rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ប៉ាឡេស្ទីន អាមេរិក អ៊ីស្រាអែល ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​នឹងប្តូរស្ថានទូត​ទៅហ្សេរុយសាឡិម​ដើម្បីអបអរ​ថ្ងៃបុណ្យឯករាជ្យ​អ៊ីស្រាអែល

media
ទង់ជាតិអាមេរិកតាំងនៅអគ្គកុលស៊ុលតំណាងអាមេរិកប្រចាំនៅហ្សេរុយសាឡិម ថ្ងៃទី២២ មករា ២០១៨ REUTERS/Ronen Zvulun/File Photo

អាមេរិក​បានប្រកាសថា នឹងផ្លាស់ប្តូរ​ស្ថានទូត​របស់ខ្លួន​ទៅក្រុងហ្សេរុយសាឡិម​នៅក្នុងខែ​ឧសភាខាងមុខ ស្របពេលគ្នា​ជាមួយនឹងថ្ងៃបុណ្យទី៧០​នៃការប្រកាស​ឯករាជ្យ​របស់អ៊ីស្រាអែល។ ប៉ាឡេស្ទីន ដែលមាន​ជម្លោះជាមួយអ៊ីស្រាអែល​ក្នុងការដណ្តើម​យកក្រុងហ្សេរុយសាឡិម បានហៅការប្តូរទីតាំងស្ថានទូត​នេះថាជា "ការញុះញុងដោយច្បាស់ក្រឡែត"។


កាលពីថ្ងៃសុក្រម្សិលមិញ អាមេរិកបាននិយាយថា ខ្លួននឹងធ្វើការផ្លាស់ប្តូរទីតាំងស្ថានទូតរបស់អាមេរិកដែលសព្វថ្ងៃស្ថិតនៅក្នុងទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡិមវិញនៅក្នុងខែឧសភាខាងមុខនេះ ដើម្បីជាការអបអរចំពោះថ្ងៃបុណ្យទី៧០នៃការប្រកាសឯករាជ្យរបស់អ៊ីស្រាអែល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ មេសាសម្រាប់ឆ្នាំនេះ។ សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ន នៅក្នុងទីក្រុងហ្សេរុយសាឡិម មានតែអគ្គកុងស៊ុលតំណាងអាមេរិកប៉ុណ្ណោះ ពុំទាន់មានស្ថានទូតរបស់អាមេរិកផ្ទាល់នោះទេ។

លោកដូណាល់ត្រាំ បានអះអាងថា​ ការប្តូរទីតាំងស្ថានទូតអាមេរិកទៅក្រុងហ្សេរុយសាឡិមនេះ ជាសញ្ញានៃការចាប់ផ្តើមនៃវិធីសាស្រ្តថ្មីនៃការដោះស្រាយបញ្ហាជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

តែប៉ាឡេស្ទីនពុំយល់ដូច្នេះនោះទេ ហើយមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។​ ប៉ាឡេស្ទីនបានធ្វើការរិះគន់ភ្លាមៗនិងហៅការប្រកាសប្តូរទីតាំងស្ថានទូតអាមេរិកនេះថា ជា​"ការញុះញង់ដល់បណ្តាជនអារ៉ាប់ទាំងអស់"។

ប៉ាឡេស្ទីនថែមទាំងប្រឆាំងទៅនឹងកាលបរិច្ឆេទដែលអាមេរិកបានជ្រើសរើសសម្រាប់ការប្តូរទីតាំងស្ថានទូតនេះទៀតផង ដោយប៉ាឡេស្ទីនបានហៅថ្ងៃទី១៤ ខែឧសភាដែលអ៊ីស្រាអែលប្រកាសឯករាជ្យក្នុងឆ្នាំ១៩៤៨នោះ ថាជា "ថ្ងៃនៃសេចក្តីមហន្តរាយ"។

សូមរំលឹកផងដែរថា ដោយមានការខឹងសម្បារចំពោះការទទួលស្គាល់លោកត្រាំថាក្រុងហ្សេរុយសាឡិមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល និងការដាក់ស្ថានទូតនៅហ្សេរុយសាឡិមនេះ មេដឹកនាំប៉ាឡេស្ទីនលោក Mahmud Abbasបានប្រកាសថាពួកគេនឹងលែងទទួលស្គាល់អាមេរិក​ជា​អ្នក​សម្របសម្រួល​ការ​ចរចា​លើកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ហើយកាលពីដើមសប្តាហ៍នេះ លោក Mahmud Abbas បានធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវអោយមានសន្និសិទ្ធអន្តរជាតិនៅពាក់កណ្តាលឆ្នាំ២០១៨នេះ ក្នុងគោលបំណងបញ្ឈប់តួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសម្រុះសម្រួលក្នុងបញ្ហាជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

ចំពោះរឿងដាក់ស្ថានទូតនៅក្រុងហ្សេរុយសាឡិមនេះ អ៊ីស្រាអែលបានសម្តែងនូវសេចក្តីស្វាគមន៍ ព្រមទាំងសេចក្តីថ្លែងអំណរគុណផងដែរចំពោះលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ៕