អានតួអត្ថបទ

អាមេរិក​-កាណាដា​ ទាមទារឲ្យចិន​ដោះលែង​ជនជាតិកាណាដា​ពីរនាក់​ជាបន្ទាន់​

កាលពី​ថ្ងៃសុក្រ​ ទី២១​ ធ្នូ​ ឆ្នាំ២០១៨​ ម្សិលមិញនេះ​ សហរដ្ឋអាមេរិក​និង​កាណាដា​ បានដាក់សម្ពាធឲ្យ​ចិន​ដោះលែង​ ជនជាតិ​កាណាដា​ពីរនាក់​ ជាបន្ទាន់​។ ជនជាតិកាណាដា​ពីរនាក់​ ដែល​ត្រូវបានអាជ្ញាធរចិន​ចាប់ខ្លួន​ ក្រោយពី​ប្រធានផ្នែកហិរញ្ញវត្ថុ​ក្រុមហ៊ុន​ Huawei ​ចិន​ត្រូវបានចាប់ខ្លួន​ក្នុង​ប្រទេសកាណាដា​ កាលពីដើម​ខែធ្នូ​នេះ​។

ប្រធានាធិបតីចិនលោកស៊ី ជីនពីង និង លោកត្រាំ ប្រធានាធិបតីអាមេរិក
ប្រធានាធិបតីចិនលោកស៊ី ជីនពីង និង លោកត្រាំ ប្រធានាធិបតីអាមេរិក REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ជនជាតិកាណាដា​ពីរនាក់​ ដែលម្នាក់​ជា​អតីតមន្ត្រីទូត​ និងម្នាក់ទៀត​ជាអ្នកផ្តល់ប្រឹក្សា​ផ្នែកជំនួញ​ ត្រូវបាន​ប៉ូលីសចិន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០​ ធ្នូ​ កន្លងទៅថ្មីៗនេះ​។ ទាក់ទងនឹង​ករណីនេះ​ដែរ​ សហរដ្ឋអាមេរិក​ កាណាដា​ ព្រមទាំង​សហភាពអឺរ៉ុប​ មានការព្រួយបារម្ភជាខ្លាំង​ អំពីសុវត្ថិភាព​របស់​អ្នកទាំងពីរ​។

ជាក់ស្តែង​ នាពេលថ្មីៗនេះ​ រដ្ឋមន្ត្រី​ ការបរទេស​កាណាដា​ លោកស្រី​ Freeland​ បានលើកឡើងថា​ ជនជាតិកាណាដា​ទាំងពីរ​ ដែលកំពុង​ជាប់ឃុំ​ ក្នុងប្រទេសចិន​ កំពុង​ត្រូវបានគេ​ដាក់ឲ្យនៅក្រោម​លក្ខខណ្ឌ​កាន់តែពិបាកទៅៗ​។ មិនតែប៉ុណ្ណោះ​ អ្នកទាំងពីរ​មិនត្រូវបាន​ អាជ្ញាធរចិន​ អនុញ្ញាតឲ្យ​មានមេធាវី​ការពារខ្លួន​ឡើយ​ ដែលនេះ​ខុសពី​ករណី​របស់​លោកស្រី​ម៉េង​ វ៉ាន់ចូវ​ ប្រធានផ្នែក​ហិរញ្ញវត្ថុក្រុមហ៊ុន​ Huawei​ ដែល​កំពុងរស់នៅក្រៅឃុំ​ នៅឯផ្ទះដ៏ធំ​ស្កឹមស្កៃ​របស់លោកស្រី​ក្នុងប្រទេសកាណាដា​ តាមរយៈ​ការបង់ប្រាក់ធានា​។

ជាមួយគ្នានេះ​ លោកស្រី​រដ្ឋមន្ត្រីការបរទេសកាណា​ ក៏បានសង្កត់ធ្ងន់​ទៀតថា​ តុលាការ​កាណាដា​ អនុវត្ត​នូវប្រព័ន្ធច្បាប់​យុត្តិធម៌​ មានតម្លាភាព​ និងគោរពសិទ្ធិ​របស់​លោកស្រី​ម៉េង​ វ៉ាន់ចូវ​។ ការលើកឡើង​របស់​លោកស្រី​បែបនេះ​ គឺ​ទំនងជា​ចង់សំដៅ​ដល់ប្រទេសចិន​ដែល​កាណាដា​គិតថា​ ជាប្រទេស​ដែល​មិនមាន​ឡើយ​នូវប្រព័ន្ធច្បាប់ដែល​តម្លាភាព​ និងអនុវត្ត​នីតិវិធី​ត្រឹមត្រូវ​។

ទាក់នឹង​រឿងនេះដែរ​ តំណាងជាន់ខ្ពស់​សហភាពអឺរ៉ុប​ បាននិយាយថា​ សហភាពអឺរ៉ុប​គាំទ្រ​ចំពោះ​ការទាមទារ​របស់​អាមេរិក​ និង​កាណាដា​ និងថា​ទង្វើរបស់ចិន​ អាច​បង្កឱ្យមា​នការព្រួយបារម្ភ​កាន់តែខ្លាំង​ អំពី​ការអនុវត្តន៍​ច្បាប់​ និងការ​អនុវត្ត​អាជីវកម្ម​នៅក្នុង​ប្រទេសចិន​។

គួរជ្រាបថា​ ការចាប់ឃុំឃាំង​ជនជាតិកាណាដា​ ពី​សំណាក់​រដ្ឋាភិបាលចិន​ ត្រូវបាន​គេជឿថា​ គឺ​ដើម្បីសងសឹក​ និងឆ្លើយតបភ្លាមៗ​ទៅកាន់​រដ្ឋាភិបាល​កាណាដា​ ដែលបាន​ចាប់ខ្លួន​លោកស្រី​ម៉េង​ វ៉ាន់ចូវ​ ប្រធានផ្នែក​ហិរញ្ញវត្ថុក្រុមហ៊ុន​ Huawei​ ទៅតាម​សំណើរ​របស់​សហរដ្ឋអាមេរិក​ បើទោះបីជា​ អាជ្ញាចិន​បដិសេដ​ក៏ដោយ​។ បើយោងទៅតាម​ប៉ូលីសចិន​ អតីតមន្ត្រីទូត​ និង​អ្នកផ្តល់ប្រឹក្សាផ្នែក​ជំនួញកាណាដា​ ត្រូវបានចាប់ខ្លួន​ ពីបទ​សង្ស័យ​ ថាបាន​ធ្វើចារកម្ម​ ដែល​អាចប៉ះពាល់ដល់​សន្តិសុខជាតិ​របស់ចិនតែប៉ុណ្ណោះ​ គឺ​មិនពាក់ព័ន្ធជាមួយ​រឿង​របស់​លោកស្រី​ម៉េង​ វ៉ាន់ចូវ​ នោះឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ