rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ.ស.ប. សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ត្រាំ​គំរាម​ប្រទេស​សមាជិក​អ.ស.ប​មុន​ការ​បោះឆ្នោត​លើ​ក្រុង​ហ្ស៊េរុយសាឡិម

media
លោកស្រី នីគី ហាឡេ (Nikki Haley) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប លើកដៃ​ប្រឆាំង​នឹង​ការ​អនុម័ត​សេចក្តីសម្រេច​បដិសេធ​ការ​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល REUTERS/Brendan McDermid

មហាសន្និបាត​អ.ស.បនឹង​បោះឆ្នោត​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​អនុម័ត​សេចក្តីសម្រេច​ច្រានចោល​​​ការ​ទទួល​ស្គាល់​ទីក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល ដែល​ធ្វើឡើង​ដោយ​លោក​ដូណាល់ត្រាំ កាល​ពីថ្ងៃទី៦ធ្នូ។ មួយថ្ងៃ​មុន​ការ​បោះឆ្នោត លោក​ដូណាល់ត្រាំ​បាន​គំរាម​ទុក​ជាមុន​ថា នឹង​ផ្តាច់​ជំនួយ​ ចំពោះ​ប្រទេស​ទាំងឡាយ​ណា ដែល​នឹង​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចនេះ។


ថ្លែង​ចេញ​ពី​សេតវិមាន កាល​ពីថ្ងៃ​ពុធ លោក​ដូណាល់ត្រាំ​បាន​លើក​ឡើង​​ថា លោក​​នឹង​តាមដាន​មើល​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ការ​បោះឆ្នោត​នៅ​អ.ស.ប នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​មើល​ថា តើ​ប្រទេស​ណាខ្លះ​ដែល​នឹង​បោះឆ្នោត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក។ លោក​បាន​ព្រលយ​ពាក្យ​គំរាម​ទុក​ជាមុន​ថា អាមេរិក​បាន​ចំណាយ​លុយ​រាប់លាន ឬ​រហូត​ដល់​រាប់ពាន់​លាន​ដុល្លារ​ជួយ​ប្រទេស​ទាំងនោះ ហើយ​បើ​ពួកគេ​ចង់​បោះឆ្នោត​ប្រឆាំង​នឹង​អាមេរិក​ “ទុក​ឲ្យ​ពួកគេ​ធ្វើ​ចុះ អាមេរិក​នឹង​អាច​សន្សំលុយ​បាន​យ៉ាងច្រើន”។

ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក​នេះ មិនមែន​ត្រឹមតែ​ធ្វើឡើង​ដោយ​ផ្ទាល់​មាត់​នោះទេ ក៏ប៉ុន្តែ បាន​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ តាមរយៈ​លិខិត​ផ្លូវការ​របស់​​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប ដែល​បាន​ផ្ញើ​ទៅ​គ្រប់​ប្រទេស​ជា​សមាជិក​ទាំងអស់​ថា លោក​ដូណាល់ត្រាំ​បាន​បញ្ជា​ឲ្យ​កត់ត្រាទុក​ទាំងអស់​នូវ​ឈ្មោះ​ប្រទេស​ណា​ដែល​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អ.ស.ប នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ថា ការ​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នេះ គឺ​មានន័យ​ស្មើ​នឹង​ការ​ប្រឆាំង​នឹង​លោក​ដូណាល់ត្រាំ។

គួរបញ្ជាក់ថា ការប្រជុំ​អនុម័ត​សេចក្តីសម្រេច​នៅ​មហាសន្និបាត​អ.ស.ប​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បាន​ធ្វើឡើង ទៅតាម​សំណើ​របស់​ប្រទេស​តួកគី និង​យេម៉ែន ទៅតាម​នីតិវិធី​ពិសេស ក្រោយ​ពី​ការ​អនុម័ត​សេចក្តីសម្រេច​នេះ​ត្រូវ​ទទួល​បរាជ័យ នៅ​ក្រុមប្រឹក្សា​សន្តិសុខ កាលពីថ្ងៃ​ចន្ទ។ នៅ​ក្នុងការ​បោះឆ្នោត​ក្នុង​​ក្រុមប្រឹក្សា​សន្តិសុខ ប្រទេស​ចំនួន ១៤ ក្នុង​ចំណោម​សមាជិក​ទាំង ១៥ប្រទេស ​បាន​​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​បដិសេធ​​ការ​ទទួលស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល ក៏ប៉ុន្តែ អាមេរិក​បាន​ប្រើ​សិទ្ធិវ៉េតូ​មិន​ឲ្យ​សេចក្តីសម្រេច​នោះ​ចេញរួច។

ការ​បោះឆ្នោត​នៅ​មហាសន្និបាត​នៅថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​ត្រូវ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​ទាំង ១៩៣​ ដែល​ជា​សមាជិក​អ.ស.ប ហើយ​មិនមាន​ប្រទេស​ណាមួយ​មាន​សិទ្ធិវ៉េតូនោះទេ។ ខុសពី​នៅ​ក្រុមប្រឹក្សា​សន្តិសុខ សេចក្តីសម្រេច​របស់​មហាសន្និបាត​អ.ស.ប មិនមាន​អានុភាព​ផ្លូវច្បាប់​ចាប់បង្ខំ​ឲ្យ​ប្រទេស​សមាជិក​ត្រូវតែ​អនុវត្ត​នោះទេ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វា​អាច​មាន​អត្ថន័យ​ជា​និមិត្តរូបដ៏សំខាន់មួយ ជាពិសេស ប្រសិន​បើ​មាន​ប្រទេស​ភាគច្រើន​លើសលុប​បោះឆ្នោត​គាំទ្រ ដែល​ជា​ការ​គូសបញ្ជាក់​កាន់តែ​ច្បាស់ ពីភាព​ឯកោ​របស់​សហរដ្ឋ​អាមេរិក ជុំវិញ​បញ្ហា​ទីក្រុង​ហ្ស៊េរុយសាឡិម​នេះ៕