rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើភេរវកម្ម​លើ​វិហារ​កាតូលិក​អាច​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នៅ​ខាងត្បូង​ហ្វីលីពីន​ឬទេ?

ដោយ សេង ឌីណា

កាលពីថ្ងៃ​អាទិត្យ​ចុងសប្តាហ៍​កន្លងទៅនេះ ការវាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក​ពីរគ្រាប់ផ្ទួនៗគ្នា នៅ​ឯ​វិហារ​កាតូលិក នៅ​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន បាន​សម្លាប់​មនុស្ស​យ៉ាងតិច ២១នាក់។ នេះ​គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ធំបំផុត​មួយ ដែល​ហ្វីលីពីន​មិន​ធ្លាប់​ជួប នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​វា​ក៏​បង្កើត​ជា​ក្តីបារម្ភ​ដ៏​ធំមួយ​ដែរ ជុំវិញ​ជោគវាសនា​នៃ​ដំណើរការ​សន្តិភាព រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុមឧទ្ទាម​អ៊ីស្លាម​ផ្តាច់ទឹកដី។

ការវាយប្រហារ​ទៅលើ​វិហារ​សាសនា​កាតូលិក កាល​ពីថ្ងៃ​អាទិត្យ​​កន្លងទៅនេះ បាន​កើតមាន​ឡើង មិនដល់​មួយ​សប្តាហ៍ផង ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ប្រជាមតិ សម្រេច​បង្កើត​តំបន់​ស្វយ័ត នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ស្រប​ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ចុះ កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់ទឹកដី ឈ្មោះ​ថា “ម៉ូរ៉ូ”។ វិហារ​សាសនា​កាតូលិក ដែល​រង​ការ​វាយប្រហារ​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ ដែល​គេ​គ្រោងបង្កើត​ជា​តំបន់​ស្វយ័ត​នេះ​ឯង។

គួររំឭកឡើងវិញ​ថា ក្រុម​ឧទ្ទាម​​ម៉ូរ៉ូ​បាន​បង្កើត​ចលនា​តស៊ូ​ប្រដាប់​អាវុធ តាំង​ពី​ឆ្នាំ១៩៦៩ ដើម្បី​ទាមទារ​ស្វយ័តភាព​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ដែល​ជា​តំបន់​មាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ក្រោយ​ពី​ឆ្លងកាត់​ការ​ចរចា​​ជាច្រើន​លើក​ច្រើន​សារ លាយឡំ​ទៅដោយ​ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុម​ឧទ្ទាម​ម៉ូរ៉ូ បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នឹង​គ្នា​ នៅ​ឆ្នាំ២០១៤។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ ​ក្រុម​ឧទ្ទាម​ម៉ូរ៉ូ​ព្រមព្រៀង​បញ្ឈប់​ចលនា​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង​នឹងរដ្ឋាភិបាល ចំណែក​ឯ​រដ្ឋាភិបាល​វិញ​ព្រមព្រៀង​ប្រគល់​ស្វយ័តភាព​ដល់​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ទៅតាម​ការ​ទាមទារ​របស់​ក្រុម​ឧទ្ទាម។ តំបន់​ស្វយ័ត​នេះ​នឹង​អាច​ធ្វើការ​ចាត់ចែង​កិច្ចការ​ដោយខ្លួនឯង អាច​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សភា និង​មេដឹកនាំ​អំណាច​នីតិប្រតិបត្តិ​ប្រចាំ​តំបន់​ដោយ​ខ្លួនឯង ព្រមទាំង​អាច​ធ្វើការ​ចាត់ចែង​ដោយខ្លួនឯង នូវ​ប្រាក់​ចំណូល​មួយផ្នែក​ធំ ដែល​បាន​មក​ពី​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់។

គម្រោង​បង្កើត​តំបន់​ស្វយ័ត​នេះ​បាន​ទទួល​នូវ​ការ​យល់ព្រម​ដោយ​សំឡេង​ភាគច្រើន នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ កាល​ពី​ថ្ងៃ​ចន្ទ ទី២១​មករា​កន្លងទៅ ដែល​​​​ជា​ជំហាន​ដ៏​សំខាន់​មួយ នាំ​ឲ្យ​គេ​មាន​ក្តីសង្ឃឹម​​អំពីដំណើរវិវឌ្ឍ​ជា​វិជ្ជមាន ដែល​អាច​ឈាន​ទៅ​បិទបញ្ចប់​​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ផ្តាច់ទឹកដី។ ក៏ប៉ុន្តែ ដំណើរវិវឌ្ឍ​ជា​វិជ្ជមាន​នេះ​ត្រូវ​បង្អាក់​ដំណើរ​ទៅវិញ ក្រោយ​ពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​វិហារ​សាសនា​កាតូលិក កាល​ពីថ្ងៃ​អាទិត្យ។

ជាការពិតណាស់​ថា រហូតមកទល់​នឹង​ពេលនេះ តម្រ៉ុយ​​ជាច្រើន​​ចង្អុល​បង្ហាញថា ក្រុម​អ៊ីស្លាម​ជីហាត​រដ្ឋ​អ៊ីស្លាម គឺ​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នេះ ដោយ​មិនមាន​តម្រ៉ុយ ដែល​ចង្អុល​បង្ហាញ​ពី​ការជាប់ពាក់ព័ន្ធ​របស់​ក្រុមឧទ្ទាម​ម៉ូរ៉ូ​ ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​នោះទេ។ គេឃើញ​ថា ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ខ្លួនឯង​ផ្ទាល់​ក៏​ចេញ​មុខ​ប្រកាស​ទទួលខុសត្រូវ ហើយ​អាជ្ញាធរហ្វីលីពីន​​បាន​ឲ្យដឹង នៅថ្ងៃ​ចន្ទ​ថា លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បឋម​បាន​បង្ហាញ​នូវ​តម្រ៉ុយ​​អំពី​ការ​ជាប់ពាក់ព័ន្ធ​នឹង​​ក្រុម​​អាប៊ូសៃយ៉ាហ្វ ដែល​ជា​ក្រុម​ស្និទ្ធ​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ មេដឹកនាំ​ក្រុមឧទ្ទាម​ម៉ូរ៉ូ​វិញ​ក៏​បាន​ចេញមុខ​ថ្កោលទោស​ការ​វាយប្រហារ​នេះដែរ ព្រមទាំង​បាន​សន្យា​ថា​នឹង​ជួយ​អាជ្ញាធរ​ក្នុង​ការ​វែកមុខរក​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ទទួល​ទោស​តាម​ច្បាប់។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ​អ្នកជំនាញ​ខាង​ជម្លោះ​ផ្តាច់ទឹកដី​ហ្វីលីពីន​​នៅតែ​​​នាំគ្នា​បង្ហាញ​នូវ​ក្តីបារម្ភ​ ខ្លាច​ការ​វាយប្រហារ​នេះ​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ដំណើរការ​សន្តិភាព នៅ​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​នេះ។

គេ​មិនត្រូវ​ភ្លេចទេ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​ម៉ូរ៉ូ​នេះ​ត្រូវ​បាន​ចុះ នៅ​ពេល​ដែល​ហ្វីលីពីន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ចាស់ គឺ​លោក​អាគីណូ។ ចំណែក​ឯ​ប្រធានាធិបតី​បច្ចុប្បន្ន​នេះ​វិញ គឺ​លោក​ឌុយទែរតេ ថ្វីដ្បិត​តែ​បានសុខចិត្ត​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​​សន្តិភាព​ឆ្នាំ២០១៤​នេះ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ក៏​​តែងតែ​បាន​បង្ហាញ​ពី​នយោបាយ​តឹងរ៉ឹង​ខ្លាំង​ផងដែរ​ទាក់ទង​នឹង​វិស័យ​សន្តិសុខ ទាំង​ចំពោះ​បញ្ហា​គ្រឿងញៀន ក៏ដូចជា​ចំពោះ​បញ្ហា​បះបោរ​នៃ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម។ ជាក់ស្តែង​ តំបន់​ដែល​គេ​គ្រោង​បង្កើត​ជា​តំបន់​ស្វយ័ត​នេះ ត្រូវ​បាន​លោក​ឌុយទែរតេ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក​រួចទៅហើយ តាំង​ពី​ឆ្នាំ២០១៧​មក​ម៉្លេះ ដោយ​នៅ​មិនទាន់​ដក​ចេញ​វិញ​នៅឡើយទេ បើទោះបីជា​មាន​ដំណើរការ​សន្តិភាព​នៅ​តំបន់​នេះ​ក៏ដោយ។

ការរីកដុះដាល​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅតំបន់​នេះ បើទោះបីជា​មិនមែន​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​ម៉ូរ៉ូ​ក៏ដោយ ក៏វា​អាច​នឹង​ធ្វើ​ឲ្យ​លោក​ឌុយទែរតេ​បង្កើន​វត្តមាន​កម្លាំង​ទ័ព រឹតបន្តឹង​វិធានការ​សន្តិសុខ ហើយ​ពង្រឹង​អំណាច​នៃ​រដ្ឋបាលកណ្តាល​នៅ​ក្នុង​តំបន់ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ​បង្កើត​តំបន់ស្វយ័ត​ទៅតាម​កិច្ចព្រមព្រៀង​ឆ្នាំ២០១៤។

ត្រង់ចំណុចនេះ ការ​ទទួលខុសត្រូវ​មិនមែន​ធ្លាក់​ទៅលើ​តែ​រដ្ឋាភិបាល​របស់​លោក​ឌុយទែរតេ​នោះទេ។ ក្រុមឧទ្ទាម​ម៉ូរ៉ូ​ក៏​ត្រូវ​មាន​ចំណែក​ទទួលខុសត្រូវ​ដ៏​ធំមួយ​ដែរ ពីព្រោះ​ថា ដើម្បី​ឲ្យ​ដំណើរការ​បង្កើត​តំបន់​ស្វយ័ត​នេះ​អាច​ទទួល​ជោគជ័យ ក្រុម​ឧទ្ទាម​ម៉ូរ៉ូ​ ដែល​នឹង​ត្រូវ​ក្លាយ​ជា​កម្លាំង​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ ចាំបាច់​ត្រូវ​តែ​បង្ហាញ​​ថា ពួកគេ​មាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​តំបន់​នេះ​ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​អនាធិបតេយ្យ អសន្តិសុខ និង​ជា​ពិសេស មិន​ឲ្យ​តំបន់​នេះ​ក្លាយ​ទៅ​ជា​ទីជម្រក​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម៕

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា