rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​ចិន​ក្លាយជា​ចំណុច​ចម្រូងចម្រាស​ក្នុង​ការបោះឆ្នោត​ឥណ្ឌូណេស៊ី

ដោយ សេង ឌីណា

នៅថ្ងៃពុធ១៧មេសា​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ី​ជាង ១៩០លាននាក់ ត្រូវ​ចេញ​ទៅ​បោះឆ្នោត ដើម្បី​​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ការ​ស្ទាបស្ទង់​មតិ​ជាច្រើន​បង្ហាញ​ថា លោក​ចូកូ វីដូដូ ដែល​ជា​ប្រធានាធិបតី​ផុតអាណត្តិ គឺ​ជា​អ្នក​មាន​ប្រៀប នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា នៅ​ពេញ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​បញ្ហា​ដ៏​ចម្រូងចម្រាសមួយ បាន​ក្លាយ​ជា​ចំណោទ​សម្រាប់​លោក​ចូកូ វីដូដូ។ នោះគឺ​ឥទ្ធិពល​របស់​ចិន ដែល​កើនឡើង​ខ្លាំង​ជាមួយ​នឹង​កំណើន​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​ឥណ្ឌូណេស៊ី។

លោក​ចូកូ វីដូដូ ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សម្រាប់​អាណត្តិ​ថ្មី នៅ​ក្នុង​ការ​បោះឆ្នោត​នៅថ្ងៃ​ពុធ​នេះ ជាមួយ​នឹង​ចំណុច​ខ្លាំង​មួយ គឺ​​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ដែល​អត្រា​អតិផរណា​មាន​កម្រិត​ទាប​ ចំណែក​ឯ​អត្រា​កំណើន​សេដ្ឋកិច្ច​​វិញ​មាន​កម្រិត​ខ្ពស់​ប្រមាណ​ជា ៥% ជារៀងរាល់​ឆ្នាំ ចាប់តាំង​ពី​លោក​ចូល​កាន់តំណែង​ កាល​ពី​ឆ្នាំ២០១៤​មក។ ក៏ប៉ុន្តែ គូប្រជែង​របស់​លោក​​បាន​ផ្តោត​ទៅលើ​ចំណុច​ដ៏​ចម្រូងចម្រាស​មួយ ដើម្បី​ជា​ប្រធានបទ​នៃ​ការ​វាយប្រហារ​ទៅលើ​លោក​ចូកូ វីដូដូ គឺ​លំហូរ​​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​វិនិយោគ​របស់​ចិន នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

គេ​សង្កេតឃើញ​ថា នៅ​ក្នុងរយៈពេល​៥ឆ្នាំ​កន្លងទៅនេះ លោក​ចូកូ វីដូដូ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​អាទិភាពមួយ គឺ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស ដើម្បី​​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ​ដល់​ប្រជាជន ហើយ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ត្រូវការ​ជាចាំបាច់​នូវ​វិនិយោគ​បរទេស ជាពិសេស វិនិយោគ​របស់​ចិន ដែល​ជា​ប្រទេស​សម្បូរ​លុយ។

គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ២០១៨​កន្លងទៅនេះ រដ្ឋាភិបាល​របស់​លោក​វីដូដូ​បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ចិន នៅ​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ ២៣ពាន់លាន​ដុល្លារ​អាមេរិក បន្ថែម​ពីលើ​គម្រោង​ជាច្រើន​ដែល​មាន​ស្រាប់ ជាពិសេស គឺ​គម្រោង​សាងសង់​បណ្តាញ​រថភ្លើង​ល្បឿនលឿន ក្នុង​ទំហំ​ទឹកប្រាក់ ៦ពាន់លាន​ដុល្លារ ដែល​ជាគម្រោង​ដ៏​ចម្រូងចម្រាសមួយ ហើយ​ដែល​គូប្រជែង​របស់​លោក​វីដូដូ​តែងតែ​លើក​យក​មក​វាយប្រហារ​លើ​រូបលោក។

តាមការពិត​ទៅ បើ​មើល​ទៅ​តាម​តួលេខ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គិត​មក​ទល់​នឹង​ឆ្នាំ២០១៨​កន្លងទៅនេះ ចិន​មិនមែន​ជា​ប្រទេស​ដែល​បោះទុនវិនិយោគ​ច្រើន​ជាងគេ​នោះទេ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រទេស​ដែល​វិនិយោគ​ច្រើន​ជាងគេ​នៅ​ឥណ្ឌូណេស៊ី គឺ​សិង្ហបុរី ចំណែក​ឯ​ចិន​វិញ​ស្ថិត​នៅ​លំដាប់ទី៣​ឯណោះ នៅ​ពី​ក្រោយ​ជប៉ុន ដែល​នៅ​លំដាប់ទី២។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ គណបក្ស​ប្រឆាំង​​​ឥណ្ឌូណេស៊ី​ចូលចិត្ត​លើក​យក​វិនិយោគ​ចិន​មក​ធ្វើ​ការ​ឃោសនា​បោះឆ្នោត ដើម្បី​វាយប្រហារ​លើ​លោកចូកូ វីដូដូ គឺធ្វើ​តម្រូវ​ទៅ​តាម​និន្នាការ​ប្រឆាំង​ចិន ដែល​កើតមាន​កាន់តែ​ខ្លាំងឡើងៗ នៅ​ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​ជា​ម្ចាស់ឆ្នោត។

មែនទែនទៅ ​នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា និន្នាការ​ប្រឆាំង​នឹង​វិនិយោគ​ចិន​មិនមែន​កើតមានឡើង​តែ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នេះមួយ​នោះទេ ក៏ប៉ុន្តែ វា​បាន​កើតមានឡើង​​ជាទូទៅ នៅ​ស្ទើរតែ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី ហើយ​ជារឿយៗ គោលនយោបាយ​ប្រឆាំង​នឹង​វិនិយោគ​ចិន​​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​យុទ្ធនាការ​​ឃោសនាបោះឆ្នោត​ ហើយ​ភាគច្រើន​វា​ជា​គោលនយោបាយ ដែល​ទាក់ទាញ​នូវ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​នូវ​​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ម្ចាស់​ឆ្នោត។

ជាក់ស្តែង គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ថៃ​កន្លងទៅ​ថ្មីៗ​នេះ គម្រោង​វិនិយោគ​ចិន​ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ ដែល​​គណបក្ស​ភឿថៃលើក​យក​មក​ធ្វើការ​ឃោសនា ដើម្បី​រិះគន់​​លើ​របបសឹក ហើយ​ព្រមទាំង​បាន​សន្យា​ទៀត​ផង​ថា ប្រសិនបើ​ពួកគេ​ជាប់​ឆ្នោត​ឡើងកាន់អំណាច ពួកគេ​​នឹង​ធ្វើការ​សើរើ​មើល​ឡើងវិញ នូវ​គម្រោង​វិនិយោគ ដែល​របបសឹក​បាន​ព្រមព្រៀង​ជាមួយ​ចិន កាល​ពី​ពេល​កន្លងមក។

នៅ​ម៉ាឡេស៊ីវិញ លោក​មហាធៀរ មហាម៉ាត់ ក៏​បាន​​​ផ្តោត​ជា​សំខាន់​ ទៅលើ​គោលនយោបាយ​ប្រឆាំង​នឹង​គម្រោង​វិនិយោគ​របស់​ចិន​នេះ​ដែរ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​​ កាល​ពី​ឆ្នាំ​២០១៨​កន្លងទៅ។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដែល​លោក​​បាន​ទទួល​ជោគជ័យ​​លើ​អតីត​នាយករដ្ឋមន្ត្រី ដែល​មាន​ជាប់​ពាក់ព័ន្ធ​ច្រើន​នឹង​គម្រោង​វិនិយោគ​ចិន។

និយាយ​ជារួម​ទៅ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គោលនយោបាយ​ប្រឆាំង​នឹង​វិនិយោគ​ចិន កំពុងតែ​ក្លាយ​ទៅ​ជា​ប្រធានបទ​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មិនថា​នៅ​ឥណ្ឌូណេស៊ី ឬ​ក៏​នៅ​​តាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍ​ផ្សេងទៀត ជាពិសេស​នៅ​អាស៊ី។

ជាទូទៅ គេតែងតែនាំគ្នា​សំឡឹង​មើល​ទៅលើ​វិនិយោគចិន​ក្នុងផ្លូវ​អវិជ្ជមាន គឺម្យ៉ាង ​ដោយសារ​តែ​គេនាំគ្នា​គិត​ថា ​​​គម្រោង​វិនិយោគ​ចិន​ច្រើន​តែ​ធ្វើឡើង​ដោយ​ខ្វះតម្លាភាព​ ងាយ​នឹង​ពាក់ព័ន្ធ​ក្នុង​អំពើពុករលួយ ហើយ​ថា​ជា​គម្រោង​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ចិន​គ្នា​ឯង ជាជាង​ដល់​ប្រជាជន​ក្នុងស្រុក ដោយសារ​តែ​គម្រោង​វិនិយោគ​របស់​ចិន​ភាគច្រើនយក​ពលករ​ពី​ចិន​ឲ្យ​មក​ធ្វើការ។ ម្យ៉ាងទៀត ដោយសារ​តែ​គេ​បារម្ភ​ខ្លាច​លុយ​វិនិយោគ​ដែល​បាន​មក​ដោយ​ស្រួលៗ​ពី​ចិន​នេះ ត្រូវ​ក្លាយ​ទៅ​ជា​អន្ទាក់​បំណុល​​នាំ​ឲ្យ​ប្រទេស​ដែល​ជា​អ្នក​ទទួល​វិនិយោគ​ត្រូវ​​​វ័ណ្ឌ ក ដោយ​បំណុលចិន ហើយ​ត្រូវ​បង្ខំចិត្ត​​កាត់ទីតាំង​ជា​យុទ្ធសាស្រ្ត​ណាមួយ​ទៅ​ឲ្យ​ចិន​គ្រប់គ្រង ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អធិបតេយ្យ​របស់​ប្រទេស៕

ច្បាប់អ៊ុយក្រែន​​ដែល​ច្បាំងទល់​នឹង​ភាសា​រុស្ស៊ី ចូល​ជាធរ​មាន​ហើយ

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?