rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

ដោយ សេង ឌីណា

នៅ​ចុងសប្តាហ៍​ខាងមុខនេះ គឺ​ជា​ខួប​គម្រប់ ៥០ឆ្នាំ នៃ​បេសកកម្ម​អាប៉ូឡូ ដែល​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ​ជាលើកដំបូងបង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេលនេះ ៥០ឆ្នាំក្រោយ​ហេតុការណ៍ មាន​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក នៅតែ​មិនជឿ​ថា​ អាមេរិក​បាន​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ឋាន​ព្រះចន្ទ ហើយ​​នាំគ្នា​គិត​ថា អ្វីៗ​គ្រប់យ៉ាង គឺ​គ្រាន់​តែ​ជា​ការ​រៀបចំ​ឡើង​ដោយ​អាមេរិក ដើម្បី​បន្លំភ្នែក​ពិភពលោក​​តែ​ប៉ុណ្ណោះ។ តើ​ហេតុអ្វី​បាន​ជា​មាន​ការ​សង្ស័យ​ច្រើន ហើយ​អូសបន្លាយ​ពេល​យូរ​មក​ទល់​នឹង​សព្វថ្ងៃ​បែបនេះ?

សព្វថ្ងៃ​នេះ “Fake News” គឺ​ជា​ពាក្យ​ដែល​យើង​តែងឮ​ជាប់​ជា​ប្រចាំ នៅ​ក្នុង​សម័យកាល​អ៊ីនធ័រនែត។ ក៏ប៉ុន្តែ សម្រាប់​អ្នក​មិនជឿ​រឿង​មនុស្ស​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ បេសកកម្ម​អាប៉ូឡូ​ទី១១ គឺ​ជា​រឿង​បោកប្រាស់​ដ៏​ធំបំផុត​មួយ តាំង​ពី​ពាក្យថា “Fake News” នេះ នៅមិនទាន់​ត្រូវ​បាន​បង្កើតឡើង​មក​ម៉្លេះ។

កាល​ពីខែ​កក្កដា​ឆ្នាំ១៩៦៩​នោះ បេសកកម្ម​អាប៉ូឡូ​ ដែល​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ដី​ព្រះចន្ទ ត្រូវ​បាន​ផ្សាយ​​​តាម​ទូរទស្សន៍ ឲ្យ​មនុស្ស​រាប់លាន​នាក់​​នៅ​ទូទាំង​ពិភពលោក​បាន​មើល​ឃើញ។ ក៏ប៉ុន្តែ ចំពោះ​អ្នក​មិនជឿ រូបភាព​ដែល​​ទីភ្នាក់ងារ​ណាសា​យក​មក​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ នៅ​ពេលនោះ មិនមែន​ជា​រូបភាព​ពីព្រះចន្ទ​នោះទេ តែ​ជា​រូបភាព ដែល​ថត​នៅ​ក្នុង​ស្ទូឌីយ៉ូ។

ចាប់ពីពេលនោះមក និង​ជាពិសេស នៅ​ពេល​ក្រោ​យ​មក​ទៀត ដែល​អ៊ីនធ័រនែត​មាន​ការ​រីកដុះដាល វេបសាយ​រាប់ពាន់​ត្រូវ​បាន​គេ​បង្កើតឡើង ដើម្បី​បង្ហាញ​ពី​​ភស្តុតាង ដែល​បញ្ជាក់ថា បេសកកម្ម​អាប៉ូឡូ​ទៅ​​ចុះចត​លើ​ដីព្រះចន្ទ​​ គឺ​ជា​រឿង​បោកប្រាស់។

អ្នក​ខ្លះ​អះអាង​ថា ការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​នោះ គឺ​ជា​រឿង​មិនពិត ពីព្រោះ​​ណាសា​មិនមាន​បច្ចេកវិទ្យា​គ្រប់គ្រាន់ ហើយ​ម្យ៉ាងទៀត មនុស្ស​មិន​អាច​ធ្វើ​​ដំណើរ​ទៅ​ឋាន​ព្រះចន្ទ​ ដោយសារ​តែ​ដំណើរ​​​ពី​ផែនដី​ទៅ​ព្រះចន្ទ គឺ​ចៀសមិនរួច​នឹង​​ត្រូវ​ឆ្លងកាត់​តំបន់​វិទ្យុសកម្ម​ដ៏​ធំមួយ​ជុំវិញ​ផែនដី ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Van Allen Belt” ​ហើយ​ដែល​មាន​កម្លាំង​វិទ្យុសកម្ម​​ខ្លាំង​អាច​សម្លាប់​មនុស្ស​​បាន។

ក៏ប៉ុន្តែ ជាទូទៅ ការ​អះអាង​ថា បេសកកម្ម​អាប៉ូឡូ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​គឺ​ជា​រឿង​បោកប្រាស់ (Conspiracy Theories) គឺ​ច្រើន​ផ្តោត​ទៅលើ​រូបភាព ដែល​ណាសា​បាន​ចុះផ្សាយ។ អ្នក​ខ្លះ​បាន​លើកឡើង​ពី​រូបភាព​ដែល​បង្ហាញ​ថា ទង់ជាតិ​អាមេរិក ដែល​អវកាសយានិក​យក​ទៅ​ដោត​លើ​ដីព្រះចន្ទ​​ហាក់ដូចជា​កំពុងបក់​រវិច ក្នុងពេល​ដែល​​ព្រះចន្ទ​​​គ្មាន​បរិយាកាស និង​គ្មាន​ខ្យល់​អ្វីសោះ​ដែល​​អាច​បក់​ទង់ជាតិ​នេះ​បាន។ ខ្លះទៀត​លើកឡើង​ពី​​ភាព​មិន​ប្រក្រតី​នៃ​ពន្លឺ ឬ​ស្រមោល​នៅ​ក្នុង​រូបភាព ដែល​គេ​អះអាង​ថា​ជា​ភស្តុតាង​បង្ហាញ​ថា រូបភាព​ទាំងនេះ គឺ​ថត​នៅ​ក្នុង​ស្ទូឌីយ៉ូ ដែល​មាន​ប្រភព​ពន្លឺ​ច្រើន ហើយ​មិនមែន​ថត​លើ​ព្រះចន្ទ ដែល​មាន​ប្រភព​ពន្លឺតែមួយ គឺ​ព្រះអាទិត្យ... ។ល។

ក្រោយៗ​មក​ទៀត ការអះអាង​ពីភាព​មិន​ប្រក្រតី​អស់ទាំងនេះ សុទ្ធតែ​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​​របស់​ណាសា ក៏ដូចជា​​អ្ន​កវិទ្យាសាស្រ្ត​ផ្សេងទៀត​ក្រៅណាសា ធ្វើការ​ពន្យល់​បកស្រាយ​ទៅតាម​លក្ខណៈ​វិទ្យាសាស្រ្ត ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ អ្នក​មិនជឿ គឺ​នៅតែ​មិន​ជឿ។ ហើយ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការ​ស្ទាបស្ទង់​មតិ​ថ្មីៗ​បង្ហាញ​ថា មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជា ៦% ដែលមិនជឿ​ថា ណាសា​បាន​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ។ អត្រា​នៃ​អ្នក​មិនជឿ​នេះ​កើនឡើង​រហូតដល់​ទៅ​ជាង ៥០% នៅ​ក្នុង​ចំណោម​ពលរដ្ឋ​រុស្ស៊ី ដែល​ជា​អតីត​គូសត្រូវ​ក្នុង​សង្រ្គាម​ត្រជាក់ ហើយ​សូម្បីតែ​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក ក៏​មាន​អ្នក​មិនជឿ​ច្រើន​ដែរ ដូចជា បារាំង មាន ៩% ហើយ​រហូតដល់​ទៅ ២៥% ​នៅ​អង់គ្លេស។

ការណ៍​ដែលគេមិនជឿ​រឿង​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ហើយ​គិត​ថា អ្វី​ដែល​ណាសា​បង្ហាញ គឺ​ជា​ការ​បោកប្រាស់ វាកើតចេញ​​ពី​ហេតុផល​ចម្បងមួយ គឺ​ការ​មិនទុកចិត្ត​លើ​រដ្ឋាភិបាល​អាមេរិក។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៦០ និង​ឆ្នាំ៧០​នោះ រដ្ឋាភិបាល​អាមេរិក​ពិត​ជា​មាន​រឿងអាស្រូវ​ច្រើន ដែល​ធ្វើ​ឲ្យ​​គេ​ពិបាក​នឹង​ទុកចិត្ត​ពិតមែន។

នៅ​ឆ្នាំ១៩៦៣ ​លោក​ប្រធានាធិបតី​ចន កេណេឌី ត្រូវបានគេ​លបធ្វើ​ឃាត ដែល​គេ​ដាក់​ក្តីសង្ស័យ​ថា​ជា​ស្នាដៃ​របស់​សេអ៊ីអា។ ក្រោយ​មក​ទៀត មាន​រឿងទាក់ទង​នឹង​សង្រ្គាម​វៀតណាម ដែល​ប្រធានាធិបតីលីនដុន ចនសុន និង​រីឆាដ និចសុន កុហកប្រជាជន​អាមេរិក ហើយ​ដែល​ត្រូវ​លេចធ្លាយ​នៅ​ឆ្នាំ១៩៧១ នៅក្នុង​រឿងអាស្រូវ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Pentagon Papers”។ ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត នៅ​ពេល​ដែល​រឿងអាស្រូវ “Pentagon Papers” នេះ​នៅ​មិនទាន់​ចប់​ផង ក៏​ស្រាប់​តែ​ផ្ទុះ​រឿង​អាស្រូវ​ផ្ទួនៗគ្នា​មួយ​ទៀត គឺ​រឿង​អាស្រូវ “Watergate”... ទាំងអស់​នេះ វា​ជា​កត្តា​មួយ ដែល​ជំរុញ​ឲ្យ​សាធារណមតិ​នាំគ្នា​មួយផ្នែក​ធំ យល់ថា ការ​កុហក បន្លំ បំភ្លៃ និង​បោកប្រាស់ វាកើតមាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ដូច្នេះហើយ​បាន​ជានាំគ្នា​​​ដាក់​មន្ទិល​សង្ស័យ​លើ​​រដ្ឋាភិបាល​អាមេរិក​ជាទូទៅ រាប់ទាំង​ទីភ្នាក់ងារ​ណាសា​ផងដែរ។

ជាការពិតណាស់​ថា គេ​អាច​ធ្វើ​ការ​កត់សម្គាល់​ថា គម្រោង​អាប៉ូឡូមាន​មនុស្ស​ធ្វើការ​រហូតដល់​ទៅ ៤០ម៉ឺននាក់ មានទាំង​អ្នក​នៅ​ក្នុង​ទីភ្នាក់ងារ​ណាសា និង​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន ដែល​ជាប់​កិច្ចសន្យា​ជាមួយ​ណាសា។ នេះ​ជា​ចំនួន​ច្រើន ដែល​គេ​ពិបាក​នឹង​បិទបាំង។ លើសពីនេះ​ទៀត កាល​ពី​ឆ្នាំ២០០៩​កន្លងទៅនេះ យាន​អវកាស​ដែល​គេ​ឲ្យឈ្មោះ​ថា “Lunar Reconnaissance Orbiter” បាន​ថតរូបភាព​លើ​ដីព្រះចន្ទ ហើយ​បង្ហាញ​យ៉ាងច្បាស់​ថា ផ្នែកខ្លះ​នៃ​កូនយាន (Lunar Module) ដែល​អវកាសយានិក​ប្រើ​ដើម្បី​ចុះចត​លើ​ដីព្រះចន្ទ នៅ​ក្នុង​បេសកម្ម​អាប៉ូឡូ​ (អាប៉ូឡូទី ១១, ១៤, ១៥, ១៦ និង ១៧) គឺ​នៅតែ​ស្ថិត​នៅលើ​ដីព្រះចន្ទដដែល​មក​ទល់​នឹង​សព្វថ្ងៃ។

ក៏ប៉ុន្តែ គេ​មិន​ត្រូវ​រំពឹង​ទេ​ថា ភស្តុតាង​អស់ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មិនជឿ​រឿង​ចុះចត​លើ​ឋានព្រះចន្ទ​នេះ​អាច​ផ្លាស់ប្តូរ​គំនិត​របស់​គេ​បាន។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា រហូត​មក​ទល់​នឹង​សព្វថ្ងៃ​នេះ នៅ​ក្នុង​សតវត្សរ៍​ទី២១​នេះទៅហើយ សូម្បីតែ​រឿង​ផែនដី​មាន​រាងមូល ក៏​នៅតែ​មាន​មនុស្ស​ជាច្រើន​នៅតែ​មិនជឿ​នៅឡើយ​ផង បើទោះបី​ជា​យើង​មាន​​វិទ្យាសាស្រ្ត​រីកចម្រើន​ជឿនលឿន ហើយ​ភស្តុតាង​មាន​ច្រើន​រាប់មិនអស់​យ៉ាងណា​ក៏ដោយ៕

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា