rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?

ដោយ សេង ឌីណា

អស់រយៈពេល​ជាច្រើន​ថ្ងៃមកហើយ ដែល​ឥណ្ឌូណេស៊ី ក៏ដូចជា​ប្រទេស​ក្បែរនោះ​​មួយ​ចំនួន​ផ្សេងទៀត​កំពុង​ប្រឈ​ម​នឹង​​ផ្សែងពុល​ក្នុង​បរិយាកាស ​បង្កឡើង​ដោយ​ភ្លើង​ឆេះព្រៃ។ តាមការពិតទៅ គេ​សង្កេតឃើញ​ថា ភ្លើងឆេះព្រៃ​នៅ​ក្នុង​តំបន់នេះ​តែងតែ​កើតមានឡើង ​ស្ទើរតែ​រៀងរាល់​ឆ្នាំ។ តើ​នេះ​បណ្តាល​មក​ពី​​ហេតុអ្វី?

បញ្ហា​ផ្សែងពុល​កើតចេញ​ពី​ភ្លើងឆេះព្រៃ គឺ​ជា​រឿង​ដែល​កើតមានឡើង​​ស្ទើរតែរៀងរាល់​ឆ្នាំ​​ជា​ទម្លាប់​ទៅហើយ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ យើង​អាច​នៅ​ចាំបាន​ថា វិបត្តិផ្សែងពុល​ធ្ងន់ធ្ងរ​ជាងគេ​លើកចុងក្រោយ គឺ​កាល​ពី​ឆ្នាំ២០១៥​កន្លងទៅ ដោយ​កាលណោះ​ផ្សែងពុល បាន​រីករាលដាល​ស្ទើរតែ​ពេញ​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូល ដោយ​ក្នុងនោះ​ក៏​រួមមាន​ទាំង​ប្រទេស​កម្ពុជា​មួយ​ផងដែរ។

បញ្ហា​ផ្សែងពុល​​ដែល​កំពុងតែ​កើតមានឡើង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​មិនទាន់​មាន​សភាព​ធ្ងន់ធ្ងរ​ដូចជា​កាល​ពី​ឆ្នាំ២០១៥​នោះទេ ក៏ប៉ុន្តែ វា​មាន​ឫសគល់​ចេញ​ពី​ប្រភព​តែមួយ គឺ​សកម្មភាព​កសិកម្ម តាមរយៈ​ការ​កាប់ឆ្ការ​ រាន និង​ដុតព្រៃ​​ដោយខុសច្បាប់។

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក៏ដូចជា​នៅ​តាម​ប្រទេស​ដែល​នៅ​ជុំវិញ​នោះ​ដែរ ប្រជាជន​តែងតែ​មាន​ទម្លាប់​រានដី​ចម្ការ​ដោយ​ប្រើភ្លើងដុត។ វា​ជា​​វិធី​រានចម្ការ​ដែល​ងាយស្រួល ចំណាយលុយតិច និង​ឆាប់​បាន​ផល​ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា វា​ក៏​​ធ្វើ​ឲ្យ​ភ្លើង​អាច​នឹង​ត្រូវ​រាលដាល​ទៅ​ជា​ភ្លើងឆេះព្រៃ​ក្នុង​ទ្រង់ទ្រាយ​ធំ​ផងដែរ។

ហេតុដូច្នេះហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា ស្ទើរតែ​រៀងរាល់​ឆ្នាំ បញ្ហា​ភ្លើងឆេះព្រៃ​នៅ​​ឥណ្ឌូណេស៊ី​នេះ តែងតែ​កើតមានឡើង​ខ្លាំង នៅ​ក្នុង​ចន្លោះ​ពី​ខែ​កក្កដា ដល់​ខែ​តុលា ដែល​ជា​រដូវ​ប្រាំង​នៅ​ឥណ្ឌូណេស៊ី ហើយ​ដែល​ជា​រដូវ​ប្រជាកសិករ​ឥណ្ឌូណេស៊ី​នាំគ្នា​​សម្រុក​រានដី​ចម្ការ ដើម្បី​ដាំដំណាំ ជាពិសេស គឺ​ដំណាំដូងប្រេង។

សំណួរសួរថា បើគេដឹង​អំពី​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ភ្លើងឆេះព្រៃ​បែបនេះហើយ តើ​ហេតុអ្វី​បាន​ជា​គេ​មិន​អាច​ទប់ស្កាត់​​វាបាន? ហេតុអ្វី​ទុក​បណ្តោយ​ឲ្យ​មាន​ការ​រានដី​ចម្ការ​ដោយ​ប្រើ​ភ្លើង​ដុត បណ្តាល​ឲ្យ​មាន​ភ្លើងឆេះព្រៃ​ស្ទើរ​តែ​រៀងរាល់​ឆ្នាំ​បែបនេះ?

តាមការពិត​ទៅ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក៏​បាន​ធ្វើ​ច្បាប់​ហាមឃាត់​ការ​រានដី​ចម្ការ​ដោយ​ភ្លើងដុតនេះដែរ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ការ​រានដី​ទៅតាម​ទម្លាប់ចាស់​ពី​មុន​នៅតែ​បន្ត​​កើតមាន ដោយសារ​តែ​វា​ជា​វិធីងាយស្រួល​ផង ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត ការ​អនុវត្ត​ច្បាប់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​មាន​ភាព​ធូររលុង និង​សម្បូរ​ទៅដោយ​បញ្ហា​ពុករលួយ។

អង្គការ​ការពារបរិស្ថាន ទាំង​អង្គការ​ក្នុងស្រុក និង​អង្គការ​អន្តរជាតិ បាន​នាំគ្នា​ធ្វើការ​កត់សម្គាល់​ថា ការ​រានដី​ចម្ការ​ដោយ​ប្រើ​ភ្លើង​ដុតព្រៃ​នេះ មិនមែនធ្វើឡើង​តែ​ក្នុង​ចំណោម​ប្រជាកសិករ​តូចតាច​នោះទេ ក៏ប៉ុន្តែ ក្រុមហ៊ុន​វិនិយោគ​ធំៗ​ក៏​ប្រើ​វិធី​ខុសច្បាប់​នេះ​ដែរ ជាពិសេស គឺ​ក្រុមហ៊ុន​វិនិយោគ​ចម្ការដូងប្រេង។

​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ កត្តាចម្បងៗ​ចំនួន​ពីរទៀត ដែល​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​នឹង​វិបត្តិ​ភ្លើង​ឆេះព្រៃ​នេះ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង។

ទីមួយ គឺ​កំណើន​នៃ​កសិកម្ម​ដូងប្រេង​នៅ​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​នាំដូងប្រេងចេញ​ច្រើន​ជាង​គេ​លំដាប់​ទី១​​នៅលើ​ពិភពលោក តាមពីក្រោយ​ដោយ​ម៉ាឡេស៊ី ដែល​ស្ថិត​នៅ​លំដាប់​ទី២ ហើយ​ដែល​ជា​ប្រទេស​មាន​ព្រៃឈើជាប់​ព្រំដែន​គ្នា​ជាមួយ​នឹង​ឥណ្ឌូណេស៊ី។ កំណើន​នៃ​ទីផ្សារ​ដូងប្រេង​ធ្វើ​ឲ្យ​តម្រូវការ​ដី​ចម្ការ​ដូងប្រេង​ត្រូវកើនឡើង ហើយ​សកម្មភាព​រានដី​ចម្ការ​ក៏​ត្រូវ​កើនឡើង ទាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

ក្នុងពេល​ជាមួយគ្នា​ ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​ក៏​បាន​ធ្វើ​ឲ្យ​អាកាសធាតុ​ក៏​កាន់តែ​​ក្តៅស្ងួតហួតហែង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ដុតព្រៃ​រានចម្ការ​ កាន់តែ​ងាយ​នឹង​ឆាបឆេះ​រាល​ដាល​ទៅ​ជា​ភ្លើងឆេះព្រៃ​ទ្រង់ទ្រាយធំ។

គួរកត់សម្គាល់​ថា ភ្លើងឆេះព្រៃ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏​កំពុងកើតមាន​ផងដែរ​នៅ​ប៉ែក​ខាង​ប្រទេស​ម៉ាឡេស៊ី គ្រាន់តែ​វា​មាន​ទំហំ​តូច​ជាង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

បើ​យោងតាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី គ្រាន់តែ​ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ២០១៩​នេះ ផ្ទៃដីព្រៃ​រហូតដល់​ទៅ​ជាង ៣០ម៉ឺនហិចតា​ត្រូវ​ភ្លើងឆេះ ហើយ​គិត​មក​ទល់​នឹង​ថ្ងៃទី១៦កញ្ញាដើមសប្តាហ៍​នេះ ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ជិត ២០០នាក់ ក្នុងបទ​​សង្ស័យ​ថា​បាន​ធ្វើ​សកម្មភាពខុសច្បាប់ ដែល​នាំ​ឲ្យ​មាន​ភ្លើងឆេះព្រៃ​នៅ​ពេលនេះ។ ​មន្រ្តី​អ្នក​នាំពាក្យ​​ប៉ូលិស​ឥណ្ឌូណេស៊ី​ក៏​បាន​ឲ្យដឹង​ផងដែរថា ក្រុមហ៊ុន​ចំនួន ៤ ត្រូវ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត, ​កសិដ្ឋាន​រាប់សិបកន្លែង​ត្រូវ​បាន​អាជ្ញាធរ​បិទទ្វារ ហើយ​ម្ចាស់​កសិដ្ឋាន ដែល​ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី​ផង អាច​នឹង​ត្រូវ​ប្រឈមនឹង​ទោស​ព្រហហ្មទណ្ឌ ប្រសិនបើ​តុលាការ​រកឃើញ​ភស្តុតាង​ថា​ពួកគេ​បាន​ធ្វើ​សកម្មភាព​រានដី និង​ដុតព្រៃ​ដោយ​ខុសច្បាប់។

ទោះជាយ៉ាងនេះ​ក៏ដោយ គេ​នៅតែ​មិនទាន់​មាន​ជំនឿ​ចិត្ត​​​ចំពោះ​ចំណាត់ការ​​នេះ​ប៉ុន្មាន​នោះទេ ដោយសារ​តែគេ​សង្កេតឃើញ​ថា ​​កាល​ពី​មាន​វិបត្តិ​ភ្លើងឆេះព្រៃ​ធ្ងន់ធ្ងរ​នៅ​​ឆ្នាំ២០១៥​កន្លងមក រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ធ្លាប់​បាន​សន្យា​រួចមកហើយ​ថានឹង​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​​វិបត្តិ​ភ្លើង​ឆេះព្រៃបែបនេះ​កើតមាន​ឡើង​ជា​ថ្មី​ទៀត។ ក៏ប៉ុន្តែ បើទោះបីជា​មាន​ការ​សន្យា​បែបនេះ តែ​បញ្ហា​ភ្លើងឆេះព្រៃ​​នេះ​ចេះតែ​បន្ត​កើតមាន​ស្ទើរតែ​រៀងរាល់​ឆ្នាំ​ ចាប់តាំង​ពី​ឆ្នាំ២០១៥​រហូត​មក​ទល់​នឹង​ពេលនេះ៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​