អានតួអត្ថបទ

ភាព​មិនប្រាកដ​ប្រជា​នៃ​កិច្ចព្រមព្រៀង​ Brexit ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​អង់គ្លេស​ធ្លាក់ចុះ​

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​អង់គ្លេស​ កំពុង​តែជួបបញ្ហា​នៅមួយរយៈពេលចុង​ក្រោយនេះ​ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ និង​ពិសេស​ដោយសារ​ឥទ្ធិពល​របស់​ Brexit ផង​។ ជាក់ស្តែង​ បើតាម​ការព្យាករណ៍​ របស់​ធនាគារជាតិ​អង់គ្លេស​ កំណើន​សេដ្ឋកិច្ច​របស់អង់គ្លេស​នាឆ្នាំនេះ​បានធ្លាក់ចុះ​ពី​ចំនួន ១,៧ មកត្រឹមតែ​ ១,២ ភាគរយ​ប៉ុណ្ណោះ។

មនុស្សម្នា ដើរឆ្លងកាត់ធនាគារជាតិអង់គ្លេស នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ ២០១៩។
មនុស្សម្នា ដើរឆ្លងកាត់ធនាគារជាតិអង់គ្លេស នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ ២០១៩។ REUTERS/Hannah McKay
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​របស់​អង់គ្លេស​ កំពុងតែ​ត្រូវបាន​ខ្យល់​នៃ​កិច្ចព្រមព្រៀង Brexit ​បក់បោក។ ភាពប្រទាញប្រទុងគ្នា​ជុំវិញ​កិច្ចព្រមព្រៀង​ Brexit នេះ​ បានបង្កើតជា​ឧបសគ្គ​ និងធ្វើឲ្យ​ភាពរីកចម្រើន​លូតលាស់​នៃសេដ្ឋកិច្ច​អង់គ្លេស​ ជួបភាព​យឺតយ៉ាវ​។ នេះ​ គឺជា​ការលើកឡើង​របស់​លោក​ Mark Carney​ ប្រធាន​ធរនាគារជាតិ​នៃ​ប្រទេស​អង់គ្លេស​។

លោក Carney ​ បាន​ក្រើនរឮកថា​ ​សេដ្ឋកិច្ច​របស់អង់គ្លេស​មានកំណើនដែរ​ តែជា​កំណើនមួយ​ ដែលដើរយឺត​ នៅចុងឆ្នាំ​ ២០១៨​ និង​ទំនងជា​កាន់តែ​យ៉ាប់យ៉ឺនឡើង​បន្តទៀត​ នៅដើម​ឆ្នាំ ២០១៩ នេះ​។ លោកបន្តថា​ កត្តាចំបង​ដែលធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​អង់គ្លេស​ជួបបញ្ហា​បែបនេះ​ គឺដោយសារតែ​រងឥទ្ធិពលមិនល្អ​ កើតចេញពី​ភាពមិនប្រាកដប្រជា​របស់​កិច្ចព្រមព្រៀង Brexit​។

កិច្ចព្រមព្រៀង​ Brexit ដែល​កំពុងតែធ្វើឲ្យ​សង្គមអង់គ្លេស​រញ៉េរញៃ​ និងធ្វើ​បណ្តាក្រុមហ៊ុន​ដែល​កំពុង​រកស៊ី​ នៅក្នុង​ប្រទេស​មានការព្រួយបារម្ភ​។ មិនតែប៉ុណ្ណោះ​ កិច្ចព្រមព្រៀងនេះ​ ក៏បានធ្វើឲ្យ​នាយករដ្ឋមន្ត្រី​អ្នកស្រី​ទែររ៉េហ្សា ម៉េ (Theresa May) ឈឺក្បាល​វិលមុខ​ជាខ្លាំង​ផងដែរ​។ ឈឺក្បាលវិលមុខ​ ដោយសារតែ​ កន្លងមកថ្មីៗនេះ​ សភា​អង់គ្លេស​មិនព្រម​ឯកភាព​ និង​អនុម័ត​លើកិច្ចព្រមព្រៀង​ ដែល​លោកស្រី​ខំប្រឹង​អស់រយៈពេល​ជាច្រើន​ខែ​ ចរចា​ជាមួយ​សហភាពអឺរ៉ុប​ ទំរាំតែ​សម្រេចបាន​។

គួររំឭកជូនថា​ នៅថ្ងៃព្រហស្បតិ៍​ ថ្ងៃទី៧​ កុម្ភៈ​ ឆ្នាំ ២០១៩​ សហភាពអឺរ៉ុប​ និង​នាយករដ្ឋមន្ត្រីអង់គ្លេស​ បាន​វិលមកចូលតុពិភាក្សាគ្នា​សារជាថ្មីម្តងទៀត​ ជុំវិញ​កិច្ចព្រមព្រៀង​លែងលះ​គ្នា​។ គេជឿថា​ ចំណុចខ្ទាស់ខ្លាំង​ ដែល​ធ្វើឲ្យ​សហភាពអឺរ៉ុប​ ពិបាកនឹងធ្វើ​សម្បទាន​ ឲ្យអង់គ្លេស​ នោះគឺ​បញ្ហាព្រំដែន​របស់​អៀរឡង់ខាងជើង​។

តែទោះជាយ៉ាងណាក្តី​ គេ​នៅមិនទាន់ដឹង​ទេថា​ លោកស្រីម៉េ​ អាច​ ទំលាយ​ភាពទាល់ច្រក​ ក្នុង​ពេលចរចា​ នោះឬក៏អត់ទេ។ អ្វី​ដែលគេ​ដឹង​នាពេលនេះ​ គឺថា​ទាំង​សហភាពអឺរ៉ុប​ ទាំង​ប្រទេស​អង់គ្លេស​បានឯកភាពគ្នា​ បន្តកិច្ចចរចា​ នៅពេលខាងមុខទៀត។ ក៏ប៉ុន្តែ​ ភាគី​ទាំងពីរ​មិនទាន់បាន​កំណត់ពី​កាលបរិច្ឆេទ​នៅឡើយទេ។

គួរជម្រាបជូនថា​ ទោះបីជា​រដ្ឋាភិបាល​ទីក្រុងឡុងដ៍​ខិតខំវិលទៅ​ចរចា​ជាមួយ​សហភាពអឺរ៉ុប​យ៉ាងណាក្តី​ គេជឿថា​វា​មិនមែន​ជារឿង​ងាយស្រួល​នោះទេ​។ ជាកស្តែង​ លោក​ Carney ប្រធាន​ធរនាគារជាតិ​នៃ​ប្រទេស​អង់គ្លេស​ បានលើកឡើងថា​ កិច្ចចរចា​-កិច្ចព្រមព្រៀង​ Brexit​ នៅតែ​ស្ថិតក្នុ​ងភាពស្រពេចស្រពិល​ ហើយបញ្ហានេះ​ នឹងនៅតែ​ជា​ចលករ​ រុញច្រាន​ឲ្យ​អង់គ្លេស​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​នៃបញ្ហាសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ដដែល​។

សូមជម្រាបជូនថា​ នាពេលបច្ចុប្បន្ននេះ​ អង់គ្លេស​ មិនមែនជា​ប្រទេសតែមួយនោះទេ​ ដែលជួបនឹង​បញ្ហាកំណើ​នសេដ្ឋកិច្ច​។ ជាក់ស្តែង​ ប្រទេសអឺរ៉ុប​មួយចំនួន​ដែលក្នុងនោះ​ រួមមានដូចជា ប្រទេស​អាល្លឺម៉ង់​ និង​បារាំងជាដើម​ ក៏​កំពុង​មានបញ្ហា​កំណើនសេដ្ឋកិច្ច​ចុះ​ថមថយ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ