងទុកហើយថា គឺតំបន់អាស៊ីអាគ្នេយ៍នេះឯង ដែលនឹងមានតម្រូវការថាមពលអគ្គិសនី កើនឡើងរហូត ៣ ដង នៅចន្លោះឆ្នាំ ២០១៥ និង ២០៤០។

គួរកត់សម្គាល់ថា ដើម្បីទទួលបានថាមពលយកទៅប្រើប្រាស់តាមតម្រូវការ គម្រោងរោងចក្រធ្យូងថ្មថ្មីៗជាច្រើន នៅតែបន្តរីកដុះដាល ក្នុងតំបន់នេះ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន និងបណ្តាប្រទេសផ្សេងៗទៀត រួមទាំងប្រទេសជប៉ុនទៀតផង។

និន្នាការដែលកំពុងតែកើតឡើងនៅអាស៊ីនេះ ​គឺជាគ្រោះថ្នាក់ខ្លាំងបំផុតដល់អាកាសធាតុ។ ក្រុមអ្នកជំនាញខាងអាកាសធាតុ បានឲ្យដឹងថាសកម្មភាពនេះ ប៉ះពាល់ខ្លាំង ដល់សុខភាពមនុស្ស ក៏ដូចជាភពផែនដី។ តែទោះជាយ៉ាងណាក្តី ក្រុមប្រទេសអាស៊ីទាំងនោះ នៅតែបន្តចាយវាយថវិកា សម្រាប់បង្កើតរោងចក្រធ្យូងថ្ម ក្នុងគោលបំណងយកទៅប្រើប្រាស់ ក្នុងវិស័យឧស្សាហកម្មដែលកំពុងស្រេកឃ្លានថាមពលខ្លាំង។

ហេតុដូចនេះហើយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការ ការពារភពផែនដីយើង អ.ស.ប គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយ ស្តីអំពីបញ្ហាអាកាសធាតុ នាខែក្រោយនេះ។ កិច្ចប្រជុំនេះ ត្រូវគេចាត់ទុកថា ជាឱកាសចុងក្រោយផងដែរ ក្នុងការស្វែងរកការចូលរួមពីសំណាក់ រដ្ឋាភិបាលរបស់ប្រទេសនានាក្នុងពិភពលោក ក្នុងកិច្ចការពារ ការប្រែប្រួលអាកាសធាតុ។

មួយវិញទៀត តាមរយៈកិច្ចប្រជុំកំពូលនេះដែរ គេក៏សង្ឃឹមថា រដ្ឋាភិបាលគ្រប់បណ្តាប្រទេស នឹងបង្កើនការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយ​ការបំភាយឧស្ម័ន​ផ្ទះកញ្ចក់​ ក្នុង​គោលដៅ​ទប់ស្កាត់កុំឲ្យ ​សីតុណ្ហភាព​ផែនដី​កើនឡើងខ្លាំង។​

ហើយនេះគឺជាចំណោទបញ្ហា ពីព្រោះថា តម្រូវការថាមពលអគ្គិសនី ដើម្បីបង្កើនល្បឿនឧស្សាហកម្ម-បំប៉នសេដ្ឋកិច្ច កំពុងតែពុះកញ្ជ្រោលខ្លាំងនៅអាស៊ី។ ដូច្នោះហើយ យុទ្ធនាការការពារអាយុជីវិតនៅលើផែនដី ទល់នឹងការប្រែប្រួលអាកាសធាតុ គឺស្ថិតនៅក្នុងដៃរបស់អាស៊ីហើយនាខណៈនេះ៕