rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ចិន នយោបាយ សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ដាក់ចេញផែនការ​ដើម្បី​រក្សាឲ្យបាន​នូវការ​ផ្គត់ផ្គង់​លោហៈកម្រ​

media
រ៉ែលោហៈកម្រ ត្រូវបានគេមើលឃើញនៅតំបន់មួយ ក្នុងប្រទេសចិននាខែកក្តដា ឆ្នាំ២០១១។ REUTERS/Stringer

សហរដ្ឋអាមេរិកបានដាក់ចេញនូវផែនការបន្ទាន់មួយ ធ្វើយ៉ាងណាធានាឲ្យបាន នូវការផ្គត់ផ្គង់លោហៈកម្រ ក្នុងវិស័យបច្ចេកវិទ្យា និងយោធារបស់ខ្លួន។ ការប្រកាសរបស់អាមេរិកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនគំរាមកាត់បន្ថយការនាំចេញរ៉ែលោហៈកម្រប្រភេទនេះ ទៅកាន់ប្រទេសអាមេរិក។


គម្រោងកាត់បន្ថយនូវការនាំចេញនូវលោហៈធាតុកម្ររបស់ចិន ត្រូវគេមើលឃើញថា ជាការសងសឹករបស់ចិន ទៅលើអាមេរិក ជួនចំពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរនៅបន្តកើនឡើង នៅមួយរយៈពេលចុងក្រោយនេះ។

ក្រោយចិនប្រកាសអំពីគម្រោង គ្រប់គ្រង និងកាត់បន្ថយនូវការនាំចេញលោហៈកម្រ សហរដ្ឋអាមេរិក ចាប់ផ្តើមគិតគូរអំពី ប្រភពផ្គត់ផ្គងលោហៈកម្រក្នុងស្រុកភ្លាមៗផងដែរ។ ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross​បាននិយាយនៅថ្ងៃអង្គារ ម្សិលមិញនេះថា លោហៈធាតុកម្រចំនួនជាង ៣០ ប្រភេទ គឺជាធនធានយុទ្ធសាស្ត្រដ៏ចាំបាច់ និងសំខាន់ខ្លាំងណាស់សម្រាប់វិស័យសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិអាមេរិក។

ដោយសារតែរ៉ែលោហៈកម្រមានសារៈសំខាន់ដូច្នោះហើយ ទើបរដ្ឋាភិបាលអាមេរិក មិនអាចនៅស្ងៀមនោះទេ ហើយថានឹងដោះស្រាយបញ្ហាប្រឈមនេះឲ្យបានទាន់ពេលវេលាទៀតផង។ បើតាមរបាយការណ៍របស់អាមេរិកមួយ បង្ហាញថាបញ្ហានេះអាចដោះស្រាយតាមរយៈការបង្កើននូវការទិញចូលលោហៈកម្រទាំងនោះ ពីប្រទេសផ្សេងៗ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បូករួមទាំងការអនុញ្ញាតឲ្យមានអាជីវកម្មរុករករ៉ែលោហៈកម្រ នៅក្នុងទឹកដីសហរដ្ឋអាមេរិកផ្ទាល់ផងដែរ។

មួយវិញទៀត កាលពីចុងឆ្នាំ ២០១៧ កន្លងទៅ លោកប្រធានាធិបតីដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវផងដែរ ឲ្យក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារពាក់ព័ន្ធនានា អភិវឌ្ឍ ឬក៏បង្កើតនូវធនធានលោហៈកម្រថ្មី ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ ក្នុងករណីដែលការនាំចូលត្រូវបានកាត់បន្ថយ។

គួរជម្រាបជូនថា ចិនគឺជាប្រទេសមួយដែលនាំចេញលោហៈកម្រច្រើនជាងគេ នៅក្នុងពិភពលោកយើងនេះ ពោលគឺនាំចេញច្រើនរហូតដល់ប្រមាណជា ៩០ ភាគរយឯណោះ។ អាមេរិកគឺជាអតិថិជនដ៏ធំមួយរបស់ចិន ក៏ប៉ុន្តែដោយសារតែអាមេរិកបានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន គឺក្រុមហ៊ុន Huawei ទើបចិនប្រកាសកាត់បន្ថយការនាំចេញលោហៈកម្រ ដែលជាសារធាតុត្រូវការចាំបាច់ក្នុងវិស័យបច្ចេកវិទ្យា ដើម្បីជាការឆ្លើយតបទៅកាន់អាមេរិកវិញ៕