សំណុំរឿងបាតុកម្ម៖ ហុងកុងនឹងចោទប្រកាន់មនុស្ស៤៤នាក់ពីបទប្រើប្រាស់អំពើហិង្សា
ប៉ូលីសហុងកុងបានឲ្យដឹងនៅថ្ងៃអង្គារ ទី៣០កក្កដានេះថា ខ្លួនកំពុងតែដំណើរការនីតិវិធីឈានទៅចោទប្រកាន់មនុស្សចំនួន៤៤នាក់ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មកាលពីចុងសប្ដាហ៍កន្លងទៅ។ គួរកត់សម្គាល់ថា ចំណាត់ការរបស់អាជ្ញាធរហុងកុងដូច្នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិន នៅថ្ងៃចន្ទទី២៩កក្កដា ទាមទារឲ្យហុងកុង ដាក់ទោសទណ្ឌចំពោះអ្នកបង្កអំពើហិង្សានិងប្រព្រឹត្តអំពើខុសច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
បាតុករចំនួន៤៤នាក់ ដែលកំពុងតែត្រូវបានឃុំខ្លួនដោយសមត្ថកិច្ច អាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំ ប្រសិនបើពួកគេត្រូវតុលាការហុងកុងកាត់ទោសពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សា។ អំពើហិង្សា ដែលផ្ទុះឡើងនៅក្នុងក្បួនបាតុកម្មនៅហុងកុង កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន។
រដ្ឋាភិបាលចិន កាលពីថ្ងៃចន្ទ ទី២៩កក្កដា បានហៅការធ្វើបាតុកម្មលាយឡំនឹងអំពើហិង្សានៅហុងកុងថា ជាការគំរាមកំហែងដល់ស្ថិរភាពនិងវិបុលភាពរបស់ហុងកុង។ ចិន បានប្រាប់ឲ្យរដ្ឋអំណាចហុងកុង ដាក់ទោសទណ្ឌចំពោះអ្នកដែលប្រើប្រាស់អំពើហិង្សានិងប្រព្រឹត្តខុសច្បាប់ ដើម្បីស្ដារឡើងវិញនូវរបៀបរៀបរយសង្គម និងរក្សាឲ្យបាន បរិយាកាសធុរកិច្ចនៅហុងកុង។ មួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃអង្គារទី៣០កក្កដា ហុងកុងបានប្រកាសថា អាជ្ញាធរមានសមត្ថកិច្ច កំពុងដំណើរការនីតិវិធីចោទប្រកាន់បាតុករទាំង៤៤រូប មុននឹងចេញសេចក្ដីថ្លែងការណ៍អំពីករណីនេះនាពេលក្រោយ។
សូមជម្រាបជូនថា ការចុះផ្លូវធ្វើបាតុកម្មរបស់ប្រជាជនហុងកុង បានកើតឡើងជារៀងរាល់ចុងសប្ដាហ៍ អស់រយៈពេលជិត២ខែរួចមកហើយ។ បាតុកម្មនេះ ពីដំបូងឡើយ ធ្វើឡើងក្នុងទម្រង់អហិង្សា ដោយមានត្រឹមតែការជួបប្រជុំគ្នាលើកបដា និងសម្ដែងមតិប៉ុណ្ណោះ។ ប៉ុន្តែពីរសប្ដាហ៍ចុងក្រោយនេះ រដ្ឋអំណាចហុងកុង បានដាក់ពង្រាយកម្លាំងចុះបង្ក្រាបក្រុមបាតុករ ដោយប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក។ សម្រាប់រដ្ឋអំណាចហុងកុងដែលស្និទ្ធនឹងទីក្រុងប៉េកាំង ការចុះផ្លូវធ្វើបាតុកម្មរបស់ក្រុមបាតុករទាំងនេះ គឺជាទង្វើខុសច្បាប់។
ជាការកត់សម្គាល់ បើទោះបីជាមានការគំរាមកំហែងដាក់ទោសទណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមបាតុករអ្នកស្នេហាប្រជាធិបតេយ្យនៅហុងកុង ហាក់ដូចជាមិនញញើតបន្តិចសោះឡើយ។ ក្រុមបាតុករបានប្ដេជ្ញាប្រមូលផ្ដុំគ្នាបន្តទៀត។ ហើយបន្ថែមពីលើនេះ ពួកគេទទូចឲ្យរដ្ឋអំណាចហុងកុង ដោះលែងអ្នកជាប់ឃុំទាំងអស់ ព្រមទាំងទាមទារឲ្យប្រមុខដឹកនាំហុងកុង គឺលោកស្រី Carrie Lam ចុះចេញពីតំណែង ដើម្បីឲ្យពួកគេមានសិទ្ធិជ្រើសរើសមេដឹកនាំថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ