rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក​៖ សមយុទ្ធ​​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្តកើតមាន

ដោយ អ៊ុង គឹមអ៊ាន់

មន្ត្រីរបស់មន្ទីរបញ្ចកោណម្នាក់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១ សីហានេះថា ការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបន្តប្រព្រឹត្តទៅដូចការព្រៀងទុក ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ។ ការបញ្ជាក់អះអាងបែបនេះ របស់មន្ត្រីរដ្ឋាភិបាលអាមេរិក សរបញ្ជាក់ឲ្យឃើញថា សមយុទ្ធរួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូងនៅតែបន្តកើតមានឡើងពិតប្រាកដមែន បើទោះបីជាមានការព្រមានយ៉ាងខ្លាំង ពីសំណាក់របបដឹកនាំក្រុងព្យុងយ៉ាងណាក៏ដោយ។

រំឭកត្រួសៗ ពីមូលហេតុដែលធ្វើឲ្យទីក្រុងព្យុងយ៉ាងប្រឆាំងដាច់ខាតទៅនឹងសមយុទ្ធរួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូង

តាំងពីដើមរៀងមក កូរ៉េខាងជើងរបស់លោកគីម ជុងអ៊ុន មិនដែលមិនពេញចិត្តនិងរឹងរឹតតែមិនសប្បាយចិត្តទាល់តែសោះតែម្តង ចំពោះការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នារវាង កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។

ហេតុអ្វី? ជាការពិត សម្រាប់របបទីក្រុងព្យុងយ៉ាង ការធ្វើសមយុទ្ធរួមគ្នាក្នុងលក្ខណៈជាដៃគូ របស់អាមេរិក និងកូរ៉េខាងត្បូង គឺមិនខុសអីពីអំពើឈ្លានពានមកលើកូរ៉េខាងជើងឡើយ។ ដូច្នោះហើយ ឲ្យតែឮអំពីការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិក កើតឡើង កូរ៉េខាងជើងក៏ចាប់ផ្តើមផ្ទុះកំហឹងជាខ្លាំង មិនខុសអីពីយកសាំងទៅចាក់លើភ្លើងដែលកំពុងឆេះឲ្យវាឆេះសន្ធោសន្ធៅទ្វេឡើងនោះទេ។ 

ជាក់ស្តែង ដូចនៅគ្រានេះអីចឹង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានខឹងសម្បាជាខ្លាំង បន្ទាប់ពីបានដឹងថាកូរ៉េខាងត្បូង ហើយនឹងអាមេរិក នឹងធ្វើសមយុទ្ធជាមួយគ្នា ក្នុងពេលឆាប់ៗនេះ ពោលគឺនៅថ្ងៃចន្ទ ទី៥ សីហា សប្តាហ៍ក្រោយនេះ។

ធ្ងន់ធ្ងរជាងនេះ ទីក្រុងព្យុងយ៉ាងកាន់តែខឹងមិនសុខចិត្តថែមមួយកម្រិតទៀត ដោយសារអាមេរិក និងកូរ៉េខាងត្បូងមិនព្រមឡើយឈប់ធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា បើទោះបីជារដ្ឋាភិបាលព្យុងយ៉ាង បានចេញមុខព្រមានដោយត្រង់ៗ និងជាច្រើនលើកច្រើនសាឲ្យបញ្ឃប់សកម្មភាពនេះយ៉ាងណាក្តី។

ក្រៅតែពីព្រមានដោយសម្តី នាពេលថ្មីៗនេះដើម្បីជាសារព្រមានប្រាប់ទៅកូរ៉េខាងត្បូង របបដឹកនាំរបស់លោកគីម ជុងអ៊ុន ក៏បានបាញ់សាកល្បលមីស៊ីលជាច្រើនគ្រាប់ចំនួនពីរដងផងដែរ។ លើកទី១ កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លី​ចំនួន​ពីរគ្រាប់នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៥ ខែកក្កដា។ លើកទី២  គឺនៅក្នុងរយៈពេលតែ៦ថ្ងៃបន្ទាប់ប៉ុណ្ណោះ ពោលគឺនៅថ្ងៃពុធ ទី៣១ កក្កដា ម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់​សាក​ល្បង​មីស៊ី ​បាលីស្ទិក ​ចំនួន​ពីរ​​បន្ថែម​ទៀត​។

សមយុទ្ធអាមេរិក-កូរ៉េខាងត្បូងអាចប៉ះពាល់ដល់ដំណើរការនៃកិច្ចចរចាស្តីអំពីការំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ជាការពិត ការប្រកាសរបស់មន្ត្រីសេតវិមាន អំពីការប្រព្រឹត្តទៅនៃការធ្វើសមយុទ្ធរវាងគ្នារបស់ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ធ្វើឲ្យគេមានមន្ទិលសង្ស័យជុំវិញអនាគតនៃកិច្ចចរចា រំសាយចោលអាវុធនុយក្លេអ៊ែរ រវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។

តែទោះជាបែបនេះក្តី អាមេរិកមិនបានពន្យល់អ្វីឲ្យបានច្បាស់លាស់អំពីគោលបំណង នៅពីក្រោយការមានៈ ធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នាជាមួយកូរ៉េខាងត្បូងឡើយ។ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីបញ្ចកោណ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានបារាំង AFP គ្រាន់តែប្រាប់ថា នឹងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងនៅដើមខែសីហានេះ ហើយមិនបាននិយាយអ្វីច្រើនឡើយពីកូរ៉េខាងជើង។

មន្ត្រីអាមេរិកគ្រាន់តែនិយាយថា សមយុទ្ធនៅតែបន្តធ្វើ ហើយដំណើរការចរចាស្តីអំពីការលុបបំបាត់ចោលនូវមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏នៅតែមាននៅក្នុងរបៀបវីរៈរបស់រដ្ឋាភិបាលអាមេរិក។

ដោយឡែក នៅមុននេះបន្តិច គឺមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ាន ដែលរៀបចំឡើងក្នុងទីក្រុងបាងកកប្រទេសថៃ នាថ្ងៃទី ២ សីហា ស្អែកនេះ ប្រមុខការបរទេសអាមេរិកគឺលោកម៉ៃក៏ ប៉ុមប៉េអូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងក៏នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំនោះដែរ។

សូមជម្រាបជូនថា សមយុទ្ធប្រចាំឆ្នាំរបស់កងទ័ពអាមេរិក បូករួមនឹងកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី ៥ សីហា ហើយសមយុទ្ធនេះ ក៏គ្រោងធ្វើឡើងក្នុងរយៈពេលប្រមាណជា ២ សប្តាហ៍ផងដែរ។

ពាក់ព័ន្ធរឿងនេះដែរ សូមរំឭកជូនឡើងវិញដែរថាសព្វថ្ងៃនេះ កងទ័ពរបស់អាមេរិក ដែលឈរជើងនៅក្នុងទឹកដីនៃប្រទេសកូរ៉េខាងត្បូងប្រមាណជា ២ម៉ឺន ៩ ពាន់នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិសុខ ដែលសម្រេចបានបន្ទាប់ពីសង្គ្រាមកូរ៉េបញ្ចប់ទៅនាឆ្នាំ ១៩៥៣។

តាំងពីដើមរៀងមក កងទ័ពអាមេរិកដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេដាក់ពង្រាយក្នុងគោលការពារកូរ៉េខាងត្បូងពីការគំរាមកំហែងនានា ពីសំណាក់បងប្អូនដែលជាគូសត្រូវ នោះគឺកូរ៉េខាងជើង។

ប្រតិកម្មរបស់លោកត្រាំ ទៅនឹងស្ថានការណ៍ចុងក្រោយនៅឧបទ្វីបកូរ៉េ

នៅខណៈនេះ លោកដូណាល់ ត្រាំ ដែលនៅមួយរយៈពេលចុងក្រោយនេះ តែងតែនិយាយអួតអះអាងថាលោកមានទំនាក់ទំនងល្អណាស់ ជាមួយនឹងមេដឹកនាំរបបទីក្រុងព្យុងយ៉ាងគឺលោកគីម ជុងអ៊ុន ហាក់បង្ហាញនូវជំហរទន់ភ្លន់ជាមួយនឹងកូរ៉េខាងជើងច្រើន។

រឿងដ៏គួរឲ្យកត់សម្គាល់មួយផងដែរលោកដូណាល់ ត្រាំ បាននិយាយថា ការណ៍ដែលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់គ្នានាចុងខែកក្កដាកន្លងទៅថ្មីៗនេះ គឺដោយសារកូរ៉េខាងជើងមានចេតនាចង់គំរាមកូរ៉េខាងត្បូង មិនមែនអាមេរិកនោះឡើយ។ ការលើកឡើងរបស់លោកត្រាំ បែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូង អន់ចិត្តមិនតិចនោះទេ។

ដោយឡែក ទោះបីជាលោកដូណាល់ ត្រាំ មិនបានបញ្ចេញប្រតិកម្មអ្វីតបទៅកាន់ព្យុងយ៉ាងយ៉ាងណាក្តី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំពិភាក្សាបិទទ្វារមួយទាក់ទងទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ ជាកិច្ចប្រជុំ ស្នើសុំដោយប្រទេសសហភាពអឺរ៉ុបមានជាអាទិ៍អង់គ្លេស​ បារាំង និងអាល្លឺម៉ង់ ពីព្រោះថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺជាអំពើរំលោភនឹងចំណុចដែលមានចែង ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច