អានតួអត្ថបទ
ចិន-អ៊ីរ៉ង់-សហរដ្ឋអាមេរិក

សេរីភាព​នៃ​​ការ​គោរព​​​សាសនា៖​ចិន​​និង​​អ៊ីរ៉ង់​​រិះគន់​​​​បក​ទៅរបាយការណ៍​អាមេរិក​

ថ្ងៃ​អង្គារ​កន្លងទៅ ក្រសួងការបរទេស​អាមេរិ​កបា​នចេញ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពីការរារាំង​​​​សិទ្ធិ​សេរីភាព​នៃ​ការគោរព​​​​សាសនាក្នុង​ពិភពលោក។ អាមេរិក​រិះគន់​ប្រទេស​​មួយចំនួន​ដូចជា​អ៊ីរ៉ង់ ចិន រឺ​ក៏​ប៉ាគីស្ថាន។ ថ្ងៃពុធ​នេះ ចិន​និង​អ៊ីរ៉ង់​បាននាំគ្នា​រិះគន់​តបទៅ​អាមេរិក​វិញ។ ចិន​ព្រមាន​អាមេរិក​អោយ​ឈប់​លើក​និយាយ​ពី​​រឿង​​​​​សាសនា​ដើម្បី​​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​​ប្រទេស​ផ្សេងៗ​តទៅទៀត។​

រូបឈើឆ្កាងព្រះយេស៊ូ ក្នុងសាសនា​គ្រិស្ត​
រូបឈើឆ្កាងព្រះយេស៊ូ ក្នុងសាសនា​គ្រិស្ត​ RFI/Marie-Morgane Le Moël
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ប្រចាំឆ្នាំ​អាមេរិក ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​ ផ្តោត​ខ្លឹមសារ​លើ​ការ​រារាំង​​សិទ្ធិ​សេរី​ភាព​នៃ​ការគោរព​​សាសនា​នៅតាម​ប្រទេស​ជិត​២០០ នៅ​ទូទាំង​ពិភពលោក។ អាមេរិ​កបាន​រិះគន់​ប្រទេស​មួយចំនួន ថាបានធ្វើបាបសហគមន៍សាសនា​ភាគតិច​ក្នុងស្រុក។ ប្រទេស​ទាំងនោះ​មានចិន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន រឺ​ក៏​តួកគី​ជាដើម។ អាមេរិ​កចោទ​ចិន​​​ថា ​បានធ្វើបាប​អ្នកកាន់​សាសនាគ្រិស្ត អ្នកកាន់​ពុទ្ធសាសនា​នៅ​ទីបេ​ និង​សមាជិក​និកាយ​ហ្វាលុងហ្គុង។ របាយការណ៍​​អាមេរិក​បាន​​រិះគន់​អាជ្ញាធរ​ចិន​ពី​​យុទ្ធនាការ​​ចិន ក្នុង​ឆ្នាំ២០១៦កន្លងទៅ នៅ​ខែត្រ​ Zhejiang ភាគខាងកើត ចោទ​​ថា​ចិន​​​បានដកហូត​រូបសញ្ញា​ខ្វែងសាសនា នៅតាម​កំពូល​វិហារ​ផ្សេងៗ​ក្នុងស្រុក។

របាយការណ៍​អាមេរិក​​លើកឡើង​ផងដែរ ថា​សមាជិក​និកាយ​ហ្វាលុងហ្គុង ជានិកាយ​ដែល​ចិន​បានបំបាត់​ចោល​នៅឆ្នាំ​១៩៩៩​នោះ សមាជិក​​និកាយ​នេះ​ច្រើននាក់​បានស្លាប់​ ក្នុង​ពន្ធនាគារ​ចិន។ ​ថ្ងៃពុធ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​បានតប​ទៅ​អាមេរិ​កវិញថា ប្រជាជន​ចិនគ្រប់រូប​មានសិទ្ធិ​គោរព​ប្រណិបត្តិ​សាសនា​យ៉ាងពេញលេញ។ ​ចិនប្រកាស​​​​ប្រឆាំង​និង​តវ៉ា​ជាផ្លូវការ ចំពោះ​​ការចោទប្រកាន់​របស់​​អាមេរិក។  ​

អ៊ីរ៉ង់​ដែល​រងការ​រិះគន់​ដូចចិន​ដែរនោះ បាន​រិះគន់តប​នឹង​អាមេរិក​នៅថ្ងៃពុធ​នេះដែរ​ថា របាយការណ៍​អាមេរិក​ ​គ្មានមូលដ្ឋាន​ច្បាស់លាស់ ជារបាយការណ៍​លាក់ពុត។ ហើយ​អាមេរិក​ខ្លួនឯង​ត្រូវតែ​ឆ្លុះកញ្ចក់​មើលខ្លួនឯង​សិន បើ​និយាយ​ពី​ការរើសអើង​សាសនា​នេះ ព្រោះថា អ្នកកាន់​សាសនា​អ៊ីស្លាម​ក្នុងស្រុក​អាមេរិក ត្រូវបាន​គេរើសអើង​​ធ្វើបាប​​រាល់ថ្ងៃ។ ​ពួកគេ​រងការរើសអើង​​​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ ដូចជា​ក្នុង​ជួរប៉ូលិស​ រឺ​កងកម្លាំង​សន្តិសុខ​ជាដើម​។​​​​ ទាក់ទង​នឹងអ៊ីរ៉ង់​ អាមេរិ​កចោទ​អ៊ីរ៉ង់​ថា​​បន្ត​ធ្វើទុក្ខបុកម្នេញ​ សួរចម្លើយ និង​ចាប់ខ្លួន​អ្នកកាន់​សាសនា​​បាហាយ ​​អ្នកកាន់​សាសនា​​គ្រិស្ត រឺ​ក៏អ៊ីស្លាម​និកាយ​ស៊ុននីត​ជាដើម។ ​លោក​រិច ធីលឡឺសុន រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថែមទាំង​ចោទ​ថា អ៊ីរ៉ង់​ប្រើច្បាប់​​ស្រពិចស្រពិល ទាក់ទង​នឹង​​​ការក្បត់សាសនា ដើម្បី​​បន្ត​កាត់ទោស​​​ប្រហារជីវិត​មនុស្ស៕​ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ