rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស Brexit

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រៀម​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់​ក្រោយ​មាន​ការ​ប្រឆាំង​ពី​សភា​

media
លោកនាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុន នៅពេលប្រជុំសភាក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៩។ ©UK Parliament/Jessica Taylor/Handout via REUTERS

នៅក្នុងប្រទេសអង់គ្លេស។ ក្រោយពីសភា សម្រេចអនុម័តច្បាប់ រារាំងមិនឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងរួចមក លោកនាយករដ្ឋមន្ត្រីបូរីស ចនសុន បានប្រកាសឲ្យមានការត្រៀមរៀបចំបោះឆ្នោតមុនកាលកំណត់។ ជាការប្រកាសមួយ ដែលលោកចនសុន ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់សភាកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងការប្រឆាំងទៅនឹងការចង់បានរបស់លោក ដែលចង់ឲ្យអង់គ្លេសលែងលះឲ្យដាច់ស្រេចជាមួយអឺរ៉ុប តាមកាលកំណត់នាថ្ងៃទី៣១ តុលា ទោះបីជាមាន ឬក៏គ្មានកិច្ចព្រមព្រៀងយ៉ាងណាក៏ដោយ។


ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស បានត្រឹមតែប្រមាណជា ៦ សប្តាហ៍តែប៉ុណ្ណោះ ក៏ប៉ុន្តែ លោកបូរីសចន សុន នាខណៈនេះ កំពុងតែប្រឈមមុខគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងសភា ពាក់ព័ន្ធនឹងសំណុំរឿង ​Brexit។ ខុសពីលោកចនសុន សភាអង់គ្លេស មិនចង់ឃើញប្រទេសចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយនោះទេ ពីព្រោះសភាយល់ថា ការគ្មានកិច្ចព្រមព្រៀង អាចផ្តល់ហានិភ័យច្រើន និងខ្លាំងសម្បើមណាស់ដល់សេដ្ឋកិច្ចរបស់អង់គ្លេសទាំងមូល។

តាំងតែពីមុនពេល មានការប្រឆាំងជំទាស់ជាផ្លូវការ ពីសំណាក់សភាមកម្ល៉េះ លោកចនសុន ធ្លាប់បានអះអាងថានឹងតតាំងជាមួយនឹងសភា គឺមិននៅស្ងៀមដូចលោកស្រីតេរេសា មេ ដែលជាអតីតប្រមុខរដ្ឋាភិបាលអង់គ្លេសឡើយ។

លោកនាយករដ្ឋមន្ត្រីបូរីស ចនសុន ថាលោកនឹងរំលាយសភា និងផ្តើមឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ក្នុងករណីដែលសភា រារាំងមិនឲ្យអង់គ្លេសចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។

តែទោះជារងការគម្រាមពីលោកចនសុន យ៉ាងណាក្តី កាលពីថ្ងៃអង្គារ ទី៣ កញ្ញា ម្សិលមិញនេះ សមាជិកសភាអង់គ្លេស​ ដែលក្នុងនោះមានទាំងសមាជិកសភាមកពីគណបក្សអភិរក្សនិយមរបស់ លោកចន សុន ចំនួន ២១ នាក់ផង បានបោះឆ្នោតប្រឆាំងនឹងរូបលោក។

ភ្លាមៗនោះ លោកបូរីស ចនសុន បានចេញមុននិយាយថា រូបលោកគ្មានជម្រើសអ្វីផ្សេងនោះទេ ក្រៅតែពីរៀបចំឲ្យមានការបោះឆ្នោតមុនកាលកំណត់។ លោកបន្ថែមទៀតថា លោកមិនចង់ឲ្យមានការបោះឆ្នោតបែបនេះកើតឡើងនោះទេ តែប្រសិនណាបើសភា បោះឆ្នោតបញ្ឈប់ដំណើរការនៃកិច្ចចរចា ហើយបង្ខំឲ្យពន្យារពេលក្នុងការចាកចេញពីអឺរ៉ុបបន្តទៀត នោះ ការរំលាយសភាពិតជានឹងកើតឡើងជាក់ជាមិនខាន។

គួរជ្រាបថា សភាអង់គ្លេស រំពឹងនឹងអនុម័ត ពាក់ព័ន្ធនឹងសំណើបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃពុធនេះ ហើយលោកនាយករដ្ឋមន្ត្រីអង់គ្លេសចនសុន ត្រូវការសំឡេងគាំទ្រចំនួន ២ ភាគ ៣ ពីសមាជិកសភា ដើម្បីអាចរៀបចំការបោះឆ្នោតមុនកំណត់មួយបាន។ នេះជាចំនួនមួយដ៏ច្រើន ដែលគេជឿថា ពិបាកនឹងទទួលបានខ្លាំងណាស់។

ដោយឡែក ក្នុងករណីដែលលោកចន សុន ទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ គេរំពឹងថា ការបោះឆ្នោតមុនកាលកំណត់នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ១៧ និង ១៨ តុលាខាងមុខ៕