rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល ប៉ាឡេស្ទីន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ហ្កាហ្សា៖ ​ការប៉ះទង្គិចគ្នា​ដោយ​អាវុធ​កើតឡើង​សាជាថ្មី​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន

media
ផ្សែង​និង​អណ្តាតភ្លើង​ឆាបឆេះ​នៅ​ហ្កាហ្សា ក្រោយ​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​ពី​សំណាក់​អ៊ីស្រាអែល ថ្ងៃ​សៅរ៍ ៤ឧសភា ២០១៩ REUTERS/Mohammed Salem fireba

ការវាយប្រយុទ្ធគ្នា រវាង​កងទ័ព​អ៊ីស្រាអែល និង​កងកម្លាំង​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា បាន​កើតមាន​ឡើង​សាជាថ្មី កាល​ពីថ្ងៃ​សៅរ៍ ក្រោយ​ពី​រ៉ុកកែត​ជាច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ពី​ហ្កាហ្សា​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​តបតវិញ ដោយ​បាន​បណ្តាល​ឲ្យ​ជនជាតិ​ប៉ាឡេស្ទីន​យ៉ាងតិច​ម្នាក់​ត្រូវ​បាត់បង់​ជីវិត។ ការវាយប្រយុទ្ធគ្នា ដែល​ធ្វើ​ឲ្យ​បទឈប់បាញ់​រវាង​ភាគី​ទាំងពីរ​កាន់តែ​ត្រូវ​ផុយស្រួយ​យ៉ាងខ្លាំង​ថែម​ទៀត។


អស់រយៈពេល​ជិត១ខែមកហើយ ដែល​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់​​​នៅ​ហ្កាហ្សា​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​នឹងគ្នា។ បទឈប់បាញ់​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ច្រើន នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​អ៊ីស្រាអែល។

ក៏ប៉ុន្តែ បទឈប់បាញ់​នេះ​ចាប់ផ្តើម​រង្គោះរង្គើ​បន្តិចម្តងៗ​ចាប់​ពីថ្ងៃ​អង្គារ រហូត​ដល់​មាន​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ បណ្តាល​ឲ្យ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​ពីរនាក់ និង​កងកម្លាំង​ហាម៉ាស់​ពីរនាក់​ត្រូវ​ស្លាប់ និង​ទាហាន​អ៊ីស្រាអែល​ពីរនាក់​ត្រូវ​រងរបួស។

មួយថ្ងៃ​ឡើង​ទៀត នៅ​ព្រឹកថ្ងៃ​សៅរ៍ គ្រាប់រ៉ុកកែត​ជាច្រើន​គ្រាប់​ត្រូវ​បាន​បាញ់ចេញ​ពី​តំបន់​ហ្កាហ្សា​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ដែល​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល​អ៊ីស្រាអែល​យ៉ាងតិច​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់។ នេះ​បើ​តាម​ការអះអាង​ពី​សំណាក់​អាជ្ញាធរ​អ៊ីស្រាអែល ដែល​បាន​បញ្ជាក់​បន្ថែម​ថា ខ្លួន​បាន​ធ្វើការ​តបត​ទៅវិញ​ភ្លាមៗ ដោយ​បាន​ប្រើ​យន្តហោះ​ចម្បាំង និង​រថក្រោះ វាយប្រហារ​ទៅលើ​ទីតាំង​បាញ់រ៉ុកកែត និង​ទីតាំង​មួយ​ចំនួន​ទៀត​របស់​ក្រុម​ហាម៉ាស់ នៅ​ក្នុង​តំបន់​ហ្កាហ្សា។

អាជ្ញាធរ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា​បាន​ឲ្យដឹង​ថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​នេះ​បាន​បណ្តាល​ឲ្យ​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​ត្រូវ​ស្លាប់ និង​៧នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ចំណែក​ឯ​ក្រុម​ប្រដាប់​អាវុធ​មួយក្រុម​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហាម៉ាស់​បាន​​អះអាង​ថា ពួក​ខ្លួន​ជា​អ្នក​បាញ់​រ៉ុកកែត​ទៅលើ​​អ៊ីស្រាអែល ហើយ​ថា ពួកគេ​​ត្រៀម​នឹង​ធ្វើ​សកម្មភាព​ផ្សេងទៀត​ប្រសិន​បើ​ចាំបាច់។

មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ឲ្យដឹង​ថា លោក​នេតាន់យ៉ាហ៊ូ​គ្រោង​ជួប​ប្រជុំ​ជាមួយ​នឹង​មន្រ្តី​​ជាន់ខ្ពស់​ទទួលបន្ទុក​សន្តិសុខ ដើម្បី​ជជែក​អំពី​ភាពតានតឹង​នៅ​ហ្កាហ្សា​នេះ។ ចំណែក​ឯ​ប្រភព​ពី​ខាង​តំបន់​ហ្កហ្សាវិញ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​​អាអែហ្វប៉េ​ថា អេហ្ស៊ីប​ក៏​កំពុងតែខ្នះខ្នែង​ផងដែរ ដើម្បី​ជួយ​សម្រុះសម្រួល​ឲ្យ​ភាគី​ទាំងពីរ​បញ្ចប់​ភាពតានតឹង​នឹងគ្នា ហើយវិល​មក​គោរព​បទឈប់បាញ់​វិញ។ បទឈប់បាញ់ ដែល​បាន​ចុះ​ ក្រោម​ការ​សម្របសម្រួល​របស់​អេហ្ស៊ីប និង​​អ.ស.ប. កាល​ពីថ្ងៃ​ទី៩​មេសា​កន្លងទៅ៕