អានតួអត្ថបទ

អ្នកស្រាវជ្រាវ​ប្រកាសពី​ករណី​អ្នក​ផ្ទុក​មេរោគ​ HIV ទី២​ដែល​ជា​សះស្បើយ​ពីជំងឺ​

អ្នក​ផ្ទុក​មេរោគហ៊ីវ​ (HIV) ម្នាក់​នៅ​ទីក្រុងឡុងដ៍​បានជា​សះស្បើយ​ពី​ជំងឺ​ បន្ទាប់ពី​ទទួលបាន​ការ​ព្យាបាល​ពីសំណាក់​ក្រុមគ្រូពេទ្យ​។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្រុម​អ្នកស្រាវជ្រាវ​ នៅក្នុង​សន្និសីទ​វេជ្ជសាស្ត្រមួយ​នៅថ្ងៃ​អង្គារទី៥ មីនា​។ តាមរយៈ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មីនេះ​ដែរ​ គេ​អាច​សន្និដ្ឋាន​បានថា​ អ្នកផ្ទុក​មេរោគ​ HIV អាច​ព្យាបាល​ឲ្យជា​ទាំងស្រុង​បាន​តាមបែប​វេជ្ជសាស្ត្រ​។

បុរសម្នាក់នៅក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពី HIV/AIDS នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨។
បុរសម្នាក់នៅក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពី HIV/AIDS នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨។ REUTERS/Rupak De Chowdhuri
ផ្សាយពាណិជ្ជកម្ម

រហូត​មកដល់ពេលនេះ​ មាន​អ្នកផ្ទុកមេរោគ​ HIV​ ចំនួន​ពីរនាក់​ហើយ​ដែលជា​សះស្បើយ​ពី​ជំងឺ​តាមរយៈ​ការព្យាបាល​យ៉ាង​ត្រឹមត្រូវ​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​ ដែល​អ្នកទី១​ ជា​អ្នកជំងឺ​នៅទី​ក្រុង​ប៊ែកឡាំង​ និងទី២​ជាអ្នក​ជំងឺ​នៅក្នុងទីក្រុងឡុងដ៍​ប្រទេស​អង់គ្លេស​។

បើតាម​អ្នកជំនាញ​ អ្នកជំងឺ​ទាំងពីរ​បានជា​ពី​ជំងឺ​ដោយសារ​វិធីសាស្ត្រ​ព្យាបាល​ប្រហាក់ប្រហែលគ្នា​ គឺ​តាមរយៈ​ការវះកាត់​ផ្លាស់ប្តូរ​ខួរឆ្អឹង​ និង​ការព្យាបាល​មហារីក​ឈាម​។

បើតាម​អ្នកស្រាវជ្រាវ​ នៅ​សាកល​វិទ្យាល័យ​អង់គ្លេស​ Cambridge​ ការ​ប្រកាស​អំពី​ការជាសះស្បើយ​ របស់​អ្នក​ផ្ទុកមេរោគ​ HIV ទី២​ បង្ហាញឲ្យឃើញថា​ វិធីសាស្ត្រ​ដែល​ក្រុមអ្នកជំនាញ​ធ្លាប់ប្រើ​ពី​មុនមក​ គឺជា​វិធីសាស្ត្រ​ដែល​អាច​ប្រើការបាន​។

គួរជម្រាបជូនថា​ អ្នកជំងឺ​នៅទី​ក្រុងឡុងដ៍​បានដឹងថា​ខ្លួនមាន​ផ្ទុកមេរោគ​ HIV​ ដំបូងឡើយ​កាលពី​១០​ឆ្នាំមុន​ ហើយ​ក្រោយពី​ទទួលយក​ការព្យាបាល​ លោកបានជាពី​ជំងឺ​ ហើយ​មិនមាន​រោគសញ្ញា​គួរឲ្យ​សង្ស័យណា​ដែលថា​លោក​បន្ត​កើត​ជំងឺអេដស៍​នោះទេ​។

បើតាម​អ្នកជំនាញ​អង់គ្លេស​ដដែលនេះ​ តាមរយៈ​លទ្ធផល​ដែលទើប​សម្រេចបាន​ខាងលើ​ គេអាច​សន្និដ្ឋានបានថា​ នាខណៈនេះ​ មានតែ​ការព្យាបាល​តាមវិធី​វេជ្ជសា​ស្ត្រទេ​ ទើបអាច​ព្យាបាល​អ្នកផ្ទុកមេរោគ​ HIV​ ឲ្យជា​ពីជំងឺបាន​ទាំងស្រុង​។ លោក​បាន​បញ្ជាក់​ទៀតថា​ នេះ​ជា​ដំណឹង​ល្អមួយ​ ក៏ប៉ុន្តែ​វា​គឺជា​បញ្ហាប្រឈម​ សម្រាប់​អ្នកជំងឺ​ដែល​រស់នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ ដែល​មាន​មនុស្ស​រាប់លាននាក់​ នៅតែ​មិនអាច​ទទួលបាន​ការព្យាបាល​បាន​គ្រប់គ្រាន់​។

គួររំឭកជូនថា​ នាពេលបច្ចុប្បន្ននេះ​ចំនួន​អ្នកផ្ទុកមេរោគ​ HIV នៅ​ទូទាំង​ពិភពលោក​យើងនេះ​ មាន​ចំនួន​សរុប​ជិត​ ៣៧ លាននាក់​ ហើយ​ក្នុង​ចំណោម​ពួកគេ​ទាំងអស់​នោះ​ មានតែ​ចំនួន​ ៥៩​ ភាគរយប៉ុណ្ណោះ​ ដែល​ទទួល​បាន​ការព្យាបាល​តាមរយៈ​ការលេបថ្នាំពន្យាជីវិត​ ដើម្បី​ប្រឆាំង​នឹង​វីរុស​ HIV​ ដែល​ភាសា​បច្ចេកទេស​គេហៅថា​ antiretroviral therapy (ARV)​។

គួរជ្រាបដែរថា​ ការ​ព្យាបាល​តាមរយៈថ្នាំពន្យាជីវិត(ARV) នេះ​មិន​បាន​ជួយឲ្យ​អ្នកជំងឺ​ជា​សះស្បើយ​ពីជំងឺ​បាន​ ១០០ ភាគរយ​នោះទេ​តែ​អាចជួយឲ្យ​អ្នកជំងឺ​ពន្យារ​ពេលរស់​បានយូរ​ជាងធម្មតា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ