អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុលាការ​​កំពូល​​​យល់ព្រម​ឲ្យ​​លោក​ត្រាំ​យក​លុយ​​កងទ័ព​​ទៅ​​សង់​ជញ្ជាំង​ព្រំដែន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តុលាការ​កំពូល​អាមេរិក នៅទីបំផុតទៅ បាន​សម្រេច​គាំទ្រ​នយោបាយ​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ទាក់ទង​នឹងគម្រោងសាងសង់ជញ្ជាំងព្រំដែន។ ជាក់ស្តែង កាលពីថ្ងៃសុក្រ ទី២៦ កក្កដាម្សិលមិញនេះ តុលាការអាមេរិក បានអនុម័ត បើកផ្លូវឲ្យលោកត្រាំ  ប្រើប្រាស់ថវិការបស់ក្រសួងការពារជាតិ ចំនួនរាប់ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាមួយនឹងប្រទេសម៉ិចស៊ិក។ ដំណឹងនេះ​បាន​ធ្វើឲ្យ​លោកត្រាំ សប្បាយចិត្ត​ឥតឧបមា ក៏ប៉ុន្តែ​សមាជិករដ្ឋាភិបាល​អាមេរិក​មកពីបក្ស​ប្រជាធិបតេយ្យ​ឯណោះវិញ មិនបាន​សាទរ​ឡើយ ចំពោះ​ការសម្រេច​របស់​តុលាការ​បែបនេះ។ មិនសាទរ ក៏ព្រោះពួកគេយល់ថាការចំណាយថវិការដ្ឋ ដ៏ច្រើន​សន្ធឹកសន្ធាប់​ដើម្បីតែសង់ជញ្ជាំងព្រំដែន គឺជាការចាយលុយខ្ជះខ្ជាយ។តើហេតុអ្វីបានជា តុលាការកំពូលរបស់អាមេរិក សម្រេចផ្តល់សិទ្ធិឲ្យលោកត្រាំ អាចយកថវិកាយោធា ទៅសាងសង់ជញ្ជាំងព្រំដែន? តើក្រុមអ្នកប្រជាធិបតេយ្យអាមេរិក បានបញ្ចេញប្រតិកម្មអ្វីខ្លះពាក់ព័ន្ធនឹងរឿងនេះ?

លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

តុលាការកំពូលអាមេរិកបើកភ្លើងខៀវឲ្យលោកត្រាំ មានសិទ្ធិប្រើថវិកាយោធាដើម្បីសង់ជញ្ជាំងព្រំដែន

គួររំឭកជូន រឿងថវិកាសាងសង់ជញ្ជាំងព្រំដែន គឺជាចំណុចរសើបខ្លាំងបំផុតមួយ នៅសហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ២០១៩ នេះ អាមេរិកបានជួបនឹងវិបត្តិ shutdown ឬហៅម្យ៉ាងទៀតថា ​ការបិទទ្វាររដ្ឋសហព័ន្ធ​ ចំនួនប្រមាណជា ៣៥ ថ្ងៃ។ វាជាការបិទទ្វារដ្ឋសហព័ន្ធ​ ដែលមានរយៈពេលយូរបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

គេក៏មិនត្រូវភ្លេចទេថា វិបត្តិ shutdown នេះ កើតចេញពីការប្រកាស​ស្ថានភាព​អាសន្ន​ថ្នាក់​ជាតិ របស់លោកដូណាល់ ត្រាំ ​បន្ទាប់ពី​មិនសប្បាយចិត្ត នឹងសភាអាមេរិក ដែល​មិន​ព្រម​​បោះឆ្នោត អនុម័ត​លើកញ្ចប់ថវិកាចំនួន ជាង ៥ពាន់​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំងព្រដែន ដូចការចង់បានរបស់លោក។

ដោយឡែក កាលពីថ្ងៃសុក្រម្សិលមិញនេះ តុលាការកំពូលបានអនុម័ត យល់ព្រមឲ្យរដ្ឋបាលលោកត្រាំ អាចប្រើប្រាស់ថវិកាចំនួន ២,៥ ពាន់លានដុល្លារ ដែលគេដឹងថាជាកញ្ចប់ថវិកាយោធា ដើម្បីយកទៅសង់ជញ្ជាំងព្រំដែន នៅភាគខាងត្បូងនៃប្រទេសបាន គឺនៅក្នុងរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋអារីហ្សូណា និងញ៉ូវម៉ិចស៊ិក។ ជញ្ជាំងខណ្ឌចែកសហរដ្ឋអាមេរិក និងម៉ិកស៊ិកនេះ គឺជាការសន្យាដ៏ចំបងមួយ របស់លោកត្រាំ ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនាឆ្នាំ ២០១៦។ តែវាអ្វី ដែលត្រូវបានជំទាស់យ៉ាងខ្លាំង ពីអ្នកប្រជាធិបតេយ្យ។

សម្រាប់លោកប្រធានាធិបតីដូណាល់ ត្រាំ លំហូរចូលយ៉ាងគំហុក នៃចំនួនជនអន្តោប្រវេសន៍ ខុសច្បាប់ គឺជាគ្រោះថ្នាក់មួយ សម្រាប់ប្រទេសជាតិអាមេរិក ដូច្នោះហើយលោកចង់ឃើញជញ្ជាំងព្រំដែនលេចចេញជារូបរាងឡើង ដើម្បីសន្តិសុខរបស់ប្រទេសអាមេរិកទាំងមូល។

សរុបមក គេអាចទាញសេចក្តីសន្និដ្ឋានថា ការសម្រេចឲ្យរដ្ឋបាលលោកត្រាំ ប្រើប្រាស់ថវិការដ្ឋ ដើម្បីសង់ជញ្ជាំង គឺព្រោះតែតុលាការអាមេរិក យល់ស្របនឹងការលើកឡើងរបស់លោកដូណាល់ ត្រាំ ដែលចង់ឲ្យមានជញ្ជាំងខណ្ឌចែកសហរដ្ឋអាមេរិក និងម៉ិចស៊ិក ដើម្បីរាំងខ្ទប់ លំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ ក៏ដូចជាដើម្បីការពារសន្តិសុខរបស់ប្រទេស។

មួយវិញទៀត ការសម្រេចរបស់តុលាការកំពូលតាមការចង់បានរបស់លោកត្រាំ បែបនេះ អាចចាត់ទុកថាជាជោគជ័យមួយផ្នែកដែររបស់លោកដូណាល់ ត្រាំ ពីព្រោះថា លោកអាចធ្វើឲ្យពាក្យសន្យារបស់លោក ដែលធ្លាប់និយាយទៅកាន់ប្រជាពលរដ្ឋ នៅគ្រាកន្លងមក លេចចេញជារូបរាងឡើង។

ក្រុមអ្នកប្រជាធិបតេយ្យ រិះគន់ចំពោះការសម្រេចរបស់តុលាការកំពូលអាមេរិក

ការសម្រេចបង្វែរថវិកាសម្រាប់ប្រើប្រាស់លើវិស័យយោធាចំនួនប្រមាណជា ២,៥ ពាន់លានដុល្លារ មកសាងសង់ជញ្ជាំងព្រំដែនជំនួសវិញ ធ្វើឲ្យលោកត្រាំ និងអ្នកគាំទ្រលោកសប្បាយចិត្ត។

ជាក់ស្តែង ក្រោយពីបានដឹងអំពីសេចក្តីប្រកាសរបស់តុលាការកំពូលរួចមក លោកដូណាល់ ត្រាំ បានបានសរសេរនៅលើបណ្តាញសង្គមធ្វីតទឺររបស់លោកដូចទម្លាប់រាល់ដងថា នេះគឺជាជោគជ័យដ៏ធំមួយ។ លោកថា ការណ៍ដែលតុលាការកំពូលផ្តល់សិទ្ធិ ឲ្យលោកអាចទទួលបានថវិកា ទៅសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងនៃប្រទេស គឺជាជោគជ័យដ៏ធំ សម្រាប់សន្តិសុខព្រំដែន និងច្បាប់ទម្លាប់របស់ប្រទេស។

ផ្ទុយទៅវិញ សមាជិកសភាជាច្រើន មកពីបក្សប្រជាធិបតេយ្យ បានរិះគន់ចំពោះការសម្រេចចិត្តថ្មីចុងក្រោយរបស់តុលាការកំពូលអាមេរិកបែបនេះ។

ពួកអ្នកប្រជាធិបតេយ្យយល់ថា ពួកគេគាំទ្រ ចំពោះការរឹតបន្តឹងសន្តិសុខ នៅតាមបណ្តោយព្រំដែន ក៏ប៉ុន្តែការសាងសង់ជញ្ជាំង វាត្រូវការចំណាយលុយច្រើនពេក និងថាវាគ្មានប្រសិទ្ធភាព គ្រប់គ្រាន់ដើម្បីអាចការពារសន្តិសុខជាតិបាននោះទេ។

ជាក់ស្តែង លោក Nancy Pelosi សមាជិកសភាអាមេរិកម្នាក់ មកពីបក្សប្រជាធិបតេយ្យបានថ្លែងថា ការសម្រេចរបស់តុលាការកំពូល មិនខ្វល់ពីការប្រឆាំងជំទាស់ពីសភា ដោយអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកត្រាំ អាចយកថវិកាពីវិស័យយោធា ដើម្បីតែចំណាយលើការសង់ជញ្ជាំង ដែលគ្មានប្រសិទ្ធភាពអ្វីនោះ គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ។

ជាមួយគ្នានេះដែរ សហព័ន្ធស៊ីវិលអាមេរិក (ACLU) ក៏បានប្តេជ្ញាថា នឹងរិះរកគ្រប់សិល្ប៍វិធីទាំងអស់ផងដែរ ដើម្បីបញ្ឈប់នូវការចាយវាយថវិកា លើគម្រោងសង់ជញ្ជាំងព្រំដែនរបស់លោកត្រាំ។

គួរជម្រាបជូនបន្តិចថា​ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ សហរដ្ឋអាមេរិក និងប្រទេសក្វាតេម៉ាឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផងដែរ។ ជាកិច្ចព្រមព្រៀង ដែលតម្រូវឲ្យ ជនអន្តោប្រវេសន៍មកពីប្រទេសហុងឌុយរ៉ាស និងសាល់វ៉ាដ័រ ដែលឆ្លងកាត់ហ្វាតេម៉ាឡា ត្រូវឈប់និងស្វែងរកការសុំសិទ្ធិជ្រកកោនជាមុនសិន មុននឹងធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។

ស្ថានភាពនៅតាមតំបន់ព្រំដែនរបស់អាមេរិកនាពេលបច្ចុប្បន្ននេះ

ចំនួន​ជនអន្តោប្រវេសន៍​ ដែលសំដៅដើរចូលទឹកដីអាមេរិកដោយខុសច្បាប់ បានកើនឡើង​ខ្លាំងដល់​កម្រិត​កំពូល និងមិនធ្លាប់នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

លំហូរចូលនៃជនអន្តោប្រវេសន៍ដ៏ច្រើន បានធ្វើឲ្យពលរដ្ឋអាមេរិកដែលជាម្ចាស់ស្រុក មានការព្រួយបារម្ភ ហើយ ការសាងសង់ជញ្ជាំងព្រំដែន ខណ្ឌចែកអាមេរិក និងម៉ិកស៊ិក ក៏ត្រូវបានលោកដូណាល់ ត្រាំ យកធ្វើជាយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦ កន្លងមក។

បើតាមអាជ្ញាធរ​អាមេរិក ចាប់តាំង​ពីខែ​តុលា ឆ្នាំ២០១៨ រហូត​ដល់​ខែ​មេសាឆ្នាំ​នេះ ចំនួន​ជនអន្តោប្រវេសន៍ ដែល​ឆ្លងដែន​ខុសច្បាប់ចូលទៅ​ក្នុង​ទឹកដី​អាមេរិក​ បាន​កើនឡើង​ដល់​ចំនួន​ជិត ៥០ ម៉ឺននាក់។

បើយោងតាមអាជ្ញាធរអាមេរិកដដែល មនុស្សចំនួនជាង ១០ ម៉ឺន ៤ ពាន់ នាក់ត្រូវបានគេចាប់ខ្លួននៅតាមបណ្តោយព្រំប្រទល់ភាគនិរតី នៃប្រទេសអាមេរិក កាលពីខែមិថុនាមុន។ ចំនួននេះ ធ្លាក់ចុះប្រមាណជា ២៨% បើប្រៀបធៀបទៅនឹងខែមុនៗ។

រដ្ឋបាលរបស់លោកត្រាំ បានអះអាងថា ការធ្លាក់ចុះនេះ គឺដោយសារតែគោលនយោបាយថ្មីៗរបស់រដ្ឋាភិបាល ដែលសម្រេចបានជាមួយប្រទេសម៉ិចស៊ិក ក្នុងការទប់ស្កាត់លំហូរចូលរបស់ជនអន្តោប្រវេសន៍ ក៏ដូចជាការបង្កើនសន្តិសុខ តាមបណ្តោយព្រំដែន។

ដោយឡែក បើតាមអ្នកជំនាញ ការថយចុះ ក្នុងការធ្វើចំណាកស្រុក គឺជារឿងធម្មតានោះទេ ក្នុងអំឡុងរដូវក្តៅ។

គួរជម្រាបជូនដែរថា បើតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនចំណាកស្រុក ឲ្យដឹងថា រហូតមកដល់ឆ្នាំ ២០១៩ នេះ ជនអន្តោប្រវេសន៍ចំនួនប្រមាណជា ១៧០ នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមព្រំដែនម៉ិចស៊ិក-អាមេរិក ក្នុងនោះមានទាំងកុមារចំនួន ១៣ នាក់ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ