rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ក្រិក ទំនាក់ទំនងអន្តរជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សាក្សី៖​លិចទូក​ដឹក​ជនអន្តោប្រវេសន៍​នៅ​សមុទ្រមេឌីទែរ៉ាណេ​ស្លាប់ ៥០០នាក់

media
សាក្សី៖​លិចទូក​ដឹក​ជនអន្តោប្រវេសន៍​នៅ​សមុទ្រមេឌីទែរ៉ាណេ​ស្លាប់ ៥០០នាក់ AFP PHOTO / MSF / MARTA SOSZYNSKA

មាន​ព្រឹត្តិការណ៍​លិច​ទូក​ដឹក​ជនអន្តោប្រវេសន៍​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​ជា ៥០០នាក់​នៅ​ក្នុង​សមុទ្រមេឌីទែរ៉ាណេ។ ទូកដឹក​ជនអន្តោប្រវេសន៍​ដែល​លិច​នោះ​បាន​ចេញ​ដំណើរ​ពី​ប្រទេស​លីប៊ី​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អ៊ីតាលី។ ដំណឹង​មួយ​នេះ​ត្រូវ​បាន​រៀបរាប់​ដោយ​សាក្សី​ជា​អ្នក​រស់រាន​មាន​ជីវិត​ចំនួន ៤១នាក់​ដែល​ត្រូវ​បាន​ទូកហ្វីពីន​មួយ​ជួយ​ស្រង់​ពី​សមុទ្រ។ ខណៈ​នេះ នៅ​មិន​ទាន់​ព័ត៌មាន​ផ្លូវការ​ដែល​បញ្ជាក់​ពី​គ្រោះមហន្តរាយ​ជា​ថ្មី​នេះ​នៅ​ឡើយ​ទេ។


បើ​តាម​ព័ត៌មាន​ទទួល​បាន​មក​ដល់​ពេល​នេះ និង​ដែល​នៅ​មិន​ទាន់​មាន​ប្រភព​បញ្ជាក់​ជា​ផ្លូវការ​ឲ្យ​ដឹង​ថា ជនអន្តោប្រវេសន៍​ដែល​ស្លាប់​ដោយ​លិច​ទូក​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​ច្រើន​ជា​ប្រជាជន​អាហ្រ្វិក ពិសេស​ជា​ជនជាតិ​សូម៉ាលី អេត្យូពី អេហ្ស៊ីប និង​មាន​ម្នាក់​ជា​ជនជាតិ​ស៊ូដង់។ ម្យ៉ាង​ទៀត ក្នុង​ចំនួន​អ្នកស្លាប់​ក៏​មាន​ស្ត្រី និង​កូនក្មេង​ដែរ។ ទូក​ដឹក​ជនអន្តោប្រវេន៍​នោះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​លីប៊ី​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី តែ​ត្រូវ​បាន​លិច​នៅ​តាម​ផ្លូវ​ដែល​គេ​នៅ​មិន​ទាន់​ដឹង​ទីតាំង​ច្បាស់លាស់។

យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​ទទួល​បន្ទុក​វិបត្តិ​ជនអន្តោប្រវេសន៍​ក្នុង​ប្រទេស​ក្រិក​ឲ្យ​ដឹង​ថា គេ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ការ​លិច​ទូក​នោះ​បាន​ឡើយ​ទេ និង​បាន​ចោទ​ជា​សំណួរ​ថា តើ​មាន​ព្រឹត្តិការណ៍​លិច​ទូក​នោះ ឬ​អត់។ សូម​ជម្រាប​ជូន​ថា ព័ត៌មាន​លិចទូក​នេះ​ត្រូវ​បាន​រៀបរាប់​ដោយ​សាក្សី​ចំនួន ៤១នាក់​ដែល​ត្រូវ​បាន​ទូកហ្វីលីពីន​ជួយ​ស្រង់​ពី​សមុទ្រ ព្រម​ទាំង​បាន​ដឹក​ពួក​គេ​ទៅ​ទម្លាក់​នៅ​ស្រុក​កាឡាម៉ាតា​ប្រទេស​ក្រិក។ សាក្សី​ឲ្យ​ដឹង​ថា​ពី​ដំបូង​ឡើយ ជនអន្តោប្រវេសន៍​ត្រូវ​បាន​ដឹក​តាម​ទូកតូច​ទៅ​ដាក់​ទូកធំ​នៅ​កណ្តាល​សមុទ្រ តែ​ទូក​ធំ​នោះ​បាន​បាត់​លំនឹង​ផ្អៀង​លិច​នៅ​ពេល​ដែល​មាន​មនុស្ស​បាន​នាំ​គ្នា​សម្រុក​ឆ្លង​ចូល​ទូក​ធំ​ក្នុង​ពេល​ដំណាល​គ្នា។
 
យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ គឺ​ទើប​មាន​តែ​រដ្ឋអំណាច​ក្នុង​ប្រទេស​សូម៉ាលី​មួយ​គត់​ដែល​បាន​បញ្ជាក់​ព័ត៌មាន​លិច​ទូក​នេះ​ដោយ​សំអាង​លើ​សាក្សី​របស់​គ្រួសារ​ជនរងគ្រោះ។ រីឯ​តំណាង​ឧត្តម​ក្រុមប្រឹក្សា​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ក្រិក​បាន​ទទួល​យក​ព័ត៌មាន​យ៉ាង​ប្រយ័ត្នប្រយែង​ដោយ​រងចាំ​លទ្ធផល​ស៊ើបអង្កេត​បន្ថែម៕