rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស អាមេរិក សារព័ត៌មាន ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តុលាការ​អង់គ្លេស​ នឹង​កាត់ក្តី​រឿង​ធ្វើ​បត្យាប័ន​ស្ថាបនិក​វីគីលិក​នៅខែ​កុម្ភៈ​ ឆ្នាំ២០២០​

media
ស្ថាបនិកវីគីលិកលោកជូលៀន អាសាញ។ REUTERS/John Stillwell

តុលាការអង់គ្លេស នឹងបើកសវនាការកាត់ក្តី ទាក់ទងទៅនឹងសំណុំរឿង ធ្វើបត្យាប័ន ស្ថាបនិកវេបសាយវីគីលិក លោកជូលៀន អាសាញ ទៅកាន់សហរដ្ឋអាមេរិក នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។ អង្គការ សមាគមនានា​ បានសម្តែងនូវក្តីបារម្ភជាខ្លាំងជុំវិញរឿងនេះ និងកំពុងរង់ចាំមើលថាតើអង់គ្លេស នឹងបញ្ជូនខ្លួនលោកជូលៀន អាសាញទៅតាមការស្នើសុំរបស់អាមេរិកឬយ៉ាងណា?


ស្ថិតក្នុងវ័យ ៤៧ ឆ្នាំ ស្ថាបនិកវីគីលិក លោកជូលៀន អាសាញ រងការចោទប្រកាន់ពីរដ្ឋាភិបាលអាមេរិក ថាបានធ្វើសកម្មភាពវាយប្រហារតាមអ៊ីនធឺណែត ដោយបានចេញផ្សាយនូវឯកសាររដ្ឋ និងឯកសារពាក់ព័ន្ធនឹងវិស័យយោធារបស់អាមេរិក ជាច្រើនក្នុងឆ្នាំ២០១០។ ទាំងអស់នោះ គឺជាឯកសារ ស្តីអំពីយុទ្ធនាការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន។

ក៏ប៉ុន្តែ នៅគ្រោកន្លងមក លោកជូលៀន ធ្លាប់បាននិយាយថា ការចុះផ្សាយនូវឯកសារទាំងនោះ គឺគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានជាលក្ខណៈធម្មតាប៉ុណ្ណោះ និងមិនមែនជាការវាយប្រហារតាមអ៊ីនធឺណែត ដូចការចោទប្រកាន់របស់រដ្ឋាភិបាលអាមេរិកនោះឡើយ។

គួរជម្រាបជូនថា នាពេលបច្ចុប្បន្ននេះ លោកជូលៀន អាសាញ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអង់គ្លេស។ ចៅក្រមរបស់អង់គ្លេសម្នាក់ ឲ្យដឹងនៅថ្ងៃសុក្រ ទី១៤ មិថុនាថា តុលាការអង់គ្លេស នឹងកាត់ក្តីពាក់ព័ន្ធសំណុំរឿងបញ្ជូនខ្លួនលោកជូលៀន ទៅកាន់សហរដ្ឋអាមេរិក នៅខែកុម្ភៈ ឆ្នាំក្រោយ។

សូមរំឭកជូនដែរថា ស្ថាបនិកវីគីលិក ដែលជាជនជាតិអូស្ត្រាលី បានរងបទចោទប្រកាន់ចំនួន ១៨ ករណី ពីនាយកដ្ឋានយុត្តិធម៌របស់អាមេរិក។ ក្នុងករណីដែលអាជ្ញាធរទីក្រុងឡុងដ៍ សម្រេចបញ្ជូនខ្លួនលោក ទៅកាន់សហរដ្ឋអាមេរិកមែននោះ លោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅរយៈពេល ១៧៥ ឆ្នាំ ប្រសិនបើតុលាការអាមេរិករកឃើញថា លោកពិតជាមានទោសកំហុសដូចជាបទចោទមែននោះ។

លោកស្រី Jennifer Robinson មេធាវីម្នាក់របស់ស្ថាបនិកវីគីលិក បានចាត់ទុកទង្វើរបស់អាមេរិកថា គឺជាវាយប្រហារសេរីភាពសារព័ត៌មាន និងជាការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាន។ លោកស្រីបន្តទៀតថា លោកស្រី និងសហមេធាវីដទៃទៀត នឹងក្រោកឈរធ្វើការប្រឆាំងជំទាស់ជាដាច់ខាត ទៅនឹងការសម្រេចធ្វើបត្យាប័នលោកជូលៀន អាសាញ ទៅកាន់ប្រទេសអាមេរិក។

ទាក់ទងរឿងនេះដែរ ក្រុមអ្នកការពារសិទ្ធិមនុស្ស មានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគោលបំណងរបស់អាជ្ញាធរអាមេរិក ដែលអាចចង់ដាក់ទោសស្ថាបនិកវីគីលិក ឲ្យជាប់ពន្ធនាគាររហូតដល់ដង្ហើមចុងក្រោយ ឬក៏កាត់ទោសប្រហារជីវិតរូបលោកតែម្តង។

ដោយឡែក អង្គការ Amnesty International បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនាដែរថា រដ្ឋាភិបាលអង់គ្លេស គួរមានការគិតគូពិចារណាខ្ពស់ និងមិនគួរបញ្ជូនខ្លួនលោកជូលៀន អាសាញទៅកាន់កន្លែងមួយ ដែលលោកអាចប្រឈមមុខ ទៅនឹងការធ្វើទារុណកម្ម ឬក៏ការកាត់ទោសប្រហារជីវីតឡើយ៕