អានតួអត្ថបទ

ស៊ីរី ថ្កោល​ទោស​សកម្មភាព​ល្បាត​រួមគ្នា​របស់​អាមេរិក​-តួកគី​ នៅក្នុង​ទឹកដី​របស់​ខ្លួន​

រដ្ឋាភិបាលក្រុងដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ កញ្ញា បានបង្ហាញជំហរប្រឆាំងដាច់ខាត ទៅនឹងការយាមល្បាតរួមគ្នារបស់សហរដ្ឋអាមេរិក និងតួកគី ដែលប្រព្រឹត្តធ្វើទៅ នៅតំបន់ភាគឦសាននៃប្រទេសស៊ីរី។ ស៊ីរី បានហៅសកម្មភាពរបស់អាមេរិកនិងតួកគី ថាជា“ទង្វើឈ្លានពាន” ដែលជំរុញឲ្យជម្លោះមានរយៈពេល ៨ ឆ្នាំនៅស៊ីរី បន្តអូសបន្លាយទៅមុខបន្ថែមទៀត។

ទាហានអាមេរិកកំពុងដើរជុំគ្នា ក្នុងពេលចូលរួមជាមួយកងទ័ពតួកគីដើម្បីចាប់ផ្តើមសកម្មភាពល្បាត នាភាគឦសាននៃប្រទេសស៊ីរី នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៩។
ទាហានអាមេរិកកំពុងដើរជុំគ្នា ក្នុងពេលចូលរួមជាមួយកងទ័ពតួកគីដើម្បីចាប់ផ្តើមសកម្មភាពល្បាត នាភាគឦសាននៃប្រទេសស៊ីរី នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៩។ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក និងតួកគី នៅថ្ងៃអាទិត្យ ទី៨ កញ្ញា បានចាប់ផ្តើមយុទ្ធាការល្បាតរួមគ្នាមួយ នៅភាគឦសាន នៃប្រទេសស៊ីរី ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង រវាងទីក្រុងអង់ការ៉ា និងកងយុទ្ធជនកួដ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ភ្លាមៗក្រោយបានដឹងអំពីសកម្មខាងលើនេះ រដ្ឋាភិបាលស៊ីរី បានខឹងខំទប់ខ្លួនមិនជាប់ និងបានចេញមុខប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ ទៅនឹងទង្វើរបស់អាមេរិក និងតួកគី ដែលស៊ីរី យល់ថា ជាការរំលោភលើដែនឯករាជ្យភាពរបស់ប្រទេសស៊ីរី។

ក្រសួងការបរទេសស៊ីរី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋសាណា (SANA) បានលើកឡើងថា ស៊ីរីថ្កោលទោសយ៉ាងខ្លាំង ចំពោះការល្បាតរួមគ្នា ដែលធ្វើឡើងដោយក្រុងវ៉ាស៊ីនតោន និងអង់ការ៉ា។

បន្ថែមលើនេះ ក្រសួងការបរទេសស៊ីរី បានចាត់ទុក សកម្មភាពល្បាតនានា ថាជាការឈ្លានពាន និងមានបំណង បង្កជាភាពស្មុគស្មាញ និងអូសបន្លាយវិបត្តិនៅក្នុងប្រទេសស៊ីរី។

គួរកត់សម្គាល់ថា កងទ័ពអាមេរិក ហើយនិងកងកម្លាំងកួដ ដែលជាសម្ព័ន្ធមិត្ត បូករួមទាំង កងទ័ពតួកគីផងនោះ នៅថ្ងៃអាទិត្យនេះ បានចូលរួមធ្វើការល្បាតរួមគ្នា ជាលើកដំបូងបង្អស់ តាមរយៈកិច្ចព្រមព្រៀងមួយសម្រេចដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង់ការ៉ា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១៩ កន្លងទៅ ក្នុងគោលបំណងបង្កើត“តំបន់មានសុវត្ថិភាព”រវាងព្រំដែនតួកគី និងប្រទេសស៊ីរី។

តំបន់មានសុវត្ថិភាព ជាអ្វីដែលរដ្ឋអំណាចក្រុងអង់ការ៉ា ប្រាថ្នាចង់បាន និងសង្ឃឹមថាតំបន់សុវត្តិភាពនេះ នឹងធ្វើឲ្យមានដំណើររលូនទៅ នៃការវិលត្រឡប់ទៅវិញរបស់ជនភៀសខ្លួនស៊ីរីចំនួនជាង ៣ លាន ៦ សែននាក់ ដែលកំពុងរស់នៅក្នុងប្រទេសតួកគី។

គួររំឭកជូនថា ជម្លោះរុំារៃនៅក្នុងប្រទេសស៊ីរី រយៈពេល៨ រាប់ចាប់ពីឆ្នាំ២០១១មក បានសម្លាប់ជីវិតមនុស្សច្រើនជាង ៣៧ ម៉ឺននាក់ និងបានបណ្តាលឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ