អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ការហោះកាត់​នៃ​អាចម៍ផ្កាយ ​Astroid 2019 OK ​ជារឿង​គួរឲ្យ​បារម្ភ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​ព្រហស្បតិ៍ ២៥កក្កដា​សប្តាហ៍​មុននេះ មាន​អាចម៍ផ្កាយមួយ​បាន​ហោះ​កាត់ភពផែនដី​របស់​យើង នៅ​ក្នុង​ចម្ងាយមួយ​ដ៏​ជិត​បំផុត ពោលគឺ ជិត​ជាង​ពី​ផែនដី​ទៅ​ព្រះចន្ទ​រហូតដល់​ទៅ​ជាង ៥ដងឯណោះ។ អ្នក​វិទ្យាសាស្រ្ត​បាន​ឲ្យដឹង​ថា អាចម៍ផ្កាយ​នេះ​មិនបង្ក​គ្រោះថ្នាក់​ដល់​ភពផែនដី​របស់​យើង​នោះទេ ហើយ​គេ​ក៏​មិន​រំពឹង​ថា វា​នឹង​អាច​មក​ក្បែរ​ភពផែនដី​វិញ​នោះដែរ នៅ​ក្នុង​រយៈពេល​ខ្លី​ខាងមុខ។ ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ គឺ​អាចម៍ផ្កាយនេះ​អាច​ហោះ​មក​ដល់​យ៉ាងជិត​ភពផែនដី​របស់​យើង ដោយ​គ្មាន​អ្នកណា​ដឹង​ជាមុន។

បច្ចុប្បន្ន​នេះ អាចម៍ផ្កាយ​​ដែល​ស្ថិត​នៅ​ជិតផែនដី ប្រមាណ​ជា ២ម៉ឹន ត្រូវ​បាន​អ្នកវិទ្យាសាស្រ្ត​រកឃើញ និង​តាម​ឃ្លាំមើល
បច្ចុប្បន្ន​នេះ អាចម៍ផ្កាយ​​ដែល​ស្ថិត​នៅ​ជិតផែនដី ប្រមាណ​ជា ២ម៉ឹន ត្រូវ​បាន​អ្នកវិទ្យាសាស្រ្ត​រកឃើញ និង​តាម​ឃ្លាំមើល Getty Images/Dieter Spannknebel
ផ្សាយពាណិជ្ជកម្ម

គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ការ​ប៉ះទង្គិចគ្នា រវាង​ផែនដី និង​អាចម៍ផ្កាយ មិនមែន​គ្រាន់តែ​ជា​រឿងប្រឌិត​នៅ​ក្នុង​កុន​ប៉ុណ្ណោះទេ តែ​វាជា​សេណារីយ៉ូមួយ ដែល​អ្នក​វិទ្យាសាស្រ្ត​ទូទៅ​គិត​ថា​នឹង​អាច​កើតមានឡើងពិតប្រាកដ​។

អាចម៍ផ្កាយ​គឺ​ជា​ដុំថ្ម ខ្លះ​តូច ខ្លះ​ធំ ដែល​សេសសល់​ពី​ការ​កកើត​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង កាល​ពី​ប្រមាណ​ជាង ៤ពាន់លាន​ឆ្នាំមុន។ អាចម៍ផ្កាយ​ភាគច្រើន​ ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​​នៅ​ចន្លោះ​ពី​ភពព្រះអង្គារ និង​ភពព្រហស្បតិ៍ ក្នុង​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ខ្សែក្រវ៉ាត់អាចម៍ផ្កាយ” ក៏ប៉ុន្តែ ក៏មាន​ដែរ​អាចម៍ផ្កាយ​ខ្លះ ដែល​មាន​គន្លង​តារាវិថី​ហោះកាត់គន្លង​តារាវិថី​នៃ​ភពផែនដី​របស់​យើង។

នៅ​ក្នុង​ប្រវត្តិ​នៃ​ភពផែនដី​របស់​យើង​នេះ ការ​ប៉ះទង្គិចគ្នា​ជាមួយ​នឹង​អាចម៍​ផ្កាយ​ធ្លាប់​បាន​កើតមានឡើង​ជាច្រើន​លើក​រួចមកហើយ ដោយ​ខ្លះ​តូច ហើយ​ខ្លះទៀត​ ដូចជា​អាចម៍ផ្កាយ​ កាល​ពី​ជាង ៦៥លាន​ឆ្នាំមុន មាន​ទំហំធំ រហូត​អាច​សម្លាប់​ពពួកសត្វឌីណូស័រ​ឲ្យ​ស្លាប់​ផុតពូជ​ពីភព​ផែនដី​របស់​យើង​បាន។

គេ​អាច​ដឹង​ពី​ការ​ធ្លាក់អាចម៍ផ្កាយ​អស់ទាំងនេះបាន គឺ​តាមរយៈ​ស្លាកស្នាម​ដែល​បន្សល់​ទុក​លើ​ដី គឺ​រណ្តៅ​អាចម៍ផ្កាយ។ ហើយ​ប្រសិន​បើ​អ្ន​កខ្លះ​នៅមាន​មន្ទិល​សង្ស័យ​នៅឡើយ អំពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​ធ្លាក់​អាចម៍​ផ្កាយ​នេះ គេ​គួរ​តែ​មើល​ទៅលើ​ហេតុការណ៍​ជាក់ស្តែង ដែល​បាន​កើតឡើង នៅឆេលីយ៉ាប៊ីនស្ក៍ (Tcheliabinsk) ប្រទេស​រុស្ស៊ី កាល​ពី​ឆ្នាំ២០១៣​ថ្មីៗ​កន្លងទៅ។ អាចម៍ផ្កាយ​ដែល​ធ្លាក់​នៅ​ឆេលីយ៉ាប៊ីនស្ក៍​នោះ មាន​ទំហំ​ប្រមាណ​ជា ២០ម៉ែត្រ ហើយ​បាន​បង្ក​ឲ្យ​មាន​កម្លាំង​ផ្ទុះ​រហូត​ដល់​ទៅ​ប្រមាណ​ជាពី ៤០០ ទៅ ៥០០​គីឡូតោន (ស្មើនឹង​ជិត ៣០ដង​នៃ​កម្លាំងផ្ទុះគ្រាប់បែក​នុយក្លេអ៊ែរ ដែល​អាមេរិក​ទម្លាក់​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា)។

អាចម៍ផ្កាយ​ដែល​ហោះ​កាត់​ក្បែរ​ភពផែនដី​របស់​យើង កាល​ពីថ្ងៃព្រហស្បតិ៍​មុន ហើយ​ដែល​គេ​ឲ្យឈ្មោះ​ថា “Asteroid 2019 OK” មាន​ទំហំ​ធំជាង​អាចម៍ផ្កាយ​នៅ​ឆេលីយ៉ាប៊ីនស្ក៍​ដល់​ទៅ​ប្រមាណ​ពី ៣ដង ទៅ ៦ដង។ ប្រសិន​បើ​​អាចម៍ផ្កាយ​នេះ​ធ្លាក់មកលើ​ភពផែនដី​របស់​យើង កម្លាំង​ផ្ទុះ​របស់​វា​អាច​នឹង​កម្ទេច​ទីក្រុងមួយ​ឲ្យ​រាបដល់ដី​បាន។

ក៏ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​នោះ គឺ​មិនមែន​នៅ​ត្រង់​ទំហំ ឬ​ក៏គ្រោះថ្នាក់​ដែល​អាចម៍ផ្កាយ Asteroid 2019 OK នេះ​អាច​បង្ក​ឡើងនោះទេ តែ​បារម្ភ​នៅ​ត្រង់​ថា អាចម៍​ផ្កាយ​មួយ​នេះ គេ​មិន​ធ្លាប់​ស្គាល់ទេពីមុន ហើយ​ក៏​មិន​ធ្លាប់​បាន​សង្កេត​និង​តាមដាន​មើល​នោះដែរ។ អាចម៍​ផ្កាយ Asteroid 2019 OK នេះ ត្រូវបាន​គេ​សង្កេតឃើញ​តាម​តេឡេស្កុប ហើយ​បញ្ជាក់​បាន​យ៉ាងច្បាស់​ថា​ជា​អាចម៍ផ្កាយ តែ​ប៉ុន្មាន​ម៉ោង​​ប៉ុណ្ណោះ មុនពេល​វា​ហោះ​មក​ជិតភពផែនដី។ នេះ​មានន័យ​ថា ប្រសិន​បើ​​គន្លង​តារាវិថី​របស់​អាចម៍ផ្កាយ​នេះ​ត្រូវ​ប៉ះទង្គិចគ្នា​នឹង​ភពផែនដី​នោះ គេ​នឹង​មិន​អាច​ទប់ស្កាត់​បាន​​ទាន់ពេលនោះទេ។

គួរបញ្ជាក់ថា រហូតមកទល់​នឹង​សព្វថ្ងៃ​នេះ អ្នក​វិទ្យាសាស្រ្ត​​ជាទូទៅ​បាន​កំណត់ថា ​នៅ​ក្នុង​យុទ្ធសាស្រ្ត​​ការពារ​ភពផែនដី​ពី​អាចម៍ផ្កាយ ចំណុច​ដ៏​ចម្បង​បំផុត​ គឺ​ពេល។

កាលពីខែមេសា​កន្លងទៅ​ថ្មីៗ​នេះ ទីភ្នាក់ងារ​ណាសា​បាន​រៀបចំ​សន្និសីទ​ដ៏​ធំមួយ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​វិទ្យាសាស្រ្ត​មក​ពី​ជុំវិញ​ពិភពលោក ដើម្បី​ជជែក​ផ្លាស់ប្តូរ​យោបល់​គ្នា ដោយ​ដាក់​សេណារីយ៉ូមួយ​ថា អាចម៍ផ្កាយ​មួយ​ ដែល​មាន​ទំហំ​ធំល្មម​​​អាច​កម្ទេច​ទីក្រុង​ធំ​មួយ​បាន នឹង​ត្រូវ​ហោះ​មក​បុកភពផែនដី នៅ​ក្នុង​រយៈពេល ៨ឆ្នាំខាងមុខ។ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច?

ខុសពី​នៅ​ក្នុង​ភាពយន្ត​ហូលីវូត ដែល​គេ​យក​គ្រាប់បែក​នុយក្លេអ៊ែរ​ទៅ​កម្ទេចអាចម៍ផ្កាយ អ្នក​វិទ្យាសាស្រ្ត​ភាគច្រើន​នៅ​ក្នុង​សន្និសីទ​ កាល​ពីខែ​មេសា​នោះ បាន​ឯកភាព​គ្នា​ថា ដំណោះស្រាយ​ដែលគេ​មើល​ទៅ​ឃើញ​ថា​មាន​ភាព​ប្រាកដ​និយម​ជាងគេ គឺ​ការ​ប្រើ​យាន​អវកាស ដើម្បី​រុញ​អាចម៍ផ្កាយ​ឲ្យ​ចាកគន្លង​ដើម​បន្តិចម្តងៗ រហូត​អាច​ចៀសផុត​ពី​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ផែនដី។ ក៏ប៉ុន្តែ ដើម្បី​អាច​ធ្វើ​បែបនេះ​បាន គេ​ចាំបាច់​ត្រូវ​​​ព្យាករ​ដឹងជាមុន​​ពី​គន្លង​នៃ​អាចម៍ផ្កាយ ហើយ​មិន​មែន​ដឹង​មុន​ត្រឹម​រាប់ខែ​នោះទេ តែត្រូវ​ដឹងមុន​រហូត​ដល់​ទៅ​​រាប់​ឆ្នាំឯណោះ។

ហេតុដូច្នេះហើយ​បាន​ជា​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាលក្ខណៈ​អន្តរជាតិ បាន​បង្កើត​គម្រោងមួយ ដែល​គេ​ឲ្យឈ្មោះ​ថា “Planetary Defense” ដើម្បី​ស្វែងរក និង​​ឃ្លាំមើល ព្រមទាំង​​កំណត់​គន្លង​តារាវិថី​​នៃ​បណ្តា​អាចម៍ផ្កាយ ដែល​ស្ថិត​នៅ​ក្បែរ​ភពផែនដី​របស់យើង។ គោលដៅ គឺ​កំណត់​មុខសញ្ញា​អាចម៍ផ្កាយ ដែល​គន្លង​របស់​វា​ត្រូវ​ហោះ​ក្បែរ​នឹង​ភពផែនដី ហើយ​អាច​មាន​ប្រូបាប៊ីលីតេ​ខ្ពស់ ក្នុងការ​ប៉ះទង្គិចគ្នា។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាចម៍ផ្កាយ​ប្រមាណ​ជា​ជិត ២ម៉ឺន ត្រូវ​បាន​គេរកឃើញ និង​ស្ថិត​ក្រោម​ការ​តាមដាន​នៃ​គម្រោង Planetary Defense។ ក៏ប៉ុន្តែ ការលេចមុខឡើង​ដោយ​មិន​មាន​អ្នកណា​ដឹង​ជាមុន នៃ​អាចម៍ផ្កាយ​ Asteroid 2019 OK កាល​ពីថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ការ​បញ្ជាក់​ឲ្យឃើញ​ថា ក្រៅពី​អាចម៍ផ្កាយ​ទាំង​ជិត ២ម៉ឺន ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើលនេះ នៅមាន​អាចម៍ផ្កាយ​ជាច្រើន​ផ្សេងទៀត ដែល​គេ​នៅមិនទាន់​រកឃើញ ហើយ​ដែល​អាច​មាន​គន្លង​តារាវិថី​ហោះកាត់​គន្លង​តារាវិថី​នៃ​ភពផែនដី​របស់​យើង។ អាចម៍ផ្កាយ​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ជាងគេ គឺ​ប្រភេទ​អាចម៍ផ្កាយ​ធុន​មធ្យម ដែល​មាន​ទំហំ​មិន​សូវ​ជា​ធំ ពិបាក​នឹង​ឲ្យ​គេ​សង្កេតមើល​ឃើញ តែ​ធំល្មម​អាច​នឹង​កម្ទេច​ទីក្រុង​មួយបាន ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “City Killer”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ