rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី រុស្ស៊ី អាមេរិក បារាំង អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី៖ ក្រុមត្រួតពិនិត្យរបស់អង្គការប្រឆាំងអាវុធគីមីរង់ចាំភ្លើងខៀវដើម្បីចុះស៊ើបអង្កេត

media
ក្រុមស៊ើបអង្កេតអន្តរជាតិរបស់អង្គការប្រឆាំងអាវុធគីមីកំពុងស្ថិតនៅក្រុងដាម៉ាស​ នាថ្ងៃទី១៧ មេសា ២០១៨ REUTERS/Omar Sanadiki

គិតត្រឹម​ថ្ងៃអង្គារនេះ ក្រុមស៊ើបអង្កេត​របស់អង្គការប្រឆាំង​អាវុធគីមីនៅមិនទាន់បាន​ចូលទៅធ្វើការស៊ើបអង្កេត​ករណីប្រើអាវុធគីមី នៅតំបន់ឌូម៉ា ជាយក្រុងដាម៉ាស ប្រទេសស៊ីរី នៅឡើយទេ។ ក្រុមស៊ើបអង្កេតនេះ កំពុងរង់ចាំភ្លើងខៀវ​ពីក្រុមសន្តិសុខអង្គការសហប្រជាជាតិដែល​ប្រចាំនៅក្នុងតំបន់នោះ។


រហូតមកដល់ថ្ងៃអង្គារនេះ ក្រុមស៊ើបអង្កេតអន្តរជាតិរបស់អង្គការប្រឆាំងអាវុធគីមីពុំទាន់បានធ្វើការស៊ើបអង្កេតលើករណីវាយប្រហារដែលទំនងជាមានប្រើអាវុធគីមី ដែលបានសម្លាប់មនុស្សជាង៤០នាក់ នៅតំបន់ឌូម៉ា នាថ្ងៃទី៧ដើមខែមេសានេះនៅឡើយទេ។ ពួកគេត្រូវនៅរងចាំការអោយសញ្ញាខៀវរបស់ក្រុមសន្តិសុខអង្គការប្រជាជាតិទាក់ទិនទៅនឹងបញ្ហាសុវត្ថិភាពក្នុងតំបន់នោះមុននឹងចុះទៅធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ផងដែរថា កន្លងមកក៏មានការចោទប្រកាន់ពីសំណាក់ប្រទេសលោកខាងលិចទៅលើរដ្ឋាភិបាលរុស្សីនិងស៊ីរីផងដែរចំពោះការរាំងស្ទះការស៊ើបអង្កេតនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងបានលើកឡើងនូវការសង្ស័យថា ភស្តុតាងសំខាន់ៗដែលអាចបញ្ជាក់ពីការប្រើអាវុធគីមីនោះ ប្រហែលជាត្រូវបានបំផ្លាញចោលរួចទៅហើយ ពីព្រោះតំបន់ឌូម៉ានោះត្រូវបានកាន់កាប់ទាំងស្រុងដោយកងយោធារុស្ស៊ីនិងស៊ីរី។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ក៏បានលើកឡើងថា រុស្ស៊ីព្យាយាមពន្យាពេលការចុះស៊ើបអង្កេតរបស់អង្គការប្រឆាំងអាវុធគីមីនេះ ពីព្រោះថាទុកពេលកាន់តែយូរ ភស្តុតាងនានាដូចជាសារធាតុគីមីនឹងបាត់បង់។

ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី លោកស្រី Maria Zakharova បានតបទៅវិញដោយហៅការចោទប្រកាន់នេះថាជារឿងគួរអោយភ្ញាក់ផ្អើល ហើយលោកស្រីបានបន្ថែមទៀតថា រុស្ស៊ីគាំទ្រការស៊ើបអង្កេតនេះ។ រុស្ស៊ីក៏បានចោទប្រកាន់បកទៅវិញត្រង់ចំនុចថា ​ក្រុមស៊ើបអង្កេតអន្តរជាតិនេះបានទៅដល់ទីក្រុងដាម៉ាស តាំងពីថ្ងៃសៅរ៍ទី១៤មកម្លេះ តែដោយសារប្រតិបត្តិការយោធាវាយប្រហារទីតាំងស្តុកអាវុធគីមីដែលធ្វើឡើងដោយអាមេរិក បារាំង និងអង់គ្លេស រួមទាំងការមិនអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទើបក្រុមស៊ើបអង្កេតនេះពុំត្រូវបានអនុញ្ញាតអោយចូលទៅកាន់តំបន់ឌូម៉ា។

នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូយ៉ក ឯកអគ្គរដ្ឋទូតស៊ីរី លោក Bashar Jaafari ក៏បានបង្ហាញនូវជំហ របស់ស៊ីរីក្នុងការគាំទ្រនិងការជួយជ្រុមជ្រែងលើការស៊ើបអង្គេតនេះផងដែរ៕