rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក អង់គ្លេស រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិកនិងអង់គ្លេសប្រកាសអាសន្នរឿងរុស្ស៊ីវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា

media
អាមេរិកនឹងអង់គ្លេសនិយាយថារុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា Getty Images/Nadla

អាមេរិកនិងអង់គ្លេស បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយដើម្បីធ្វើការព្រមានអំពីរឿងរុស្ស៊ីកំពុងវាយលុកទៅលើបណ្ដាញនានាដូចជា ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងអ៊ីនធ័តនែតជាដើម​។ ការព្រមាននេះមានត្រូវបានធ្វើឡើងតាមរយៈការប្រកាសអាសន្នដល់ស្ថាប័នរដ្ឋ ស្ថានប័នឯកជន រួមទាំងបុគ្គល​ឯកជននៅជុំវិញពិភពលោក។


រដ្ឋាភិបាលអាមេរិកនិងអង់គ្លេស បានធ្វើការព្រមានកាលពីថ្ងៃចន្ទម្សិលមិញថា ក្រុម hackers ដែលគាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី កំពុងព្យាយាមវាយលុកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាក្បាលម៉ាស៊ីនគ្រប់គ្រងអ៊ីនធ័តនែតនិងប្រព័ន្ធកុំព្យូទ័រនានា។

គេជឿផងដែរថា ក្រុមនេះកំពុងព្យាយាមគ្រប់គ្រងម៉ាស៊ីនដែលជាឧបករណ៍មានតួនាទីបញ្ជូនប្រព័ន្ធអ៊ីនធ័តនែត គ្រប់គ្រងសុវត្ថិភាពនៅពេលដែលផ្ទុកទិន្នន័យនិងរក្សាភាពត្រឹមត្រូវនៃទិន្នន័យនៅពេលបញ្ជូនពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត។ នេះដោយសារឧបករណ៍ទាំងនេះអាចនឹងងាយស្រួល hack ជាងឧបករណ៍ដទៃទៀត ព្រោះជាធម្មតា ឧបករណ៍ទាំងនេះពុំត្រូវបានការពារហ្មត់ចត់ដូចឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា កុំព្យូទ័រនិងទូរស័ព្ទដៃនោះទេ។

នៅពេលដែលក្រុម hackers អាចគ្រប់គ្រងប្រព័ន្ធនេះបាន ពួកគេអាចគ្រប់គ្រងនូវទិន្នន័យដែលបញ្ជូនដោយប្រព័ន្ធទាំងនោះ។ ឧទាហរណ៍ ប្រសិនបើក្រុម hackers ធ្វើការ hack រោងចក្រអគ្គីសនី បានសម្រេច ក្រុមនេះអាចបញ្ឍប់ប្រតិបត្តិការរបស់រោងចក្រនេះ ឬ បំផ្លាញចោលតែម្តងក៏បាន។

កាលពីជាងមួយឆ្នាំមុន មានការប្រកាសអាសន្នដាច់ដោយឡែកមួយអំពីការប៉ុនប៉ងវាយលុកលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ថាពលអគ្គីសនី និង រដ្ឋាករទឹក នៅតាមបណ្ដាប្រទេសលោកខាងលិច។

តែប្រធានគ្រប់គ្រងសន្ដិសុខប្រព័ន្ធអ៊ីនធ័តនែតរបស់អាមេរិក បានពិពណ៌នាការវាយលុកលើបណ្ដាញលើកនេះថាជា យុទ្ធនាការបែបទូលាយ ដោយពុំដាក់គោលដៅទៅលើវិស័យណាមួយដោយជាក់លាក់នោះទេ។

យោងតាមសេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងអង់គ្លេស ប្រតិបត្តិការវាយលុកលើបណ្ដាញនេះ គឺដើម្បីគាំទ្រនូវអំពើចារកម្ម ការលួចយកកម្មសិទ្ធបញ្ញា ការគ្រប់គ្រងបណ្ដាញដែលជាគោលដៅវាយប្រហារ និង​ការបង្កើតជាមូលដ្ឋានគ្រិះសំរាប់ប្រតិបត្តិការវាយលុកនាពេលអនាគត។