អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ណាសា​មិនអាច​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​ជិត​៥០ឆ្នាំ​កន្លងទៅនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុងពេល​ដែល​គេ​កំពុង​ប្រារព្ធខួប ៥០ឆ្នាំ នៃ​បេសកកម្ម​អាប៉ូឡូ ដែល​បញ្ចូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ជាលើកដំបូង កាល​ពី​ខែកក្កដា​ឆ្នាំ១៩៦៩ មាន​ចំណុច​​មួយ​ដែល​​គេ ​ធ្វើការ​កត់សម្គាល់ច្រើន គឺ​នៅត្រង់​ថា នៅ​ក្នុងរយៈពេល​ជិត ៥០ឆ្នាំ​កន្លងទៅនេះ ណាសា​មិនដែល​បាន​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​សាជាថ្មី​ទៀត​ទេ ហើយ​បើ​តាម​គម្រោង ទាល់តែ​ដល់​ឆ្នាំ​២០២៤​ខាងមុខ ទើប​ណាសា​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​កាន់​ព្រះចន្ទ​វិញ។ បើ​សិន​ជា​ណាសា​មាន​សមត្ថភាព​អាច​បញ្ជូន​មនុស្ស​ទៅ​ចុះ​ចត​លើ​ព្រះចន្ទ តាំង​ពីឆ្នាំ១៩៦៩ តើ​ហេតុអ្វី​បាន​ជា​​ណាសា​មិន​អាច​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​សាជាថ្មី រហូត​មក​ទល់​នឹង​ពេល​នេះ?

អវកាសយានិក​អាមេរិក Buzz Aldrin នៅលើ​ដីព្រះចន្ទ ក្នុង​អំឡុង​បេសកកម្ម​អាប៉ូឡូទី១១ ថ្ងៃទី២១ កក្កដា ១៩៦៩
អវកាសយានិក​អាមេរិក Buzz Aldrin នៅលើ​ដីព្រះចន្ទ ក្នុង​អំឡុង​បេសកកម្ម​អាប៉ូឡូទី១១ ថ្ងៃទី២១ កក្កដា ១៩៦៩ NASA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​អាប៉ូឡូទី១១ នៅ​ខែកក្កដា​ឆ្នាំ១៩៦៩ គឺ​ជា​បេសកកម្ម​ទី១ ដែល​បាន​នាំ​មនុស្ស​ទៅ​ចុះ​ចត​លើ​ដីព្រះចន្ទ ក៏ប៉ុន្តែ ក៏មិនមែន​ជា​បេសកកម្ម​ចុងក្រោយ​នោះដែរ។ បន្ទាប់​ពី​អាប៉ូឡូទី១១ នៅ​មាន​បេសកកម្ម​អាប៉ូឡូ​ចំនួន ៥​ផ្សេងទៀត ដែល​បាន​​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ ដោយ​គិត​ជា​សរុប នៅ​ក្នុង​បេសកកម្ម​ទាំង ៦លើក មាន​អវកាសយានិក​ចំនួន ១២រូប ដែល​បាន​ជាន់ដីព្រះចន្ទ ហើយ​​លើកចុងក្រោយ គឺ​បេសកកម្ម​អាប៉ូឡូទី១៧ នៅ​ឆ្នាំ១៩៧២។

ចាប់ពីពេលនោះមក ណាសា​មិនដែល​បាន​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​សាជាថ្មី​ទៀត​នោះទេ ហើយ​នេះ គឺ​បណ្តាល​មក​ពី​បញ្ហា​នយោបាយ​ ជាជាង​បញ្ហា​បច្ចេកវិទ្យា។

ចំណុច​សំខាន់មួយ ដែល​ជា​ទូទៅ​ច្រើន​តែ​ត្រូវ​គេ​មើល​រំលង នៅ​ក្នុង​ដំណើរការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ គឺ​លុយ។ គម្រោង​អាប៉ូឡូ ដែល​អាច​ឲ្យ​ណាសា​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដី​ព្រះច​ន្ទ កាល​ពី​ ៥០ឆ្នាំមុននោះ ត្រូវ​ចំណាយលុយ​គិត​ជា​សរុប​រហូតដល់​ទៅ​ប្រមាណ​ជា ២៥ពាន់លាន​ដុល្លារ (រហូតដល់​ទៅ​រាប់​រយពាន់លាន​ បើ​គិត​ទៅ​តាម​តម្លៃ​លុយ​ដុល្លារបច្ចុប្បន្ន)។

នៅ​ក្នុង​សម័យ​អាប៉ូឡូ​ ណាសា​អាច​មាន​លុយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​ ដើម្បី​យក​មក​ចំណាយ​ក្នុង​បេសកកម្ម​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​បាន ហើយ​អាច​ធ្វើ​បាន​ក្នុងរយៈពេល​ដ៏ខ្លី (មិនដល់​ ១០ឆ្នាំ) ក៏ដោយសារ​តែ​មាន​បរិបទនយោបាយ​មួយ​ដែល​មាន​អំណោយផល។

នៅ​ពេលនោះ ពិភពលោក​កំពុងតែ​ស្ថិត​នៅ​ក្នុង​សង្រ្គាម​ត្រជាក់, អាមេរិក និង​សូវៀត​កំពុងតែ​ប្រកួតប្រជែងគ្នា​យ៉ាង​ក្តៅគគុក ហើយ​នៅ​ក្នុង​វិស័យ​អវកាស អាមេរិក​ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​ទល់​នឹង​សូវៀត​ដែល​ជា​គូប្រជែង។ ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ជា​ចុះចត​លើ​ដីព្រះចន្ទ គឺ​ជា​គោលដៅ​អាទិភាព​មួយ ដែល​រដ្ឋាភិបាល​អាមេរិក​​ចង់​ឲ្យ​ណាសា​សម្រេច​​ឲ្យ​បាន ដើម្បី​ធ្វើយ៉ាងណា​ប្រជែង​យក​ឈ្នះ​សហភាព​សូវៀត និង​ស្តារមុខមាត់ នៅ​ក្នុង​វិស័យ​អវកាស។

លោក​ប្រធានាធិបតី ​ចន កេណេឌី ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​នេះ បាន​បញ្ជាក់​ច្បាស់ៗ​ប្រាប់​នាយក​ទីភ្នាក់ងារ​ណាសា​នៅ​ពេលនោះ​ថា ថ្វីដ្បិត​តែ​លោក​យល់​ថា ការ​យល់ដឹង​អំពី​ព្រះចន្ទ និង​អវកាស​ជាទូទៅ​ វា​មាន​សារៈសំខាន់​ ក៏ប៉ុន្តែ អ្វីដែល​សំខាន់​ជាងនេះ ដែល​ធ្វើ​ឲ្យ​លោក​សុខចិត្ត​ផ្តល់​កញ្ចប់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​​ដល់​ណាសា គឺ​ដើម្បី​ប្រជែង​យក​ឈ្នះ​សហភាព​សូវៀត។

នៅក្រោយ​ពេល​ដែល​ណាសា​បាន​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​​បាន​សម្រេច​​ នៅ​ឆ្នាំ១៩៦៩ អាមេរិក​ក៏​បាន​សម្រេច​តាម​គោលដៅ​របស់​ខ្លួន ក្នុងការ​យក​ឈ្នះ​សហភាព​ ហើយ​​ក៏​លែង​ចង់​ចំណាយ​លុយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​លើ​ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​​តទៅទៀត​នោះដែរ។ ហេតុដូច្នេះហើយ​បាន​ជា​កម្មវិធី​អាប៉ូឡូ​នេះ​ត្រូវ​បាន​គេ​បិទ​ចោល នៅ​ឆ្នាំ១៩៧២ ហើយ​កញ្ចប់​ថវិកា​របស់​ទីភ្នាក់ងារ​ណាសា​ក៏​ត្រូវ​បាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ផងដែរ។ កញ្ចប់​ថវិកា​ណាសា ដែល​កាល​ពី​សម័យកាល​អាប៉ូឡូ មាន​រហូតដល់​ទៅ​ជាង ៤% នៃ​កញ្ចប់​ថវិកា​សរុប​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ត្រូវ​ធ្លាក់​ចុះ​មក​នៅត្រឹមតែ ០,៥%​ប៉ុណ្ណោះ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កញ្ចប់​ថវិកា​នេះទៀតសោត ក៏​ត្រូវ​បាន​គេ​បង្វែរ​ទិសដៅ​ផងដែរ ដោយ​លែង​ចំណាយ​លើ​បេសកកម្ម​ទៅកាន់​ព្រះចន្ទ ហើយ​ងាក​ទៅ​ចំណាយ​លើ​រឿង​ផ្សេង ជាពិសេស ចំណាយ​លើ​ការ​ផលិត​យានចម្លង​អវកាស (Space Shuttle) ការសាងសង់​ស្ថានីយ៍អវកាស​អន្តរជាតិ (International Space Station) និង​បេសកកម្ម​ទៅកាន់​ភពព្រះអង្គារ។

កាល​ពី​ក្នុង​អំឡុង​សម័យកាល​លោក​ប្រធានាធិបតី ចច ដាបិលយូ ប៊ូស អាមេរិក​ធ្លាប់​បាន​ងាក​មក​ផ្តោត​លើ​បេសកកម្ម​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅចុះចត​លើ​ឋានព្រះចន្ទ​វិញ​ម្តង​ដែរ តាមរយៈ​ការ​បង្កើត​កម្មវិធី​អវកាស​ឈ្មោះ​ថា “Constellation Program” ក៏ប៉ុន្តែ នៅ​ឆ្នាំ២០០៨ អាមេរិក​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ហើយ​លោក​អូបាម៉ា​ក៏​បាន​សម្រេច​លុប​​កម្ម​វិធី​នេះ​ចោល​វិញ នៅ​ឆ្នាំ២០១០ ដោយសារ​តែ​កង្វះថវិកា។

រហូត​ទាល់តែ​ដល់​ឆ្នាំ២០១៧ ទើប​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យ​ណាសា​ផ្តោត​លើ​ការ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋានព្រះចន្ទ​ឡើងវិញ ដោយ​គ្រោង​ធ្វើ​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ២០២៤​ខាងមុខ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ នាយកទីភ្នាក់ងារ​ណាសា គឺ​លោក ជីម ប្រាយដិនស្តាញ (Jim Bridenstine) បាន​លើកឡើង​ថា គម្រោង​ទៅ​ចុះចត​លើ​ព្រះចន្ទ​នៅ​ឆ្នាំ២០២៤​នេះ ក៏​ដូចជា​គម្រោង​មុនៗ​ដែរ នៅតែ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​នយោបាយ ពីព្រោះ​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​នីមួយៗ រដ្ឋាភិបាលអាច​មាន​ការ​ផ្លាស់ប្តូរ សភា​អាច​ត្រូវ​ផ្លាស់ប្តូរ អាទិភាព​នយោបាយ​​អាច​ត្រូវ​ផ្លាស់ប្តូរ ហើយ​កញ្ចប់​ថវិកា​ក៏​អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅតាម​នោះ​ផងដែរ។

បន្ថែម​ពីលើ​នេះ​ទៅទៀត មតិសាធារណៈ​ក៏​ជា​កត្តា​ដ៏​ចម្បងមួយ​ផងដែរ។ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​សម័យកាល​អាប៉ូឡូ ពលរដ្ឋ​អាមេរិក​រហូត​ដល់​ទៅ​ ៣៧% គាំទ្រ​គម្រោង​បញ្ជូន​មនុស្ស​ទៅ​ចុះចតលើឋានព្រះចន្ទ។ ចំណែក​ឯពេលនេះ​វិញ ការស្ទាបស្ទង់មតិ កាល​ពី​ដើមខែ​កក្កដា​ថ្មីៗ​កន្លងទៅនេះ​បង្ហាញ​ថា មាន​ពលរដ្ឋ​អាមេរិក​តែ ៨% ប៉ុណ្ណោះ ដែល​ចង់​ឲ្យ​ណាសា​ផ្តោត​អាទិភាព​លើ​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​​ឋាន​ព្រះចន្ទ ក្នុងពេល​ដែល​អ្នក​គាំទ្រ​ឲ្យ​ផ្តោត​អាទិភាព​លើ​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភពព្រះអង្គារ​មាន​ដល់​ទៅ ១៨% ហើយ​ភាគច្រើន​លើសលុប គឺ​រហូតដល់​ទៅ ៥២% ចង់​ឲ្យ​ផ្តោត​អាទិភាព​លើ​ការ​សិក្សា​ និង​ឃ្លាំ​មើល​ភពផែនដី​ ដើម្បី​តាមដាន​មើល​ការប្រែប្រួល​នៃ​បរិស្ថាន​នៃ​ភពផែនដី​របស់​យើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ