rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកស្រី​មេ​ បញ្ចប់​តួនាទី​ជា​មេបក្ស​កាន់អំណាច​អង់គ្លេស​នៅថ្ងៃ​ទី៧​ មិថុនា​នេះ​

ដោយ អ៊ុង គឹមអ៊ាន់

ថ្ងៃសុក្រ ទី៧ មិថុនានេះ គឺជាថ្ងៃចុងក្រោយរបស់លោកស្រីនាយករដ្ឋមន្ត្រីតេរេសា មេ ក្នុងនាមជាមេដឹកនាំបក្សកាន់អំណាចអង់គ្លេស។​ ទោះបីលែងមានតួនាទី ជាប្រធានបក្សកាន់អំណាចត្រឹមនេះក្តី តែលោកស្រីមេ នឹងនៅតែបន្តតំណែងជានាយករដ្ឋមន្ត្រីរយៈក្នុងរយៈពេល ៤ ទៅ ៥ សប្តាហ៍ខាងមុខទៀត ដើម្បីរង់ចាំអ្នកថ្មី មកជំនួសតំណែងរបស់លោកស្រីទាំងជាប្រធានបក្សកាន់អំណាច និងជាប្រមុខរដ្ឋាភិបាលថ្មីរបស់អង់គ្លេស។

តើនរណាទៅ ដែលនឹងអាចក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេស? ហើយពេលណា ទើបអង់គ្លេសអាចជ្រើសរើសប្រមុខដឹកនាំប្រទេសថ្មីរបស់ខ្លួនបាន?

រំឭកហេតុផល ដែលនាំឲ្យលោកស្រីតេរេសា មេ លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី

គេនៅចាំបានមិនទាន់ភ្លេចទេថា កាលពី ២ សប្តាហ៍កន្លងទៅ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសតេរេសា មេ បានប្រកាសថាលោកស្រីនឹង​លាឈប់​ពីមុខ​តំណែង​ជា​​ប្រមុខរដ្ឋាភិបាលអង់គ្លេស នាថ្ងៃ​សុក្រ ទី៧ ​មិថុនា នេះ​។ នេះក៏មានន័យដែរថា តំណែងជាប្រធានបក្សកាន់អំណាចរបស់លោកស្រី ពោលគឺប្រធានបក្សអភិរក្សនិយមក៏ត្រូវបិទបញ្ចប់ព្រមជាមួយគ្នាតែម្តង។

លោកស្រីមេ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងខែកក្កដា ឆ្នាំ ២០១៦ ពោលគឺប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ Brexit។ ចាប់តាំងពីចូលកាន់តំណែងភ្លាម លោកស្រីមេ បានស្ថិតក្រោមសម្ពាធជាខ្លាំង និងជាពិសេសតែម្តងក្នុងការដឹកនាំដំណើរការចរចា លែងលះគ្នាជាមួយនឹងសហភាពអឺរ៉ុប។ រយៈពេល ៣ ឆ្នាំ កន្លងមកនេះ លោកស្រីមេ បានខិតខំប្រឹងប្រែងចរចា តថ្លៃជាមួយ សហភាពអឺរ៉ុប ជាច្រើនលើកច្រើនសារ អំពីលក្ខខណ្ឌក្នុងការបែកផ្លូវគ្នា បូករួមទាំងទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុបក្រោយលែងលះគ្នា។

លោកស្រីមេ នៅទីបំផុតទៅ បានសម្រេចកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប​ ចំនួន ៣ ក៏ប៉ុន្តែ គ្មានកិច្ចព្រមព្រៀងគ្នាណាមួយឡើយ ក្នុងចំណោមកិច្ចព្រមព្រៀងទាំងអស់ ដែលអ្នកស្រីខំប្រឹងសម្រេចបាន ត្រូវសភាអង់គ្លេសបោះឆ្នោតអនុម័តគាំទ្រនោះ។ បរាជ័យជាច្រើនលើកច្រើនសារនេះហើយ ដែលជាហេតុផលជំរុញឲ្យលោកស្រីសម្រេចលាលែងចុះចេញតំណែង។

គួររំឭកជូនដែរថា កាលពី ថ្ងៃទី ២៤ ឧសភា ថ្ងៃដែលលោកស្រី ប្រកាសលាលែងចេញពីតំណែង លោកស្រីក៏បានបញ្ជាក់ប្រាប់ដែរថា នៅគ្រាកន្លងមក លោកស្រីបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពហើយ ក្នុងការផ្តាច់អង់គ្លេស ចេញពីសហភាពអឺរ៉ុប តែលោកស្រីមិនអាចធ្វើឲ្យរឿងនេះកើតឡើង ដូចការចង់បានរបស់ពលរដ្ឋអង់គ្លេស ដូច្នោះលោកស្រីត្រូវតែចាកចេញ និងទុកតួនាទីនេះឲ្យអ្នកជំនាន់ក្រោយដែលមានសមត្ថភាពធ្វើការជំនួសវិញ។

នរណាជាអ្នកអាចស្នងតំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រីមេ?

រឿងមួយដែលគេដឹងច្បាស់នាពេលនេះគឺថា នរណាអាចឈ្នះការបោះឆ្នោត ក្លាយជាប្រធានគណបក្សកាន់អំណាចអង់គ្លេសគឺបក្សអភិរក្សនិយម អ្នកនោះនឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដោយស្វ័យប្រវត្តិ។

នាខណៈនេះគេដឹងថា មានសមាសភាពមកពីបក្សអភិរក្សនិយមចំនួន ១១ នាក់ ដែលជាបេក្ខភាពប្រកួតប្រជែង ដណ្តើមយកតំណែងជាមេដឹកនាំបក្ស ដែលក្នុងនោះក៏មានស្ត្រីចំនួនពីររូបផងដែរ។

តែទោះជាយ៉ាងណាក្តី ក្នុងចំណោមបេក្ខភាពទាំង ១១ មានគេសង្កេតឃើញថា មានបេក្ខភាពចំនួនពីររូប ដែលលេចធ្លោជាងគេ និងមានឱកាសខ្ពស់ ក្នុងការដណ្តើមយកតំណែងជាមេបក្សកាន់អំណាច និងជាប្រមុខដឹកនាំរដ្ឋាភិបាលអង់គ្លេសថ្មី។

អ្នកទី១ គឺ លោក Boris Johnson ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស និងជាអតីតចៅហ្វាយក្រុងឡុងដ៍ម្នាក់ផងដែរ។ លោក Boris Johnson បានក្លាយជាអ្នកនយោបាយដ៏លេចធ្លោ និងមានប្រជាប្រិយខ្លាំងបំផុតមួយរបស់អង់គ្លេសចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉ោះ។ អតីតចៅហ្វាយក្រុងឡុងដ៍រូបនេះ មិនសូវជាចូលចិត្តប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ប៉ុន្មាននោះទេ។

មិនតែប៉ុណ្ណោះ នាពេលថ្មីៗចុងក្រោយនេះ លោកធ្លាប់បាននិយាយថា អង់គ្លេសមិនត្រូវចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ដូចការឲ្យយោបល់របស់លោកត្រាំឡើយ។ លោក Boris Johnson លើកឡើងថា ការចាកចេញដោយគ្មានកិច្ចព្រមព្រៀងអង់គ្លេស នឹងរង់ផលប៉ះពាល់ និងខាតបង់ខ្លាំងជាមិនខាន។

ចំណែកអ្នកទី២ ដែលអាចមានលទ្ធភាពទទួលបានសំឡេងគាំទ្រ ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី គឺ លោក Michael Gove ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក៏ជាបុគ្គលម្នាក់ដែលជួយគាំទ្រលោកស្រីតេរេសា មេ យ៉ាងសកម្មក្នុងដំណើរការនៃកិច្ចចរចា ជាមួយសហភាពអឺរ៉ុប ទាក់ទងនឹងការចាកចេញរបស់អង់គ្លេស នាពេលកន្លងមក។

អង់គ្លេស រំពឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបានក្នុងពេលឆាប់ៗ

លោកស្រីមេ នឹងនៅដឹកនាំប្រទេស ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់ចុងខែកក្កដា ក្រោយ។ តែទោះជាយ៉ាងណាក្តី មិនជាយូរប៉ុន្មានទៀតទេ ដែលអង់គ្លេសអាចរកឃើញបេក្ខភាពថ្មី មកជំនួសតំណែងលោកស្រីមេបាន។

ជាក់ស្តែង នៅថ្ងៃចន្ទ ទី ១០ មិថុនា សប្តាហ៍ក្រោយនេះ ការទទួលពាក្យសុំប្រកួតប្រជែងជាមេដឹកនាំបក្សកាន់អំណាច នឹងត្រូវចាប់បើកជាផ្លូវការ ហើយបិទវិញនៅវេលាម៉ោង ៥ ល្ងាច ម៉ោងនៅក្នុងប្រទេសអង់គ្លេស។

បន្ទាប់មកទៀត ការបោះឆ្នោតជាសម្ងាត់ ជ្រើសរើសមេដឹកនាំបក្សកាន់អំណាច នឹងត្រូវប្រព្រឹត្តឡើងជាច្រើនដំណាក់កាល ពោលគឺច្រើនរហូតដល់ ៥ ជុំ ជាបន្តបន្ទាប់គ្នា រាប់ចាប់ពីថ្ងៃទី ១៣ ខែមិថុនា និងរហូតដល់ថ្ងៃទី ២២ កក្កដា។

បេក្ខភាព ដែលអាចឈ្នះការប្រកួតប្រជែងនេះបាន ត្រូវការសំឡេងគាំទ្រចំនួន ៨ ពីសមាជិកបក្សអភិរក្សដទៃទៀត។​ នៅជុំចុងក្រោយ បេក្ខភាពពីរនាក់ នឹងត្រូវបន្តប្រកួតប្រជែងគ្នា ហើយគេរំពឹងទុកថា អ្នកឈ្នះការបោះឆ្នោត និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី នឹងត្រូវប្រកាសប្រាប់ជាសាធារណៈនៅថ្ងៃ ទី ២២ កក្កដា ខាងមុខនេះ៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ