អានតួអត្ថបទ

លោកដូណាល់ ត្រាំ​សម្រេច​លុបចោល​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចថ្មី​លើ​កូរ៉េខាងជើង​

កាលពី​ថ្ងៃសុក្រ​ទី២៩ មីនា​ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ត្រាំ​ បានបញ្ជាក់​អះអាង​សាជាថ្មីថា​ លោក​បានសម្រេច​លុបចោលនូវ​ការដាក់ទណ្ឌកម្មថ្មី​បន្ថែមទៀត​ ទៅលើ​កូរ៉េខាងជើង​។ លោកដូណាល់​ ត្រាំ​ បានពន្យល់ថា​ គោលនយោបាយថ្មីនេះ​ធ្វើឡើង​ដោយសារម្យ៉ាង​ អាមេរិក​យល់ពី​ទុក្ខលំបាក​របស់ប្រជាជនកូរ៉េខាងជើង​ ហើយ​ម្យ៉ាងទៀតគឺ​ដោយសារតែ​អាមេរិក​ឱ្យតម្លៃ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​។

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចរបស់លោកដូណាល់ ត្រាំក្នុងការលុបចោលនូវការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ទៅលើប្រទេសកូរ៉េខាងជើង ធ្វើឲ្យសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង។ លោកត្រាំបានប្រាប់អ្នកយកសារព័ត៌មានថា លោកយល់អំពីទុក្ខវេទនា ភាពលំបាក​ត្រដាបត្រដួស ដែលប្រជាជនកូរ៉េកំពុងជួបប្រទះ ដូច្នេះហើយលោកមិនដាក់ទណ្ឌកម្មបន្ថែម លើប្រទេសកូរ៉េខាងជើងទៀតនោះឡើយ។

លោកដូណាល់ ត្រាំ ក៏បានបញ្ជាក់ទៀតថា ទណ្ឌកម្មបន្ថែម មិនចាំបាច់ត្រូវដាក់ចេញទៀតនោះទេនាខណៈនេះ ហើយក្រៅតែពីចង់ជួយសម្រាលដល់ភាពលំបាកលំបិនរបស់កូរ៉េខាងជើង លោកក៏ចង់រក្សាទំនាក់ទំនងល្អជាមួយមេដឹកនាំកូរ៉េខាងជើងគឺលោកគីម ជុងអ៊ុនដែរ។

គួរជម្រាបជូនថា ការលើកឡើងរបស់លោកត្រាំ បានធ្វើឲ្យគេមានការភ្ញាក់យ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគយល់ឃើញថា កាយវិការទន់ភ្លន់របស់លោកត្រាំនាពេលនេះ អាចជាយុទ្ធសាស្ត្ររបស់លោកត្រាំ ដើម្បីជួយសម្រួលដល់ដំណើរការ នៃកិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើង និងឆាប់សម្រេចបានកិច្ចព្រមព្រៀងជាមួយគ្នា ជាពិសេសនៅក្នុងអាណត្តិដឹកនាំរបស់លោកតែម្តង។

ទន្ទឹមគ្នានេះ គេក៏មើលឃើញដែរថា ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញនូវជំហរទន់ភ្លន់របស់ខ្លួន គឺបន្ទាប់ពីទីក្រុងព្យុងយ៉ាងប្រកាស​អំពីចេតនាចង់​ផ្អាក​ការចរចា​ ជាមួយនឹង​រដ្ឋាភិបាលអាមេរិកទាក់ទងសំណុំរឿង​នុយក្លេអ៊ែរ។

បន្ថែមលើនេះ កូរ៉េខាងជើងក៏​ចង់​ឈប់​ព្យួរ​ការ​សាកល្បីងមីស៊ីលដែរ ដែលនេះបណ្តាលមកពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អន់ចិត្តនឹងអាមេរិក ដែលមិនព្រមដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចតាមការស្នើសុំរបស់ខ្លួន កាលពីជំនួបលោកទី២ជាមួយគ្នា នៅក្នុងប្រទេសវៀតណាម ដែល​បានប្រព្រឹត្ត​ទៅកាលពីថ្ងៃ​ទី​ ២៧-២៨ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។

គួររំឭកជូនដែរថា នៅមួយរយៈពេលចុងក្រោយនេះ លោកប្រធានាធិបតីដូណាល់ ត្រាំឧស្សាហ៍និយាយថា លោកមានទំនាក់ទំនងល្អខ្លាំងណាស់ ជាមួយនឹងលោកគីម ជុងអ៊ុន។ ស្របគ្នានេះដែរ គេសង្កេតឃើញថាលោកត្រាំ ហាក់បន្ទន់ជំហររបស់ខ្លួនជាច្រើននៅចំពោះមុខកូរ៉េខាងជើង ដែលនេះខុសគ្នាផ្ទុយស្រឡះពីជំហររបស់លោកទៅលើប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ដែលរដ្ឋបាលរបស់លោកត្រាំ នៅបន្តដាក់ទណ្ឌកម្មឥតឈប់ឈរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ