rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សមាជិកសភា​ហ្វីលីពីនម្នាក់​ ត្រូវបាន​បាញ់សម្លាប់​

media
ប្រធានាធិបតីហ្វីលីពីនលោកឌុយ ទែរតេ REUTERS/Erik De Castro

សមាជិកសភា​ហ្វីលីពីនម្នាក់​ ត្រូវបាន​បាញ់សម្លាប់​ ដោយ​ខ្មាន់កាំភ្លើង​ នៅកន្លែង​ប្រារព្ធពិធីបុណ្យ​អូណែលមួយ​ ក្នុងទីក្រុង​ដារ៉ាហ្គា​ កាលពីថ្ងៃ​សៅរ៍​ ទី​២២​ ខែធ្នូ​ ឆ្នាំ ២០១៨​ ។ នេះ​ បើតាម​ការលើកឡើង​របស់​ប៉ូលិសហ្វីលីពីន​ ដោយ​បានបញ្ជាក់បន្ថែមថា​ មួយរយៈចុងក្រោយនេះ​ អំពើហិង្សា​ផ្នែកនយោបាយ​ បានក្លាយទៅជា​ បញ្ហាដ៏ក្តៅគគុក​ និងល្បីល្បាញខ្លាំងបំផុត​នៅក្នុងប្រទេស​ហ្វីពីលីន​។


រហូតមកដល់ពេលនេះ​ មូលហេតុ​នៅពីក្រោយ​ការបាញ់សម្លាប់​ តំណាងរាស្ត្រ​ហ្វីលីពីន​លោក​ Rodel​ Batocabe​ នៅមិនទាន់​គេ​រកឃើញ​នៅឡើយទេ​។ ក៏ប៉ុន្តែ​ អាជ្ញាធរហ្វីលីពីន​ បានប្រាប់ឲ្យដឹងថា​ ពួកគេ​កំពុងស៊ើបអង្កេតថា​ តើ​ករណីឃាតកម្មនេះ​ មានពាក់ព័ន្ធនឹង​ហេតុផល​នយោបាយឬក៏អត់​។

ទាក់ទិនរឿងនេះដែរ​ ប៉ូលិសហ្វីលីពីន​ម្នាក់​ បានប្រាប់​ទីភ្នាកងារព័ត៌មាន​បារាំង​ AFP​ ថា​ លោក​ Batocabe​ ត្រូវបាន​គេបាញ់សម្លាប់​ នៅខណៈ ពេល​ដែល​លោក​ដើរចែកកាដូ​ ជូនដល់​មនុស្សម្នា​ នៅឯ​ទីក្រុងដារ៉ាហ្គា​។ មុនពេល​កើតហេតុ​ ខ្មាន់កាំភ្លើង​បានបន្លំលាក់ខ្លួន​ក្នុងហ្វូងមនុស្ស​ ហើយ​រង់ចាំឪកាសល្អ​ បាញ់សំដៅ​ លោក​ តែម្តង​។ នៅក្នុង​ហេតុការណ៍នេះ​ អង្គរក្សម្នាក់​របស់​លោក​ Batocabe ក៏ត្រូវបានបាញ់​សម្លាប់ផងដែរ​។

គួរជម្រាបជូនថា​ មុនពេល​ករណីឃាតកម្ម​ សមាជិក​សភា​ហ្វីលីពីន លោក Batocabe ធ្លាប់បានប្រកាសស្តីអំពី​គម្រោង​ចង់ឈរឈ្មោះជា​ចៅហ្វាយក្រុង​ ដារ៉ាហ្គា​ សម្រាប់ការបោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ ដែលនឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែឧសភា​ ឆ្នាំ​២០១៩​ ខាងមុខ​។

សូមជ្រាបផងដែរថា​ ក្នុងអំឡុងពេល​ដែល​មានការរៀបចំ​ការបោះឆ្នោត​សំខាន់ណាមួយ​ កើតឡើង​នៅក្នុងប្រទេស​ សង្គមហ្វីលីពីន​ជាញឹកញយ​ តែងតែ​ត្រូវបាន​រួមរឹត​ទៅដោយ​ អំពើហិង្សា​ និង​ការបំភិតបំភ័យ​ ជាដើម​។ល​។

ជាក់ស្តែង​ មុនត្រូវបាន​បាញ់សម្លាប់​ លោក​ Batocabe​ ធ្លាប់បាន​លើកឡើងពី​ការព្រួយបារម្ភ​របស់លោក​ដែលថា​ គូប្រជែង​របស់លោក​ ក្នុងការ​ដណ្តើមតំណែង​ចៅហ្វាយក្រុង​ ដារ៉ាហ្គា​ ធ្លាប់បានប្រើប្រាស់ឥទ្ធិពល​ និង​កម្លាំងប្រដាប់អាវុធ​ដើម្បី​អាចឈ្នះការប្រកួតប្រជែង​។

គួររំឭកជូនផងដែរ​ ករណីបាញ់សម្លាប់​តំណាងរាស្ត្រ​ នៅក្នុង​ប្រទេសហ្វីលីពីន​ មុនពេលបោះឆ្នោត​ ឧស្សាហ៍កើតមាន​ញឹកញាប់ណាស់​។ ជាក់ស្តែង​ នៅដើមឆ្នាំនេះ​២០១៨នេះ​ តំណាងរាស្ត្រ​ហ្វីលីពីនម្នាក់​ ត្រូវបាន​បាញ់សម្លាប់​ នៅខាងក្រៅ​វិហារកាតូលិក នៅឯជាយក្រុងម៉ានីល​។

ដោយមើលថា​ ស្ថានភាព​នយោបាយ​មិនល្អ​ នៅតែ​បន្តកើតឡើង​ក្នុងប្រទេស​ សមាជិកព្រឹទ្ធសភាហ្វីលីពីន​ម្នាក់​ គឺ​លោក​ Grace Poe​ បានចេញមុខ​រិះគន់អំពី​ ការធ្វើឃាត​ទៅលើ​អ្នកនយោយនានា​ ដោយបានទទូចថា​ ប្រវត្តិហិង្សា​នយោបាយ​ដ៏អាក្រក់​នៅក្នុង​សង្គមហ្វីលីពីន​ គួរត្រូវបាន​បិទបញ្ចប់ហើយ​៕