rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​ជំនួប​លើក​ទី២​ រវាង​លោកត្រាំ​ និង​គីម ជុងអ៊ុន​ អាច​បញ្ចប់​សង្គ្រាម​កូរ៉េ​បានទេ​?

ដោយ អ៊ុង គឹមអ៊ាន់

ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ​ និង​លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង​ នឹង​ជួបគ្នាជាលើកទី២​ ក្នុងរយៈពេល​ប្រមាណជាពីរ​សប្តាហ៍ទៀត​ ពោលគឺ​នៅចន្លោះ​ថ្ងៃទី​ ២៧-២៨ កុម្ភៈ​ ឆ្នាំ២០១៩​ ខាងមុខនេះ​។ ក្នុង​ជំនួបលើកនេះ​ ក្រៅតែពី​បន្ត​ចរចាគ្នា​ អំពី​សំណុំរឿង​រំសាយ​កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ អ្នកជំនាញនិយាយថា លោកគីម ជុងអ៊ុន ក៏នឹងស្វះស្វែង​ចរចា​ជាមួយ​លោកត្រាំ​ ពាក់ព័ន្ធនឹង​សន្ធិសញ្ញា​សន្តិភាព​នៅ​ឧបទ្វីបកូរ៉េ​ផងដែរ​។

ដូច្នោះហើយ​ តើ​ជំនួប​លើកទី២​រវាងលោកត្រាំ​ និងគីម ជុងអ៊ុន អាច​ឈានទៅដល់​ការបញ្ចប់​សង្គ្រាមកូរ៉េ​ដែរឬទេ​?

សង្គ្រាមកូរ៉េ​ បានបញ្ចប់ទៅ​អស់រយៈពេល​ជាង៦០ ឆ្នាំ​កន្លងហើយ​ ក៏ប៉ុន្តែ​ប្រទេសកូរ៉េ​ទាំងពីរ​ នាពេលច្ចុប្បន្ននេះ​ នៅតែ​បៀមជាប់​នូវឈ្មោះថា​ ជា​រដ្ឋ​មានជម្លោះ​នឹងគ្នា​នៅឡើយ​។ ជារដ្ឋ​នៅមាន​ជម្លោះ​ ពីព្រោះ​ថ្វីត្បិតតែ​សង្គ្រាមកូរ៉េ​ បាន​បញ្ចប់ទៅ​កាលពី​ឆ្នាំ១៩៥៣​ កន្លងមកហើយក្តី តែ​រហូតមកទល់​នឹងពេលនេះ​ ប្រទេស​បងប្អូន​ទាំងពីរ​ នៅមិនទាន់​បាន​ចុះហត្ថលេខាជា​លក្ខណៈ​ផ្លូវការ ​ ទៅលើ​សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​ សមស្រប​តាមច្បាប់​ត្រឹមត្រូវ​ ​នៅឡើយទេ​។

សូមរឮក​ជូនថា​ សង្គ្រាម​កូរ៉េ​នៅចន្លោះ​ឆ្នាំ​ ១៩៥០-១៩៥៣ បានបញ្ចប់ទៅ​ ត្រឹមតែ​តាមរយៈ​ការចុះកិច្ចព្រមព្រៀង​ឈប់បាញ់​តែប៉ុណ្ណោះ​។ នេះហើយ​ ដែលជា​មូលហេតុ​សំខាន់​ ធ្វើឲ្យ​ប្រទេសកូរ៉េ​ទាំងពីរ​ នៅតែ​បន្ត​ស្ថិតនៅក្រោម​ស្ថានភាពសង្គ្រាម​ដដែល​ រហូតមកដល់​សព្វថ្ងៃនេះ​។ តែ​ទោះជាយ៉ាងណាក្តី​ ជំនួប​លើកទី២​ រវាងលោកត្រាំ​ និង​គីម ជុងអ៊ុន​ នាថ្ងៃទី​ ២៧-២៨ កុម្ភៈ ឆ្នាំ២០១៩ ខាង​មុខនេះ​ បាន​រំលេច​នូវពន្លឺ​នៃក្តី​សង្ឃឹមមួយ​សម្រាប់របបដឹកនាំកូរ៉េខាងជើង ក្នុងការនាំមកនូវ​សន្ធិសញ្ញា​បញ្ចប់​សង្គ្រាមកូរ៉េ​ តាម​ផ្លូវច្បាប់​ត្រឹមត្រូវ​បាន​។

ដូច្នោះហើយ​ តើក្តីសង្ឃឹម​ ក្នុងការ​បញ្ចប់សង្គ្រាមកូរ៉េ​ តាមរយៈ​ជំនួប​ដូណាល់ ត្រាំ-គីម ជុងអ៊ុន​ ពិតជា​អាចកើតឡើង​មែនដែរ​ឬទេ​?

ក្តីសង្ឃឹម​ ជារឿងក្តីសង្ឃឹម​ ប៉ុន្តែ​ធាតុពិត​ កិច្ចព្រមព្រៀង​សន្តិភាព​ ជារឿង​ដែល​ពិបាក​អាចនឹងកើតឡើង​ក្នុងពេល​ឆាប់ៗនេះ​ តាមរយៈ​ជំនួប​កំពូល​របស់​មេដឹកនាំ​ទាំងពីរ​ណាស់​ ពីព្រោះថា​ នៅពីក្រោយ​រឿងនេះ​មានបញ្ហា​ស្មុគស្មាញ​ចាក់ស្រែះ​ ដូច​អំបោះ​ជំពាក់មុខគ្នា​។

សម្រាប់​កូរ៉េខាងជើង​ សន្តិភាព​ ឬ​សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីបកូរ៉េ​ ជារឿងស្លាប់រស់ ពីព្រោះ​ វា​អាច​ជួយធានា​ដល់​ការ​បន្ត​រស់រាន​មាន​ជីវិត​ របស់​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ ទៅអនាគត​ទៀត​។

ក៏ប៉ុន្តែ​ សហរដ្ឋអាមេរិក​ បារម្ភខ្លាច​ការផ្លាស់ប្តូរ​ស្ថានភាព​នៅឧបទ្វីបកូរ៉េ​ ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ខ្លួន​។ ទាក់ទង​រឿងនេះ​ដែរ​ គេ​មិន​ត្រូវភ្លេច​ទេថា ​សព្វថ្ងៃនេះ​ ទាហានអាមេរិក​ចំនួន​ច្រើនជាង​ ២ ម៉ឺន​ ៨ ពាន់​នាក់​ កំពុង​មាន​វត្តមាន​ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

មួយវិញទៀត ប្រសិនណាបើ​សន្តិភាព​ពេញលេញ​ ត្រូវបាន​ប្រគល់ឲ្យ​ប្រទេស​កូរ៉េ​ទាំងពីរ​វិញនោះ​ អាមេរិក​អាចនឹង​ត្រូវ​ដកកងទ័ព​ ចេញពី​កូរ៉េខាងត្បូងវិញ​ទាំងអស់​។

សូមបញ្ជាក់​ជូនថា​ ដោយសារ​រងការគំរាមកំហែង​ ពី​សំណាក់​កូរ៉េខាងជើង​ នៅគ្រា​កន្លងមក​ សហរដ្ឋអាមេរិក​ បានដាក់​ប្រទេសកូរ៉េខាងត្បូង​ ឲ្យស្ថិត​នៅក្រោម​ឆត្រ​ការពារ​របស់ខ្លួន​ ដូច្នោះហើយ​ទើប​គេ​ឃើញពី តួនាទី​និងឥទ្ធិពល​យ៉ាងសំខាន់​របស់​អាមេរិក​នៅទីនោះ​។

ពាក់ព័ន្ធ​បញ្ហា​នេះដែរ​ សាស្ត្រាចារ្យ​ជំនាញផ្នែក​សិក្សា​កិច្ចការ​កូរ៉េខាងជើង​ម្នាក់ ​នៅ​សាកលវិទ្យាល័យ​ Dongguk​ មាន​ទីទាំង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ បាននិយាយថា​ កិច្ចព្រមព្រៀង​សន្តិភាព​ជាលក្ខណៈ​ផ្លូវការ​ ដើម្បី​បញ្ចប់​សង្គ្រាម​នៅកូរ៉េ​ ទំនងជា​មិនអាច​លេចចេញ​ជា​រូបរាង​ក្នុង​ពេលឆាប់ៗ​នេះទេ​។

លោកពន្យល់ថា​ សហរដ្ឋអាមេរិក​ បារម្ភខ្លាច​ក្រែង​ការផ្លាស់ប្តូរ​ស្ថានការណ៍​ ឆាប់​រហ័សពេក ​ធ្វើឲ្យ​តួនាទី​របស់​ខ្លួន​ នៅក្នុង​ឧបទ្វីបកូរ៉េ​ ធ្លាក់​ថមថយ​ ហើយ​នេះ​ជាអ្វី​ដែល​មហាយក្សចិន​ទន្ទឹង​រង់ចាំ​ជាយូរ​មកហើយ​។ ប្រទេសចិន​ ប្រាកដណាស់​ មិនចង់ឲ្យ​អាមេរិក​ ដែលជា​គូប្រជែង​ មាន​ទីតាំង​មូលដ្ឋាន​ទ័ព នៅក្បែរនឹង​ព្រំដែន​ប្រទេស​របស់ខ្លួន​ឡើយ ពីព្រោះតែ​ខ្វល់បារម្ភពី​កត្តា​សន្តិសុខ​ជាតិ​។

ស្រដៀងគ្នា​នេះដែរ​ អ្នក​វិភាគ​នយោបាយ​ម្នាក់ទៀត​ នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​អាស៊ាន​ មាន​ទីតាំង​នៅក្នុង​ទីក្រុង​សេអ៊ូល​ គឺ​លោកគីម ដុងយុប (Kim Dong-yub) លើកឡើងថា​ លទ្ធភាព​ក្នុងការ​បញ្ចប់​សង្គ្រាម​កូរ៉េ​ តាមរយៈ​ ជំនួប​រវាង​លោកត្រាំ ​និង​គីម ជុងអ៊ុន នៅ​វៀតណាម​នាចុងខែកុម្ភៈ​ខាងមុននេះ​ មាន​តិចតួច​ស្តួចស្តើង​ខ្លាំងណាស់​។

លោកគីម​ បញ្ជាក់ទៀតថា​ ដំណើរ​ការចរចា​ ដើម្បី​ទទួលបាន​សន្ធិសញ្ញា​សន្តិភាព​ពិតប្រាកដ​នៅ​ឧបទ្វីប​កូរ៉េ​ យ៉ាង​ហោចណាស់​ក៏​ត្រូវការ​រយៈពេល​ ច្រើនជាង​បី​ឆ្នាំ​ដែរ​។ នេះ​ក៏​ព្រោះថា​ ដើម្បី​អាច​បញ្ចប់​សង្គ្រាម​នៅកូរ៉េ​ជាស្ថាពរបាន​ គេ​ត្រូវការ​ការឯកភាពគ្នា​ ពី​សំណាក់​ប្រទេស​ពាក់ព័ន្ធ​សំខាន់ៗ រួមមាន​ប្រទេស​កូរ៉េទាំងពីរ​ សហរដ្ឋអាមេរិក​ និង​ប្រទេសចិន​ជាមុនសិន​។

សរុបសេចក្តីមក​ បញ្ហា​នៅឧបទ្វីបកូរ៉េ​ ជារឿង​ស្មុគស្មាញ​ ប្រទាក់ក្រឡាគ្នា​ខ្លាំង​សម្បើមណាស់​។ ​ ការចរចា​រវាង​អាមេរិក​ និង​កូរ៉ខាងជើង​ មិនអាចបិទ​បញ្ចប់​សង្គ្រាមកូរ៉េ​បានឡើយ ហើយ​ដើម្បី​ត្រួសត្រាយផ្លូវ​ ឈានទៅ​ទទួលបាន​សន្តិភាព​នៅឧបទ្វីបកូរ៉េ​ គេចាំបាច់​ត្រូវការ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់​ ព្រមព្រៀង​មូលមតិគ្នា​ជាឯកច្ឆន្ទ​៕

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

រដ្ឋមន្ត្រី​បារាំង​ម្នាក់​លាលែង​ពីតំណែង ដោយមានរឿង​អាស្រូវ​ចាយ​វាយ​ហ៊ឺហា

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?