អានតួអត្ថបទ

ស៊ីរី​៖ ពួក​ជីហាត​កក្រើក​ឡើងវិញ​ ខណៈ​អាមេរិក​ដក​កងទ័ព​ចេញ​បណ្តើរៗ​

ក្រុមជីហាតរដ្ឋអ៊ីស្លាម នាខណៈពេលនេះ កំពុងចាប់ផ្តើមកក្រើកឡើងវិញហើយនៅស៊ីរី អំឡុងពេលដែលអាមេរិក កំពុងដកកងទ័ពរបស់ខ្លួនជាបណ្តើរៗចេញពីប្រទេសនេះ។ មិនតែប៉ុណ្ណោះ ការលេចមុខឡើងវិញរបស់ពួកជីហាត ក៏មានផងដែរនៅក្នុងប្រទេសក្បែរខាងស៊ីរី នោះគឺអ៊ីរ៉ាក់។ នេះ បើតាមការណ៍ឲ្យដឹងរបស់ក្រុមអ្នកសង្កេតការណ៍ កាលពីថ្ងៃអង្គារ ទី៦ សីហា ម្សិលមិញនេះ។

កងកម្លាំងកួដស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងប្រទេសស៊ីរី។
កងកម្លាំងកួដស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងប្រទេសស៊ីរី។ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

បើយោងតាមរបាយការណ៍មួយរបស់ការិយាល័យអធិការចម្រុះអាមេរិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ដែលកាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ បានរងគ្រោះបាត់បង់ទឹកដីគ្រប់គ្រងទាំងស្រុង នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានងើបឡើង និងផ្តើមមានសកម្មភាពឡើងវិញហើយ។

គួរកត់សម្គាល់ថា ទោះបីជារងការវាយប្រហាររហូតដល់បាក់ទ័ព បាត់បង់ទឹកដីអស់រលីង ទាំងនៅស៊ីរី និងអ៊ីរ៉ាក់​យ៉ាងណាក្តី ក៏ប៉ុន្តែមនោគមវិជ្ជារបស់ពួកគេនៅតែរស់រានមានជីវិត។

មួយវិញទៀត ក្រោយសំងំលាក់ខ្លួនពួនអាត្មា ពីការវាយប្រហាររបស់កងទ័ពអាមេរិក និង សម្ព័ន្ធមិត្ត បានជិតកន្លះឆ្នាំមក ក្រុមអង្គការរដ្ឋអ៊ីស្លាម-ជីហាត ក៏អាចប្រមែប្រមូលគ្នីគ្នា បង្កើតជាក្រុម ជាបណ្តាញបានវិញនាពេលថ្មីៗនេះ។

ការណ៍ដែល ពួកជីហាត អាចងើបឡើងបង្កើតជាក្រុមនេះបានវិញ ដោយសារតែកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ នៅមិនទាន់មានសមត្ថភាពពេញលេញ ក្នុងការការពារ និងគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសបាន។

តែទោះជាយ៉ាងណាក្តី បើយោងតាមរបាយការណ៍ដដែលរបស់ការិយាល័យអធិការចម្រុះអាមេរិក រដ្ឋាភិបាលអ៊ីរ៉ាក់ បានបង្កើនសមត្ថភាពការពារ ការវាយប្រហារពីពួកអ៊ីស្លាម បានល្អជាងមុនហើយ។

គួរជ្រាបថា ពួកជីហាត អាចផ្តើមមានសកម្មភាពឡើងវិញនៅស៊ីរី ម្យ៉ាងក៏ព្រោះតែការសម្រេចដកទ័ពអាមេរិកចេញពីស៊ីរី របស់លោកប្រធានាធិបតីដូណាល់ ត្រាំដែរ។ កាលពីចុងឆ្នាំ ២០១៨ លោកត្រាំបានប្រកាសពីគម្រោងដកទ័ពអាមេរិកចេញពីស៊ីរី ទោះបីជាមានការរិះគន់ពីសម្ព័ន្ធមិត្ត និងមានការប្រឆាំងជំទាស់ពីសំណាក់អតីតប្រមុខការពារជាតិលោកជីម ម៉ាទីសយ៉ាងណាក្តី។ ដោយសារការខ្វែងគំនិតគ្នានេះ លោកជីម ម៉ាទីសក៏សម្រេចចុះចេញពីតំណែងផងដែរកាលគ្រានោះ។

គួរជ្រាបទៀតថា ក្រោយបង្កើតបានជាក្រុម ពួកអង្គការដ្ឋអ៊ីស្លាម បានផ្តើមឡើងវិញផងដែរនូវសកម្មភាពធ្វើភេរវកម្ម ឬការវាយប្រហារផ្សេងៗ ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

ដូចនេះហើយ និន្នាការដែលកំពុងកើតឡើងនេះ ធ្វើឲ្យសម្តីរបស់លោកត្រាំដែលធ្លាប់និយាយថា អាមេរិក និងសម្ព័ន្ធមិត្តបានវាយប្រហារជោគជ័យហើយ លើពួកជីហាតរដ្ឋអ៊ីស្លាម អាចនឹងខុសក៏ថាបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ