អានតួអត្ថបទ

រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេសចិន​​

នៅថ្ងៃ​ព្រហស្បតិ៍​ ទី២១ កុម្ភៈ​ ឆ្នាំ២០១៩​ ព្រះអង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ ម៉ូហាមេដ ​បេនសាលម៉ាន​ បានធ្វើដំណើរ​ទៅដល់​ប្រទេសចិន​ ក្នុង​គោលបំណង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។ មួយវិញទៀត​ គេដឹងថា​ដំណើរ​ទស្សនកិច្ច​ជាបន្តបន្ទាប់​ របស់​រាជទាយាទ​បេនសាលម៉ាន​ មកកាន់​ប្រទេស​អាស៊ី​នាពេលថ្មីៗនេះ​ ធ្វើឡើង​ដើម្បី​រឹត​ចំណងទាក់ទង​ជាមួយ​ប្រទេសអាស៊ី​ បន្ទាប់ពី​ចំណង​ការទូត​រវាង​អារ៉ាប៊ីសាអូឌីត​ ជាមួយ​ប្រទេស​លោកលិច​ ជួបភាព​រកាំ​រកូស​ដោយសារតែ​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​ Khashoggi កាលពី​ឆ្នាំទៅមិញ​។

ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន
ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន REUTERS/Sergio Moraes
ផ្សាយពាណិជ្ជកម្ម

ព្រះអង្គម្ចាស់​ម៉ូហាមេដ បេនសាលម៉ាន នឹងជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោកស៊ី ជីងពីង ក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​២ ថ្ងៃ​ នៅក្នុង​ទីក្រុង​ប៉េកាំង​ នៃ​ប្រទេសចិន​។ ក្រៅតែពី​ចង់​បង្កើន​ការរកស៊ី​ ជាមួយនឹង​ប្រទេស​មហាអំណាច​អាស៊ី​ដូចជា​ចិន​ រាជទាយាទ​បេនសាលម៉ាន​ ក៏ចង់​បញ្ជាក់ប្រាប់​ទៅកាន់​ពិភពលោក​ដែរថា​ បើអត់​ប្រទេស​លោកខាងលិច​ អារ៉ាប៊ីសាអូឌីត​ ក៏នៅ​មាន​ប្រទេស​ជាសម្ព័ន្ធមិត្ត​ដទៃទៀតដែរ​ ហើយ​ប្រទេសចិន​គឺ​ជា​ឧទាហរណ៍​មួយ​ស្រាប់​។

ទាក់ទងនឹង​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​ចិន​ និង​ព្រះអង្គម្ចាស់​បេនសាលម៉ាន​ រដ្ឋមន្ត្រី​ឧស្សាហកម្ម​ និងថាមពលអារ៉ាប៊ីសាអូឌីត បានប្រាប់​សារព័ត៌មាន​ Xinhua ថា​ចិន​គឺជាទីផ្សារដ៏ធំ​ និងមានសក្តានុពល​ខ្លាំងណាស់​ សម្រាប់​អារ៉ាប៊ីសាអូឌីត​។

ជាមួយគ្នានេះដែរ​ ឯកអគ្គរាជទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំនៅ​ប្រទេសចិន​ ក៏បាន​ឲ្យដឹង​ដែរថា​ ប្រទេស​ទាំងពីរ​នឹងចុះ​កិច្ចព្រមព្រៀង​ ព្រមទាំង​អនុស្សរណៈ​យោគយល់គ្នា​ លើ​វិស័យសំ​ខាន់ៗ​មួយចំនួន​ដូចជា​ វិស័យថាមពល​ ដឹកជញ្ជូន​ បច្ចេកវិទ្យា​ និង​ការវិនិយោគទុន​ជាដើម​។

មួយវិញទៀត​ បើតាម​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ក្រៅពី​ចំណុច​ខាងលើ​នេះ​ ចិន​ក៏​នឹង​លើក​យក​គម្រោង​ដ៏​ធំ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ គឺ​គម្រោង​ផ្លូវសូត្រ​ ទៅ​ជជែក​ពិភាក្សា​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដែរ​។

សូមរំឭកជូនថា​ មួយរយៈ​ចុងក្រោយនេះ​ អារ៉ាប៊ីសាអូឌីត​បានងាកមក​ពង្រឹង​ទំនាក់ទំនង​ការទូត​ព្រមទាំង​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ ជាមួយនឹង​បណ្តា​ប្រទេស​អាស៊ីធំៗ​ ក្រោយពី​ទំនាក់ទំនង​រវាង​អារ៉ាប៊ីសាអូឌីត​ និង​បណ្តា​ប្រទេស​លោកខាងលិច​ ប្រែទៅ​ជាស្រអាប់​។ ស្រអាប់​ ពីព្រោះតែ​ករណី​សម្លាប់​អ្នកកាសែត Khashoggi និង​ដោយសារតែ​ថ្មីៗនេះ​ សហភាពអឺរ៉ុប​បាន​ស្នើឲ្យដាក់​បញ្ចូល​អារ៉ាសាអូឌីត​ទៅក្នុងបញ្ចីខ្មៅ​ប្រទេស​លាងលុយកខ្វក់​។

ជាក់ស្តែង​ មុនពេល​មកដល់​ប្រទេសចិន​នាថ្ងៃ​ព្រហស្បតិ៍​ទី២១ កុម្ភៈ ព្រះអង្គម្ចាស់​រាជទាយាទ​បេនសាលម៉ាន​ បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ប៉ាគីស្ថាន​ និង​ប្រទេសឥណ្ឌា​ ព្រមទាំង​បានចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ទាំងពីរ​ក្នុង​តម្លៃទឹកប្រាក់​រាប់ពាន់លានដុល្លារ​ថែមទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ