អានតួអត្ថបទ

បាតុករហុងកុង​ លើកគ្នា​ទៅ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​ដើម្បី​សុំអន្តរាគមន៍​

នៅថ្ងៃអាទិត្យ ទី៨ កញ្ញានេះ ក្រុមបាតុករហុងកុងរាប់ពាន់នាក់ បានចេញទៅជួបជុំប្រមូលផ្តុំគ្នាយ៉ាងច្រើនកកកុញ នៅឯស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហុងកុង ក្នុងគោលបំណងជំរុញឲ្យអន្តរជាតិ បង្កើនការដាក់សម្ពាធទៅលើចិនប៉េកាំង។ ការចុះផ្លូវជួបជុំគ្នា នៅថ្ងៃនេះ របស់ក្រុមបាតុករ គឺជាចលនាតវ៉ាដ៏ធំ និងឆ្លុះបញ្ចាំងពីវិបត្តិនយោបាយធ្ងន់ធ្ងររបស់ហុងកុងដែលហាក់រកច្រកដើរចេញគ្មាន បន្ទាប់ពីធ្លាក់ក្នុងជង្ហុកនៃបញ្ហាជាង៣ ខែកន្លងមកនេះ។

ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង លើកគ្នាដើរសំដៅស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហុងកុង នាថ្ងៃអាទិត្យ ទី ៨ កញ្ញា ឆ្នាំ២០១៩។
ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង លើកគ្នាដើរសំដៅស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហុងកុង នាថ្ងៃអាទិត្យ ទី ៨ កញ្ញា ឆ្នាំ២០១៩។ REUTERS/Anushree Fadnavis
ផ្សាយពាណិជ្ជកម្ម

ការលើកគ្នា ចំនួនរាប់ពាន់នាក់របស់ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង នៅថ្ងៃនេះ អាចចាត់ទុកថាជា ការតវ៉ាដ៏ធំ និងសំខាន់មួយ ពីព្រោះថា ពួកគេបានទៅជួបជុំគ្នាយ៉ាងច្រើនណែនណាន់តាន់តាប់តែម្តង នៅឯស្ថានកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហុងកុង។

ដោយក្នុងដៃមានកាន់ទង់ជាតិអាមេរិក ហើយអ្នកខ្លះទៀតកាន់បដា បង្ហាញពីលទ្ធិប្រជាធិបតេយ្យ ក្រុមបាតុករហុងកុង បានអំពាវនាវឲ្យអាមេរិក ជួយដោះស្រាយបញ្ហាចាក់ស្រែះ ដែលកំពុងហ៊ុមព័ទ្ធកោះហុងកុង។

ជាបញ្ហា ដែលពួកគេចង់សំដៅដល់ការគំរាមកំហែងរបស់ប៉េកាំង និងបានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ឲ្យជួយរំដោះហុងកុង ពីការគ្រប់គ្រងរបស់ចិនផង។ ក្នុងពេលតវ៉ា នោះដែរ ក្រុមបាតុករបានស្រែកខ្លាំងៗថា “តស៊ូដើម្បីសេរីភាព ក្រោកឈរដើម្បីហុងកុង”។

មួយវិញទៀត មុនពេលប្រគល់ញត្តិសុំអន្តរាគមន៍ ទៅឲ្យស្ថានកុងស៊ុលសហរដ្ឋអាមេរិក បាតុករហុងកុងក៏បានស្រែកស្រុះគ្នា ដែរថា​ “តតាំងនឹងក្រុងប៉េកាំង” “រំដោះដែនកោះហុងកុង”។

គួរជ្រាបថា ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង បានស្នើសហរដ្ឋអាមេរិក ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំង ឲ្យឆ្លើយតបទៅនឹងរាល់ការទាមទាររបស់ពួកគេដែលនៅមាន ៤ ចំណុចសំខាន់ៗ។

ទី១ បើក​ការ​ស៊ើបអង្កេត​ ស្តីអំពីការបង្ក្រាប​របស់​កម្លាំង​ប៉ូលិសលើបាតុករ ទី២ លើកលែង​ទោស​ដល់​បាតុករ​ដែល​ត្រូវបាន​ចាប់​ខ្លួន ទី៣ បញ្ឈប់​ការ​ហៅ​បាតុករ​ថា​ជា​ពួកបះបោរ និង​ទី៤ ទាមទារឲ្យលោកស្រីការី ឡាំ ចុះចាញ់ពីតំណែង និងបង្កើតជា​ប្រព័ន្ធ​បោះឆ្នោត​សកល​ ដើម្បី​ជ្រើសរើស​ប្រមុខនីតិប្រតិបត្តិ​ហុងកុងថ្មី។

គួរកត់សម្គាល់ថា នៅខណៈនេះ គេនៅមិនទាន់មានឃើញ អាមេរិក ឆ្លើយតបអ្វី ពាក់ព័ន្ធទៅនឹងការស្នើសុំជំនួយពីបាតុករអ្នកប្រជាធិបតេយ្យហុងកុងនោះទេ។ គេគ្រាន់តែដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកម៉ាក អេសពឺរ បានទទូចឲ្យចិន ដោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងបាតុកម្មនៅហុងកុង។ ហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស និងត្រូវបានប្រគល់ឲ្យចិនកាន់កាប់វិញនៅក្នុងឆ្នាំ ១៩៩៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ